លុយ និងស្នេហា មួយណាសំខាន់ជាង?

មនុស្សមួយចំនួនតែងតែនិយាយថា លុយ មិនអាចទិញសុភមង្គលបានទេ ដូច្នេះហើយ ហេតុអ្វី ត្រូវទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់ ដើម្បីតែទ្រព្យសម្បត្តិនោះ? ប៉ុន្តែអ្នកមានគិតខ្លះទេថា មានមនុស្សជាច្រើនរៀបការ មានគ្រួសារហើយ តែហេតុអ្វីក៏ជីវិតគូគ្មានក្ដីសុខ សុភមង្គល អាចឈានដល់ការបែកបាក់គ្នា ព្រោះតែជីវភាព ព្រោះតែគ្មានលុយកាក់ ទ្រព្យសម្បត្តិ។

ដូច្នេះហើយ យើងអាចនិយាយបានថា "ស្នេហាក៏សំខាន់ លុយក៏សំខាន់" ទាំងពីរយ៉ាងនេះ គឺត្រូវតែដើរទន្ទឹមគ្នា បើគ្មានលុយ ក៏គ្មានអ្នកណាស្រឡាញ់អ្នកដែរ ទោះគេព្រម តែយើងក៏មិនព្រម ព្រោះយើងគ្មានអ្វី ដែលអាចផ្ដល់សេចក្ដីសុខ ស្រណុកស្រួលដល់ដៃគូ។ តែបើមានលុយ បែរជាគ្មានស្នេហា ជីវិតនេះ ក៏គ្មានក្ដីសុខ ឬសុភមង្គល គ្មានភាពកក់ក្ដៅនោះឡើយ ព្រោះមនុស្សដែលមានលុយ តែបែរជាគ្មានស្នេហា គ្មានដៃគូជីវិត វាក៏ក្លាយជាជនបរាជ័យមួយហើយ។

3c20ff0f7c08987c26c647ee1ab41e1f

អ្នកអាចសាកស្រមៃថា អ្នករៀបការជាមួយមនុស្សដែលអ្នកស្រឡាញ់ខ្លាំងនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកទាំងពីរគ្មានអ្វីសោះ សូម្បីតែអាជីពជាក់លាក់ក៏គ្មានដែរ។ អ្នកត្រូវទិញឡាន ទិញផ្ទះ ហើយក្នុងពេលតែមួយ អ្នកក៏បានព្យាយាមអស់ពីសមត្ថភាពដើម្បីចៀសវាងភាពអត់ឃ្លាន។ តើវាអាចជាជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយដែរឬទេ? ការរស់នៅជាមួយគ្នា ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏អាចមានជម្លោះជាមួយគ្នាដែរ ព្រោះតែគ្មានអីស៊ីចុកគ្រប់គ្រាន់ គ្មានអ្វីដែលជាទ្រព្យសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចក្នុងគ្រួសារ។

គ្មានអ្នកណាចង់ក្រឡើយ ហើយក៏គ្មានអ្នកណាចង់រៀបការ និងរស់នៅក្នុងជីវិតដែលលំបាកនោះដែរ។ យើងទាំងអស់គ្នាចង់បានអ្វីដែលល្អបំផុតសម្រាប់ជីវិតយើងម្នាក់ៗ។ វាក៏ល្មមហើយ ឈប់បន្ទោសនរណាម្នាក់ ប្រសិនបើឃើញពួកគេរៀបការជាមួយនឹងមនុស្សដែលចាស់ជាងពួកគេច្រើន តែព្រោះតែគេមានលុយ មានទ្រព្យ ព្រោះថា ប្រសិនបើជាអ្នក អ្នកក៏អាចនឹងជ្រើសរើសផ្លូវមួយនេះ ដូចពួកគេក៏ថាបានដែរ។

Acfe00dc900da277524498779d082415

និយាយបែបនេះ មិនមែនមានន័យថា អ្នកត្រូវតែបោះបង់ដៃគូ ឬមនុស្សដែលអ្នកស្រឡាញ់ ព្រោះតែគេក្រ គ្មានទ្រព្យ គ្មានលុយផ្គាប់ផ្គន់ ឬទំនុកបម្រុអ្នកនោះឡើយ។ តែចង់ប្រាប់ថា កុំមើលស្រាលលើអំណាចទឹកលុយ។ អ្នកត្រូវដឹងថា លុយមិនអាចទិញស្នេហាស្មោះស្ម័គ្រ លុយមិនអាចទិញសុភមង្គលបានពិតមែន តែលុយ វាអាចបំផ្លាញអ្វីៗគ្រប់យ៉ាងបានយ៉ាងងាយ ប្រសិនបើអ្នកក្រ ប្រសិនបើអ្នកគ្មានលុយដូចគេ។

តែចង់ប្រាប់អ្នកថា កុំខឹង កុំស្អប់អ្នកដែលមានលុយ កុំបន្ទោសថាលុយបំផ្លាញស្នេហារបស់អ្នក អ្វីដែលអ្នកត្រូវចងចាំឱ្យច្បាស់ នោះគឺអ្នកត្រូវតែខំប្រឹងធ្វើការ ខំប្រឹងរកលុយ ឱ្យមានបាន សល់ទ្រព្យនឹងគេ។ ប្រសិនបើអ្នកចង់បានអនាគតរួមគ្នា ចង់រស់នៅជាមួយមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដមែន សូមកំណត់គោលដៅនៅក្នុងជីវិតរបស់អ្នក ហើយខិតខំជាមួយគ្នា ដើម្បីឱ្យជីវិតអ្នកទាំងពីរអាចរស់នៅដោយសេចក្តីស្រឡាញ់ និងសុភមង្គល ព្រមជាមួយនឹងលុយកាក់ ទ្រព្យសម្បត្តិ មិនភ័យខ្លាចភាពខ្វះខាត ក្រលំបាកនោះឡើយ៕

អត្ថបទ ៖ ​pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN