សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន

មនុស្សដែលស្រលាញ់អ្នកអាចកំដរគ្នាដើរកាត់ព្យុះភ្លៀង និងភាពសប្បាយរីករាយបាន ហើយអាចកាន់ដៃគ្នា ការពារគ្នាគ្រប់ពេលមិនឃ្លាតទៅណាឡើយ។ បើគិតទៅ ស្នេហាដែលល្អបំផុត គឺនៅពេលទើបតែស្រលាញ់គ្នា ព្រោះស្នេហាដំបូងពោរពេញទៅដោយ ភាពកក់ក្តៅ ស្និទ្ធិស្នាល រ៉ូម៉ែទិក រំភើប ក្នុងទូរសព្ទមិនដែលបាត់សាររបស់គេឡើយ នេះគឺជាការចងចាំដ៏ល្អបំផុត។

តែស្រលាញ់គ្នាយូរៗទៅ បែរជាសោះកក្រោះ បាត់អារម្មណ៍កាលពីមុនអស់រលីង ដូច្នេះសូមផ្តាំទៅអ្នកទាំងអស់គ្នាថា បើស្នេហារបស់អ្នកដើរដល់សភាពបែបនេះ សូមឆាប់ៗពង្រឹងចំណងស្នេហារបស់អ្នកឡើងវិញទៅ។

342d47217bb258c0fbb86ee5c47040ad

១. គ្មានពាក្យអ្វីនិយាយគ្នា

មានពេលខ្លះ យើងមិនត្រឹមតែត្រូវការការកំដរតែរូបកាយនោះទេ តែយើងរឹតតែត្រូវការការយល់ចិត្តគ្នាទៀតផង។ បន្ទាប់ពីដំណាក់កាលស្នេហាដ៏ផ្អែមល្អែម ហើយឈានដល់ការរៀបការ ពាក់ព័ន្ធនឹងដំណើរជីវិតកាន់ដៃគ្នាឆ្លងកាត់រឿងជាច្រើន ទាំងនេះសុទ្ធតែមិនអាចឃ្លាតឆ្ងាយពីការជជែក និងពិភាក្សាគ្នាឡើយ យូរៗទៅវានឹងញុំាងឱ្យអ្នកទាំងពីរមិនអាចអត់ពីគ្នាបានឡើយ ពេលដែលមានបញ្ហាអ្វីត្រូវតែរកអ្នកម្ខាងទៀត ដើម្បីស្តាប់ពីមតិយោបល់ និងធ្វើការសម្រេចចិត្តរួមគ្នា។

បានជាស្រលាញ់គ្នាហើយ ប្រាកដជាមានពាក្យជាច្រើនចង់និយាយជាមួយគ្នា ទោះជាអ្នករកខ្ញុំ២៤ម៉ោង ក៏ខ្ញុំមិនបដិសេធដែរ ពេលដែលអ្នកត្រូវការខ្ញុំ ខ្ញុំប្រាកដជាចេញទៅជួបអ្នកភ្លាម ពេលដែលបំពេញកិច្ចការចប់នឹងផ្តល់ដំណឹងឱ្យអ្នកដឹងដើម្បីឱ្យអ្នកស្ងប់ចិត្ត មិនចាំអ្នកសួរនាំមុនឡើយ។

មនុស្សពីនាក់នៅជាមួយគ្នា ទោះជាស្រលាញ់គ្នាយូរប៉ុនណាក៏ដោយ ឱ្យតែមានរឿងអ្វីដែលយល់ថាគួរឱ្យចាប់អារម្មណ៍នឹងនិយាយប្រាប់គ្នា ចែករំលែកបទពិសោធន៍ដល់គ្នា ដើម្បីឱ្យអ្នកម្ខាងទៀតដឹងពីដំណើរដែលខ្លួនបានឆ្លងកាត់ និងការដោះស្រាយបញ្ហា។

តែបើធុញនឹងគ្នាហើយ ចេះតែចង់គេចមុខពីគ្នា លែងចង់ផ្សារភ្ជាប់ទំនាក់ទំនង ឬក៏ជជែកគ្នាអ្វីទៀតហើយនោះ នៅក្នុងពេលនេះ សូមអ្នកពិចារណាមើលថាតើគួរធ្វើដូចម្តេចដើម្បីពង្រឹងចំណងស្នេហ៍មួយនេះ ឬក៏បន្តឱ្យបែបនេះទៀត?

5ac5f21b8b4dcbfb90d81badca13fda7

២. សង្ស័យលិចកើត

ចំពោះមនុស្សដែលខ្លួនស្រលាញ់ ច្បាស់ជាចំណាយទាំងពេលវេលា និងកម្លាំងលុយកាក់ជាច្រើនផ្តល់ឱ្យគ្នា តែបើចេះតែកើតមានការសង្ស័យរវាងគ្នាហើយនោះ មានតែធ្វើឱ្យម្ខាងៗហត់ចិត្តតែប៉ុណ្ណោះ។

តាមពិតស្រលាញ់មនុស្សម្នាក់ គឺត្រូវផ្តល់សន្តិភាពផ្លូវចិត្ត និងភាពជឿជាក់ឱ្យបានគ្រប់គ្រាន់ឱ្យគ្នាទៅវិញទៅមក។ អ្នកត្រូវដឹងថា ក្តីស្រលាញ់ពឹងលើដំណើរឆ្លងកាត់រឿងនីមួយៗសន្សំមកទេ តែមិនមែនពឹងលើមាត់និយាយពាក្យសន្យាប៉ុន្មានម៉ាត់ លួងអ្នកឱ្យសប្បាយចិត្តនោះឡើយ គឺត្រូវការការលះបង់ និងត្រូវការយកចិត្តទុកដាក់។

ដូច្នេះហើយ អ្នកត្រូវរកឱ្យឃើញពីប្រភពដែលកើតចិត្តសង្ស័យទាំងនេះ ឧទារហណ៍ថា ប្រហែលជាពីមុនអ្នកធ្លាប់ឈឺចាប់ ទទួលមិនបានក្តីស្រលាញ់ ត្រូវគេបោកប្រាស់ជាច្រើនដង ទើបឱ្យអ្នកអាចកើតចិត្តសង្ស័យនេះ ឬក៏ជួនកាលអាចមកពីអ្នកបារម្ភពេក និងហួងហែងច្រើនពេក ក៏អាចបណ្តាលឱ្យកើតចិត្តសង្ស័យទាំងនេះដែរ អ្វីដែលជាដំណោះស្រាយនោះគឺ មានរឿងអ្វីកុំគិតតែម្ខាង ត្រូវពិភាក្សា និយាយគ្នាឱ្យច្បាស់ ប្រាប់ពីអ្វីក្នុងចិត្តរបស់អ្នកទៅកាន់អ្នកម្ខាងទៀត ព្រោះការមិននិយាយគ្នានេះហើយ ទើបបង្កើតឱ្យមានចិត្តសង្ស័យ ឈានដល់ការយល់ច្រលំគ្នា ធ្វើឱ្យចំណងស្នេហានេះបែកបាក់ ។

ភាពប្រេះស្រាំរបស់ស្នេហារវាងអ្នកទាំងពីរ មិនមែនចាប់ផ្តើមចេញពីការឈ្លោះគ្នារាល់ថ្ងៃនោះទេ  តែគឺនៅពេលដែលអ្នកទាំងពីរយល់ថាគ្មានរឿងអ្វីដែលត្រូវនិយាយគ្នា ហើយថែមទាំងយល់ថា រឿងនេះមិនចាំបាច់ប្រាប់គេឡើយ ទោះជាគេដឹងក៏គ្មានប្រយោជន៍ដែរ នេះគឺជាសញ្ញាក្រហមដែលធ្វើឱ្យអ្នកទាំងពីរត្រូវប្រុងប្រយ័ត្នហើយ៕

អត្ថបទ ៖ Mythical Bird / knongsrok