មនុស្សម្នាក់ នឹងចាប់ផ្ដើមប្រែប្រួលចិត្តគំនិត និងអត្តចរិតខ្លាំង នៅពេលដែលគេជួបរឿងទាំងនេះ

អ្នកណាថា អត្តចរិត និងចិត្តគំនិតពីធម្មជាតិរបស់មនុស្សម្នាក់ៗពិបាកកែនោះ តាមពិតទៅ គ្មានអ្វីដែលថាមិនអាចកែប្រែ ឬផ្លាស់ប្ដូរបាននោះឡើយ សំខាន់ ឱ្យតែមនុស្សយើងព្រមចាប់ផ្ដើម និងកែប្រែ គ្មានពាក្យថាយឺតពេល ឬហួសពេលនោះឡើយ។

យ៉ាងណាមិញ មានរឿងពីរយ៉ាង ដែលធ្វើឱ្យមនុស្សយើង ចាប់ផ្ដើមប្រែប្រួល ផ្លាស់ប្ដូរទាំងចិត្តគំនិត អត្តចរិត រួមទាំងទម្លាប់ និងសកម្មភាពប្រចាំថ្ងៃផងដែរ។ នៅពេលដែលមនុស្សយផងជួបរឿងទាំងពីរយ៉ាងនេះហើយ ច្បាស់ណាស់ថា ពួកគេនឹងចាប់ដើមកែប្រែខ្លួនឯងយ៉ាងឆាប់រហ័ស។

១》 ចាប់ផ្ដើមមានស្នេហា

B9f378fbd24bcc8e0bbdf22245854340

គេថា "ឥទ្ធិពលនៃស្នេហា គឺពិតជាអាចកែប្រែផ្លាស់ប្ដូរមនុស្សបានពិតមែន" យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់ ចាប់ផ្ដើមមានស្នេហាដំបូង ច្បាស់ជាមានអារម្មណ៍រីករាយបែបស្មានមិនត្រូវ ហើយពិភពលោកមួយនេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់គេ សូម្បីតែមានមនុស្សដែលធ្វើឱ្យគេទាស់ចិត្តយ៉ាងណា ក៏គេមិនខ្វល់ដែរ ព្រោះថា ក្នុងចិត្តគំនិត និងអារម្មណ៍របស់គេ ខ្វល់តែមនុស្សម្នាក់ប៉ុណ្ណោះ។

លើសពីនេះ នៅពេលដែលមនុស្សម្នាក់ ចាប់ផ្ដើមស្រឡាញ់នរណាម្នាក់ គេច្បាស់ជាមើលមិនឃើញពីចំណុចអវិជ្ជមាននោះឡើយ។ ម្យ៉ាងទៀត នៅពេលដែលស្នេហាចូលខ្លួន គេបានដាក់ទាំងចិត្ត ដាក់ទាំងបេះដូងឱ្យទៅមនុស្សម្នាក់នោះ ហើយក៏បានតាំងចិត្ត និងព្យាយាមគេប្រែខ្លួនរបស់គេ ដើម្បីតែមនុស្សដែលគេស្រឡាញ់ហ្នឹងឯង។

ស្នេហាដំបូង គឺពិតជាផ្អែមល្ហែមខ្លាំង ពោរពេញដោយក្ដីសុខ សុភមង្គល និងការយល់ចិត្ត នៅពេលដែលគេមានមនុស្សយល់ចិត្តហើយ គេច្បាស់លាស់នឹងមនុស្សម្នាក់នោះហើយ ប្រាកដណាស់ថាគេនឹងកែប្រែរាល់ទម្លាប់មិនល្អរបស់គេ ដើម្បីមនុស្សដែលគេស្រឡាញ់ គេនឹងកែប្រែរាល់គំនិតទុទិដ្ឋិនិយមរបស់គេ ដើម្បីមនុស្សម្នាក់នោះ។

អ្វីដែលសំខាន់ជាងនេះ គឺចាប់ផ្ដើមចេះគិតពីខ្លួនឯង មើលថែខ្លួនឯង ទាំងផ្លូវចិត្ត ផ្លូវកាយ និងសុខភាព ព្រោះមិនចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ត្រូវមកពិបាកចិត្ត និងបារម្ភចំពោះគេ។ គេក៏ចាប់ផ្ដើមគិតគូរពីការងារ គិតពីអនាគត ធ្វើយ៉ាងណា ត្រូវតែមានលុយ មានឡាន មានផ្ទះ ព្រោះមិនចង់ឱ្យពេលរៀបការហើយ ត្រូវរស់នៅលំបាក ខ្វះខាតនោះឡើយ នេះហើយឥទ្ធិពលនៃស្នេហា គឺពិតជាអាចកែប្រែមនុស្សពីអាក្រក់ មកល្អ ចេះគិតគូរ ខ្វាយខ្វល់ពីការងារ និងអនាគត ហើយក៏កែទៅជាមនុស្សដែលចាស់ចិត្តចាស់គំនិត ចិត្តធ្ងន់ ចេះអត់ធ្មត់ជាងមុនផងដែរ។

២》 ចាប់ផ្ដើមបែកបាក់ស្នេហា

44268b98bf98d57c49f486c7f10d5c30

ស្នេហាអាចជាថ្នាំប៉ូវ នៅពេលដែលយើងបានជួបស្នេហាដែលយើងប្រាថ្នាចង់បាន បានជួបមនុស្សដែលយើងស្រឡាញ់ពេញចិត្ត។ ប៉ុន្តែ នៅពេលដែលស្នេហាត្រូវបានបែកបាក់ ឬត្រូវគេក្បត់ចិត្ត ស្នេហាច្បាស់ជាក្លាយជាថ្នាំពុលមិនខាន។

មែនហើយ មនុស្សចាប់ផ្ដើមប្រែលប្រួល អាចព្រោះតែគេចាប់ផ្ដើមមានស្នេហា ប៉ុន្តែ មនុស្សក៏អាចនឹងចាប់ផ្ដើមផ្លាស់ប្ដូរបានដែរ នៅពេលដែលគេជួបស្នេហាបែកបាក់ មនុស្សនឹងចាប់ផ្ដើមប្រែប្រួល ផ្លាស់ប្ដូរអត្តចរិតទាំងស្រុង នៅពេលដែលគេជួបស្នេហាខកបំណង បរាជ័យក្នុងរឿងស្នេហា។

ការបែកបាក់ស្នេហា ការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ វាពិតជាធ្វើឱ្យមនុស្សយើងខកចិត្ត ខូចចិត្តយ៉ាងខ្លាំង មនុស្សខ្លះ ក៏បានបោះបង់គ្រប់យ៉ាងចោល សូម្បីតែខ្លួនឯងក៏លែងខ្វល់ដែរ ស្នេហា បានកែប្រែមនុស្សម្នាក់ ពីឆ្លាតទៅជាល្ងង់ ពីមនុស្សរឹងមាំ ទៅជាទន់ជ្រាយ ទាំងនេះ ក៏ព្រោះតែគេបានបណ្ដោយឱ្យស្នេហាមកគ្របដណ្ដប់ លើជីវិតរបស់គេទាំងស្រុងទៅហើយ។

ប៉ុន្តែ ក៏មានមនុស្សមួយចំនួន បានកែប្រែខ្លួនឯង ឱ្យកាន់តែប្រសើរឡើងវិញ នៅពេលដែលគេបែកបាក់ស្នេហា ព្រោះគេយល់ថា ការបាត់បង់មួយនេះ គ្មានអ្វីដែលគួរឱ្យស្ដាយនោះឡើយ មនុស្សដែលចាក់ចេញទៅវិញទេ ដែលគួរតែស្ដាយក្រោយនោះ។ ដូច្នេះ ការបែកបាក់ស្នេហាលើកនេះ នឹងធ្វើឱ្យគេក្លាយជាមនុស្សឆ្លាតជាងមុន រឹងមាំជាងមុន លែងល្ងង់ លែងទន់ជ្រាយទៀតហើយ អ្វីដែលសំខាន់ គេនឹងធ្វើឱ្យខ្លួនឯងកាន់តែល្អ កាន់តែស្អាត និងពូកែឱ្យកាន់តែខ្លាំង ដើម្បីធ្វើឱ្យមនុស្សដែលបោះបង់គេ ស្ដាយក្រោយ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN