អង្គរថាយហ្គឺរ​ជិះឡានក្រុងទៅ​យក​បី​ពិន្ទុពី​ក្រុមម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀងទាល់​តែ​បាន

ក្រុមអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល​២០២១ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១។

ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy បានទាត់បញ្ចូលទីនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ បន្ទាប់ពីការបញ្ជូនដោយ សុខ សំណាង ក្នុងនាទីទី៥។ នាំមុខ​មិន​ទាន់​បានក្តៅ​ដៃផង ៥នាទីក្រោយមក អង្គរថាយហ្គឺរតាមស្មើវិញ ពេលខ្សែបម្រើ ឡុង ម៉េងហាវ លើកបាល់ជ្រុង ហើយខ្សែការពារ តាំង ពិសី លោតទាត់យ៉ាងអស្ចារ្យផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។ លទ្ធផល១​ទល់១​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតវគ្គ​ទី​មួយ។

Photo_2021 07 06_20 17 57

ចូលដល់វគ្គទី២ ក្រុមទាំង២មានឱកាសល្អៗដូចគ្នា។ ប៉ុន្តែការទាត់បញ្ចូលទីពី ឡុង ម៉េងហាវ ក្នុងនាទី៧០ ធ្វើឲ្យអង្គរថាយហ្គឺរ នាំមុខ១ទល់នឹង២ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់៩០នាទី។

គិតមកទល់នេះ អង្គរថាយហ្គឺរនៅតែមិនទាន់ចាញ់ពីការប្រកួត៦លើក ដោយឈ្នះ៥ និងស្មើ១ មាន១៦ពិន្ទុ បន្តឈរកំពូលតារាង។នេះជាបរាជ័យលើកទី២សម្រាប់ក្រុមលោក Conor Nestor គិតចាប់ពីការចាញ់វិសាខា កាលខែឧសភា និងជាបរាជ័យលើកទី១ក្នុងផ្ទះខ្លួនឯងនៅ MCL រដូវកាល២០២១។

ការប្រកួតនៅថ្ងៃពុធ ទី០៧ ខែកក្កដា មាន២គូ គឺអាស៊ីអឺរ៉ុបយូណាយធីតទទួលបឹងកេត នៅ AEU Sports Park និងនគរបាលជាតិជួបជាមួយណាហ្គាវើលដ៍ លើទីលាន 7NG។ ជំនួប២គូនេះធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN