សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ!

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ - បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ជាមួយនឹងឱកាសឈ្នះ ប្រាក់រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

SmartStart Cycle 4   5

ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីរួមមាន៖

● Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយ ពាណិជ្ជកម្ម តំណត់រយៈពេល និងកំណត់ពេលវេលានៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។

● FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជាដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្មក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុងគោលបំណង តាមដានគុណភាពនិងបរិមាណទឹកនៅក្នុងប្រព័ន្ធ biofloc ដើម្បីធានាឱ្យបាននូវផលចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។

● iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។

● KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែងលេងកីឡាជាមួយមិត្តរួមក្រុម ក្រុមជាគូប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែលអាចរកបានដោយផ្អែកលើប្រភេទកីឡា។

● Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។

ឃិន ភក្ដី ដែលជាសមាជិកក្រុម FlexFloc បាននិយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយបានជួបមនុស្សផ្សេងៗជាច្រើនទៀតផងដែរក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការទទួលបានដំណឹងអំពីការឆ្លងទៅវគ្គបន្ទាប់របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បីប្រែក្លាយគោលដៅនិងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»

SmartStart Cycle 4   5

Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះសុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យកផ្នត់គំនិតរបស់ពួកគេឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗដែលអាចវិនិយោគបាន។ នេះនឹងក្លាយជាដំណាក់កាលចុងក្រោយដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលចុងឆ្នាំខាងមុខនេះ ហើយយើងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។»

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch» ដែលមានអ្នកចូលរួមចំនួន ១២០ នាក់ បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខរគណៈកម្មការវិនិច្ឆ័យជំនាញ។

ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែលមានគំនិតល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែលសហគ្រិនឌីជីថលវ័យក្មេងស្វែងយល់យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែលបច្ចេកវិទ្យានេះនឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងភាពជាសហគ្រិន។

បន្ទាប់មកក្រុមទាំង ២៥ បានស្វែងរកបញ្ហាប្រឈមក្នុងជីវិតពិត ដែលពួកគេបានស្វែងរកដំណោះស្រាយនានា ដែលអាចធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things)។ ដំណាក់កាលនេះ ក្រុមទាំង ២៥ ត្រូវបានជម្រុះសល់ត្រឹម ១៥ ក្រុម ដែលស្វែងរកដំណោះស្រាយល្អបំផុតចំពោះបញ្ហាប្រឈម ដែលត្រូវបានដាក់សាកល្បង។

ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge» ដែលមានរយៈពេលចំនួន ៦ថ្ងៃ អំឡុងពេល៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ពួកគេនិងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។

គណៈកម្មការវិនិច្ឆ័យរួមមាន លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលនៃក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រងនៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយកគ្រប់គ្រងនៃ IT Academy STEP Cambodia លោក David Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partners និងលោក Buntha Ly ប្រធានផ្នែកបច្ចេកវិទ្យានៃ Morakot Technology។

SmartStart Cycle 4   6

SmartStart Cycle 4   1

SmartStart Cycle 4   2

អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រង Impact Hub Phnom Penh បានឲ្យដឹងថា៖ «នេះគឺជាឆ្នាំដ៏ជោគជ័យមួយផ្សេងទៀត ដោយកម្មវិធី SmartStart អាចបន្តរីកចម្រើន និងបង្ហាញឲ្យឃើញថាកម្ពុជា សម្បូរដោយយុវជន និងគំនិតប្រកបដោយភាពឆ្នៃប្រឌិត។ កម្មវិធី វគ្គបណ្ដុះបណ្ដាលរយៈពេល ៦ ខែ មិនមែនជាកម្មវិធីប្រកួតប្រជែងនោះទេប៉ុន្តែជាឱកាសសម្រាប់ក្រុមទាំង ៥ ដើម្បីពង្រីកនិងអភិវឌ្ឍន៍សមត្ថភាព ដែលអាចនឹងជោគជ័យរបស់ពួកគេ។»

ក្រុមដែលឈ្នះទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល៣ ខែ រួមទាំងប្រាក់ខែ នៅក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ព្រមទាំងការណែនាំ និងការបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh។

ក្រុមជ័យលាភីដែលនឹងត្រូវបានជ្រើសរើសនៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខែធ្នូ ដោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ចំនួន ១០,០០០ដុល្លារ ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធន៍សិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ របស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក “Smart for Cambodia” តាមរយៈគេហទំព័រ www.facebook.com/smartforcambodia ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

-ចប់-

ក្រុមហ៊ុន Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អីុមែ៉ល៖ [email protected]