ជើង​ខ្លាំង​លេខ​១​កម្ពុជា ចាន់ រតនា ជឿជាក់​ថា អាចយកឈ្នះ Eko Roni បាន

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា  រីក​រាយ​​ទទួល​ការ​ប្រកាស​ចង់​ជួប​របស់​កីឡាករ​ឥណ្ឌូណេស៊ី  “Dynamite” Eko Roni Saputra កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​រូប​គេ​ជឿ​ជាក់​ថា អាច​យកឈ្នះ​តារា​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​នេះ​បាន។

Chan Rothana DC 3359

ចាន់ រតនា អាយុ​៣៥​ឆ្នាំ​បាន​និយាយ​ថា ៖«ខ្ញុំ​រីករាយ​ក្នុង​ការ​ជួប​ Eko Roni»។

«ខ្ញុំ​គិត​ថា គាត់​ចង់​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។ គាត់​មាន​សមត្ថភាព​មិន​ចាញ់ Rudy Agustian និង Abro Fernandes ឡើយ។ តែ​សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​ត្រូវ​តែ​រក្សា​កំណត់​ត្រា​ជ័យជម្នះ​របស់​ខ្ញុំ​ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី​ឲ្យ​បាន»។

https://youtu.be/YAeqI81Rlf4

ជា​ការ​ពិត​ណាស់ អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា បាន​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​២​នាក់​មក​គឺ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS តារាទូត​សុច្ឆន្ទៈ​របស់​ Cellcard បាន​ផ្តួល Abro “The Black Komodo” Fernandes ក្នុង​ទឹក​ទី​២ និងបន្ត​ផ្តួល Rudy “The Golden Boy” Agustian ក្នុង​ទឹក​ទី​២​ទៀត​នៅ ONE: FOR HONOR ឆ្នាំ​២០១៩។

ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ខាង​លើ​ទាំង​ពីរ​ពិត​ជា​ពិបាក​ខ្លាំង​សម្រាប់​​ ចាន់ រតនា ដោយ​សារ​អ្នក​ទាំង​ពីរ​ខ្លាំង​ក្បាច់​គុន​ចម្រុះ​ដូច​គ្នា។ យ៉ាង​ណា រូប​គេ​​ទប់​ទល់​បាន ហើយ​ប្រើ​ជំនាញ​គុន​ខ្មែរ​ដើម្បី​បញ្ចប់​ដៃ​គូ។ ដូច្នេះ​ Saputra ក៏​ល្អ​ជំនាញ​ក្រោម​ដែរ។

Chan Rothana DC 3359

រចនា បានទទួល​ស្គាល់​ថា ៖«គាត់​ល្អ​ជំនាញ​ក្រោម។ នៅ​ពេល​ខ្ញុំ​មើល​វីដេអូ​គាត់ ខ្ញុំឃើញ​ថា ជំនាញ​ក្រោម​របស់​គាត់​ល្អ​ជាង​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជំនាញ​ក្រោម​របស់​គាត់»។

«ប៉ុន្តែ​ផ្អែក​តាម​បទ​ពិសោធ​ ខ្ញុំ​តែង​តែ​ឈ្នះ​ដៃ​គូ​ដែល​ល្អ​ជំនាញ​ក្រោម។ ដូច្នេះ​លើក​នេះ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អាចតស៊ូ​បាន»។

ចាប់​តាំង​ពី​ប្រឡូក​ចូល​គុន​ចម្រុះ​មក ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Saputra បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​លេង​គុន​ចម្រុះ​កម្រិត​ពិភព​លោក​ម្នាក់ ហើយ​ជំនាញ​វ៉ៃ​ឈរ​ក៏​មិន​ធម្មតា​ដែរ​ ពី​ព្រោះ​រូប​គេ​ក៏​កំពុង​ហ្វឹក​ហាត់​មួយ​ថៃ​នៅ​ក្លឹប Evolve MMA ប្រទេស​សិង្ហបុរី។

តារា​ប្រដាល់​តំណាង​ផ្សព្វផ្សាយ​ឲ្យ Cellcard បាន​និយាយ​ថា ៖«បើ​និយាយ​ពី​ជំនាញ​វ៉ៃ​ឈរ ខ្ញុំ​មិន​អាច​មើល​ស្រាល​គាត់​បាន​ទេ ពី​ព្រោះ​ខ្ញុំ​មិន​ទាន់​សិក្សា​ពី​គាត់​ច្បាស់​នៅ​ឡើយ»។

Chan Rothana DC 3575

«ខ្ញុំ​អាច​និយាយ​បាន​ថា គាត់​ល្អ​ជំនាញ​ក្រោម ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​គឺ​កម្លាំង​ស៊ុហ្វ​របស់​ខ្ញុំ និង​ក្បាច់​ការពារ​ចាប់​បោក​​របស់​គាត់។ នៅ​ពេល​ខ្ញុំ​អាច​ទប់​ទល់​ជំនាញ​ក្រោម​របស់​គាត់​បាន នោះ​ជា​ឱកាស​ខ្ញុំ​ប្រើ​ជំនាញគុន​ខ្មែរ​វ៉ៃ​បក​ហើយ»។

តាម​ការ​ផ្តោត​លើ​គន្លឹះ​សំខាន់​ៗ​បន្ថែម​ទៀត ចាន់ រតនា ជឿ​ជាក់​ថា រូប​គេ​អាច​យក​ឈ្នះ​តារា​ប្រដាល់​ឥណ្ឌូណេស៊ី​ទី​៣បាន ហើយ​ប្រហែល​ជាចប់​ពាក់​កណ្តាល​ទី។រតនា និយាយ​ថា ៖«ខ្ញុំ​អាច​យក​ឈ្នះ​ Eko បាន តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា ឈ្នះ​ដោយ​ពិន្ទុ ឬ​សន្លប់។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា យើង​ទាំង​ពីរចប់​ទឹក​ពេញ​ទេ»។

តាម​ពិត​ទៅ ចាន់ រតនា មិន​មែន​ជា​កីឡាករ​ម្នាក់​ដែល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ជួប​ទេ។ Saputra ក៏​បាន​ប្រកាស​ជួប​កីឡាករ  “Saint Lion” Mangatដែរ។ទាំង​ ចាន់ រតនា និង Mangat សុទ្ធ​តែ​ជើង​ខ្លាំង​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​អ្នក​ទាំងពីរឡើង​សង្វៀន​ជួប Saputra ប៉ុន្តែ ចាន់ រតនា សង្ឃឹម​ខ្ពស់​បាន​ជួប Saputra៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN