ចំណោមរោគសញ្ញា ៥ បើអ្នកមានសូម្បី ១ ទៅជួបពេទ្យភ្លាម ចៀសវាងជំងឺមហារីកសួតធ្ងន់ធ្ងរ

មហារីកសួតជារឿយៗបណ្តាលមកពីការជក់បារី ដែលអាចការពារបានទាំងស្រុង។ ប៉ុន្តែមនុស្សភាគច្រើនដែលមានជំងឺមហារីកសួត គឺមិនបានដឹងពីជំងឺរបស់ពួកគេទេរហូតដល់យឺតពេល។ ដូច្នេះ​ហើយអ្នក​ត្រូវ​ដឹង​ពី​សញ្ញា​ដំបូង​នៃ​ជំងឺ ដូចខាងក្រោម ដើម្បី​ពិនិត្យនិង​ព្យាបាល​ទាន់​ពេល ។

ក្អកជាប់រហូតមិនបាត់៖ ការក្គកជាប់រហូតអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ការជក់បារី រលាកងសួត ជំងឺហឺត និងមហារីកសួត។ ប្រសិនបើអ្នកមានការក្អកដែលមានរយៈពេលលើសពី ៣ សប្តាហ៍ ជាការល្អបំផុតគួរតែទៅជួបគ្រូពេទ្យជាប្រញាប់។

ក្អកមានឈាមឬស្លេស៖ ការក្អកមានឈាម ឬស្លេសអាចបណ្តាលមកពីជំងឺរលាកទងសួត ជំងឺហឺត រលាកសួត របេង និងមហារីកសួត ជាដើម។ ម្យ៉ាងទៀត ក្នុងករណី​ដែល​អ្នក​ក្អក​មាន​កំហាក​ច្រើន មាន​កំហាក​លាយ​ជាមួយ​ឈាម ឬ​ក្អក​មាន​ឈាម ក៏ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

ដង្ហើមខ្លី ឬពិបាកដកដង្ហើម៖ ការ​អង្គុយ​ក្នុង​បរិយាកាស​ដែល​មាន​ខ្យល់​អាកាស ឬ​គ្រាន់តែ​ធ្វើ​អ្វី​ដែល​នឿយហត់​ពេក​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​ខ្លី​បាន​ដែរ។ មិនតែប៉ុណ្ណោះ ការមានដង្ហើមខ្លី អាចបណ្តាលមកពីជំងឺជាច្រើន ជាពិសេស​ជំងឺ​សួត​​ ជំងឺស្ទះសួតរ៉ាំរ៉ៃ រលាកទងសួត ស្ទះសួត ហឺត និងរលាកសួត។ ចំណែក មហារីកសួតក៏ជាជំងឺដែលអាចធ្វើអោយពិបាកដកដង្ហើមផងដែរ។

បើនិយាយចំពោះ លក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនបង្ហាញថា ការដកដង្ហើមខ្លីៗអាចបណ្ដាលមកពីជំងឺសំខាន់ៗដូចជា ជំងឺខ្សោយបេះដូង កំណកឈាម ភាពស្លេកស្លាំង។

ឈឺ​ទ្រូង៖ ជំងឺ​ជា​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​ឈឺ​ទ្រូង ​មានដូច​ជា ជំងឺ​បេះដូង ជំងឺ​សួត និង​ការ​ឆ្លង​មេរោគ ហើយរោគ​សញ្ញា​នេះ​ក៏​អាច​ជា​ផល​រំខាន​នៃ​ថ្នាំ ឬ​ការ​ព្យាបាល​ផ្សេង​ទៀត​ ដែលមានប្រហែល ១០% នៃអ្នកជំងឺមហារីកសួតមានការឈឺទ្រូង។

ការឈឺទ្រូងអាចប្រែប្រួលតាមលក្ខណៈ ពីការឈឺចាប់ស្រាលទៅការឈឺចាប់ស្រួចស្រាវ រោគសញ្ញាដែលភ្ជាប់មកជាមួយអាចរួមមាន ពិបាកដកដង្ហើម បែកញើស និងចង្អោរ។

ការសម្រកទម្ងន់ដោយគ្មានហេតុផល៖ ការសម្រកទម្ងន់ដោយគ្មានរបបអាហារ ឬហាត់ប្រាណ ក៏អាចជាសញ្ញានៃជំងឺមហារីក ជាពិសេសមហារីកសួតគឺជាមូលហេតុទូទៅបំផុតនៃការសម្រកទម្ងន់ចំពោះអ្នកដែលមានជំងឺនេះ។ មូលហេតុខ្លះទៀតអាចបណ្តាលមកពីការឆ្លងមេរោគ ការបរិភោគអាហារ និងថ្នាំ។ ហេតុនេះ នៅពេលដែលអ្នកស្រកទម្ងន់ដោយគ្មានហេតុផលច្បាស់លាស់ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីកំណត់ពីមូលហេតុ។

ប្រភព៖ បរទេស