ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា

ជនជាតិជប៉ុន ជាជនជាតិមួយនៅក្នុងតំបន់អាសុី ដែលត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ថា ជាអម្បូរមនុស្សដែលរស់នៅពោរពេញដោយភាពថ្លៃថ្នូរ សុជីវធម៌ និងមានអាយុវែងជាងជនជាតិដទៃផ្សេងទៀត។ យ៉ាងណាមិញក្រៅតែពីរឿងរ៉ាវទាំងអស់នេះ ជនជាតិជប៉ុនដែលជានារីៗក៏មានការយល់ឃើញមួយចំនួនខុសប្លែកពីនារីដទៃ ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ផងដែរ។ ដូច្នេះខាងក្រោមគឺជាទស្សនៈសំខាន់ៗមួយចំនួន ដែលនារីជប៉ុនគិតក្នុងពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុស៖

១/ ការរស់នៅជាមួយដៃគូ មុនពេលរៀបការជារឿងធម្មតា

ភាគច្រើននៃសម្ព័ន្ធស្នេហារបស់ជនជាតិជប៉ុន គឺនិយមរួមរស់នៅជាមួយគ្នាមុនពេលរៀបការជាផ្លូវការ ហើយប្រសិនបើអំឡុងពេលរស់នៅជាមួយគ្នា អ្នកទាំងពីរស្រាប់តែ មើលឃើញថាពួកគេម្នាក់ៗមិនអាចរួមរស់នៅជាមួយគ្នាបន្តទៀតបាននោះពួកគេនឹងសម្រេចចិត្តចែកផ្លូវគ្នា។ ដោយហេតុថានារីជប៉ុនភាគច្រើនឲ្យតម្លៃទៅលើការរៀបការខ្លាំងជាងការរក្សានូវព្រាហ្មចារីរបស់ខ្លួនទុក។ ហើយការរៀបការជាមួយនរណាម្នាក់ពិតជាការសម្រេចចិត្តដ៏ធំរបស់ពួកគេក្នុងមួយឆាកជីវិត។

២/ ការរៀបការ គឺជាបន្ទុកច្រើនជាងការសប្បាយរីករាយ

មួយផ្នែកធំនៃការគិតរបស់មនុស្សស្រីជប៉ុនជាទូទៅ គឺការរៀបការជាបន្ទុកសម្រាប់ពួកគេច្រើនជាងការសប្បាយរីករាយ ព្រោះថាក្រោយពេលរៀបការរួចពួកគេត្រូវការបង្កើតកូន និងមើលថែទាំក្រុមគ្រួសារទាំងសងខាង។ ក្នុងនោះផងដែរបន្ទាប់ពីរៀបការហើយពួកគេក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងពេលនៅលីវម្នាក់ឯងទៅទៀត។ ដូច្នេះបានជានារីជប៉ុនភាគច្រើនមិនងាយសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ងាយៗនោះឡើយ។

Japanese Wedding Ceremony

៣/ សុខភាពផ្ទាល់ខ្លួន

ក្រៅតែពីខ្វល់ខ្វាយនូវទុក្ខលំបាកជាច្រើនក្រោយពេលរៀបការហើយ នារីជប៉ុនក៏ជាប្រភេទនារីដែលតែងតែគិតគូរពីសុខភាពព្រមទាំងរូបរាងរបស់ខ្លួនជារឿងសំខាន់ផងដែរ។ ហេតុដូច្នេះការរៀបការ និងបង្កើតកូនបានក្លាយទៅជាកត្តាដ៏ចម្បងដែលមនុស្សស្រីជប៉ុនត្រូវធ្វើការគិតពិចារណាឲ្យបានច្បាស់លាស់បំផុត ព្រោះប្រសិនបើអ្នកបានសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ហើយ នោះវាក៏មានន័យថាអ្នកនឹងមានទំនួសខុសត្រូវក្នុងពរពោះកូន។ ទន្ទឹមនឹងនេះដែរសុខភាព និងរូបរាងរបស់អ្នកបន្ទាប់ពីសម្រាលកូនរួចក៏មិនអាចមានភាពស្រស់ស្អាតដូចពីមុនដែរ។ ទាំងអស់នេះដែលជាហេតុធ្វើឲ្យនារីជប៉ុនកម្រនឹងសម្រេចចិត្តរៀបការជាមួយបុរសម្នាក់យ៉ាងឆាប់រហ័សណាស់។

Japan Friendship 422247 1280 1467104642

៤/ បញ្ហាហរិញ្ញវត្ថុ

ប្រទេសជប៉ុនជាប្រទេសជឿនលឿន និងសម្បូរទៅដោយរបស់របរប្រើប្រាស់ថ្លៃៗយ៉ាងច្រើនមិនថាសម្ភារៈ កន្លែងរស់នៅ ថ្លៃទឹក ភ្លើង និងសាលារៀនជាដើម។ ក្នុងនោះផងដែរចំណុចមួយខាងលើក៏ជាកត្តាចោទមួយដែលធ្វើឲ្យនារីជប៉ុនមានការស្ទាក់ស្ទើរចិត្តក្នុងការរៀបការ ពោលគឺរាល់ការចំណាយនឹងត្រូវមានការកើនឡើងជាងការដែលរស់នៅម្នាក់ឯង។

ជារួមមកវិញ ៤ចំណុចសំខាន់ៗខាងលើគឺជាផ្នត់គំនិតរបស់នារីជប៉ុន ដែលបានធ្វើការពិចារណាយ៉ាងសុីជម្រៅមុនពេលសម្រេចចិត្តរៀបការជាមួយនឹងបុរសណាម្នាក់ជាដៃគូជីវិតរបស់ខ្លួន។ វាក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញថាការរៀបការមានសារៈសំខាន់ច្រើនជាងការរួមរស់នៅជាមួយគ្នាមួយៗពេល៕

ប្រភព: Asiandating / livejapan

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)