ដប​ទឹក​រក្សា​កម្តៅ ពេញ​និយម​នៅ​រដូវ​រងា តែ​ហាម​ផ្តាច់​កុំ​ដាក់​ភេសជ្ជៈ ៣ នេះ​ចូល

ខែ​ធ្លាក់​ខ្យល់ រដូវ​រងា ចាប់​ផ្តើម​ចូល​មក​ដល់​បណ្តើរៗ​ហើយ​ ដោយ​បងប្អូន​យើង​ជា​ច្រើន​មក​ដល់​ពេលវេលា​នេះ គឺ​រមែង​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ជា​ជាង​ការ​ទទួល​ទាន​ទឹក​ត្រជាក់ ​មិន​ថា​តែ​ភេសជ្ជៈ​ប្រភេទ​ណា​ក្តី។

យ៉ាង​ណា​អ្នក​ខ្លះ​ទៅ​ក៏​ជ្រើសរើស​ការ​ប្រើប្រាស់​ដប​ទឹក​រក្សា​សីតុណ្ហភាព ដើម្បី​រក្សា​ទុក​ភេសជ្ជៈ​ទាំង​នោះ​ឲ្យ​នៅ​មាន​សីតុណ្ហភាព​ក្តៅ​បាន​យូរ។

ប៉ុន្តែ​វា​មិន​សុទ្ធ​តែ​គ្រប់​ភេសជ្ជៈ​ទាំង​អស់​អាច​យក​មក​ប្រើប្រាស់​បាន​ទេ ព្រោះ​ដប​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​គឺ​ផលិត​ចេញ​ពី​ដែក​អ៊ីណុក ដែល​នៅ​ពេល​ទុក​យូរ​ជាមួយ​ភេសជ្ជៈ​ទាំង ៣ ខាង​ក្រោម គឺ​អាច​ប្រតិកម្ម​រលាយ​ជា​ជាតិ​ពុល​ចូល​មក​កាន់​រាងកាយ​បាន​៖

៣) ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ

Earl Grey Tea 77611 2

ដូច​ជា​ទឹក​ក្រូច​ឆ្មា និង​ទឹក​ក្រូច​ជា​ដើម គឺ​អ្នក​មិន​រក្សា​វា​ទុក​ក្នុង​ដប​ទឹក​ប្រភេទ​នេះ​ទេ ដោយសារ​ភេសជ្ជៈ​ទាំង​នោះ​មាន​កម្រិត​ជាតិ​អាស៊ីដ​ខ្ពស់ ដែល​វា​ជំរុញ​ដល់​ការ​បញ្ចេញ​លោហធាតុ​មិន​ល្អ បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​រាងកាយ។

២) ទឹក​ដោះ​គោ

Su Dung Binh Giu Nhiet Dung Cach_qcnq

ស្តាប់​ទៅ​ចម្លែក ហេតុអ្វី​គ្រាន់​តែ​ទឹកដោះ​គោ​ក៏​រក្សា​ទុក​មិន​បាន? មិន​ថា​តែ​ទឹក​ដោះ​គោ​ក្តៅ​ត្រជាក់ គឺ​វា​ងាយ​នឹង​ខូច ហើយ​បង្ក​ទៅ​ជា​ជាតិ microorganisms អាច​បណ្តាល​ឲ្យ​អ្នក​ដែល​ទទួល​ទាន ឈឺ​ក្រពះ ឬ​រាគ។ លើស​ពី​នេះ ជាមួយ​ទឹក​ដោះ​គោ ការ​រក្សា​ទុក​នៅ​សីតុណ្ហភាព​ខ្ពស់​យូរ​ពេក វា​អាច​បំផ្លាញ​ទាំង​ស្រុង​នូវ​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​នោះ។

១) ឱសថ​បុរាណ​ចិន

Ice_screenshot_20211105 121305

ឱសថ​បុរាណ​ចិន​មួយ​ចំនួន ចាំ​បាច់​ត្រូវ​តែ​រក្សា​ទុក​នៅ​សីតុណ្ហភាព​ក្តៅ​ជា​ចាំ​បាច់ តែ​ទោះ​ជា​យ៉ាង​ណា​ការ​រក្សា​វា​ទុក​ក្នុង​ដប​ទឹក​ប្រភេទ​អ៊ីណុក រក្សា​កម្តៅ​នេះ គឺ​មិន​ល្អ​ឡើយ។

ដោយសារ​ឱសថ​ចិន​ភាគ​ច្រើន មាន​ជាតិ​ជូរ អាស៊ីដ ហើយ​ពេល​មាន​ប្រតិកម្ម​រវាង​ថ្នាំ​នោះ និង​សមាសធាតុ​លោហៈ​នៅ​ខាង​ក្នុង​ដប គឺ​ងាយ​នឹង​បង្ក​ទៅ​ជា​ជាតិ​ពុល ដែល​អាច​ប៉ះពាល់​ដល់​សរីរាង្គ​រាងកាយ​របស់​អ្នក​ប្រើប្រាស់ ជា​ពិសេស​គឺ​ប្រភេទ​ដប​ដែល​មាន​គុណភាព​អន់​តែ​ម្តង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក