ព្រះករុណា ព្រះមហាក្សត្រ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត» បង្ហាញពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹតិ្ដការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។

១

ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នៅខាងមុខបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្របានសម្ដែងនូវព្រះទ័យ កោតសរសើរក្រុមការងារបេសកកម្មសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាស្ថាប័នជំនាញជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សា ស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានមកបំពេញ ការងារពាក់ព័ន្ធនឹងរមណីយដ្ឋានអង្គរ តាំងពីអំឡុងឆ្នាំ១៩៨៩ មុនការផ្តួចផ្តើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី(ICC) អង្គរ នាឆ្នាំ១៩៩៣មកម្ល៉េះ។

២

ព្រះអង្គបន្ដថា ការចាប់ផ្ដើមការងារ ដំបូងផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ផ្នែកបេតិកភណ្ឌវប្បធម៌នៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាបន្តបន្ទាប់បានចូលរួមដឹកនាំបំពេញការងារបណ្តុះបណ្ដាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា នៅលើការដ្ឋាននានានៃរមណីយដ្ឋានអង្គរ រួមទាំងការស្ថាបនាសារមន្ទីរ ព្រះនរោត្ដម សីហនុ-អង្គរ កាលពីឆ្នាំ២០០៧ ផងដែរ ។

ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី (ICC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៊ីស៊ី (ICC) អង្គរ។

ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជឱង្ការរម្លឹកថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ-ប្រមុខរដ្ឋ-ប្រធានាធិបតី យាង និងអញ្ជើញមក ទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់នៃកម្ពុជា(SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

៣

ព្រះមហាក្សត្រ ព្រះអង្គ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។

ព្រះអង្គបានមានព្រះរាជឱង្ការសង្កត់ធ្ងន់ថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។

៤

ព្រះករុណា បានមានព្រះរាជឱង្ការ លើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុង វិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ន នានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នៃ យន្តការអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌។

ព្រះអង្គមានព្រះទ័យសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាត ឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្សនិងអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

គួររំម្លឹកដែរថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនិងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាដើម៕

ដោយ៖ ជឹម ណារី | ប្រភព៖ akp.gov.kh