ស្នេហាពិត មិនស្ថិតលើពាក្យសន្យាតែមាត់នោះឡើយ!

ក្ដីស្រឡាញ់មួយនេះ ខ្ញុំមិនចង់ប្រើពាក្យសន្យា ដើម្បីយកមកចងចិត្តរបស់អ្នក ឱ្យលង់ងប់ងល់ជាមួយនឹងខ្ញុំនោះឡើយ ហើយខ្ញុំក៏មិនចូលចិត្តពាក្យសន្យាអ្វីច្រើននោះដែរ តែអ្វីដែលខ្ញុំគិត ខ្ញុំនឹងព្យាយាមធ្វើឱ្យបាន ដើម្បីអ្នក។

ខ្ញុំមិនសន្យាទេថា ខ្ញុំស្រឡាញ់អ្នកខ្លាំងដល់កម្រិត តែស្នេហាមួយនេះ វាមានតម្លៃ ហើយខ្ញុំប្រាកដជារក្សាក្ដីស្រឡាញ់ឱ្យដូចថ្ងៃដំបូងដែលខ្ញុំបានស្រឡាញ់អ្នក។

ខ្ញុំមិនអាចសន្យាទេថា ខ្ញុំអាចធ្វើឱ្យអ្នកមានជីវិតស្រណុកសុខស្រួលពេញមួយជីវិត ប៉ុន្តែមិនថាស្ថិតក្នុងកាលៈទេសៈបែបណា លំបាក កើតទុក្ខប៉ុនណាទេ គឺមានខ្ញុំនៅក្បែរអ្នក កំដរអ្នកឆ្លងឱ្យផុតទុក្ខលំបាកទាំងងស់ឱ្យបាន។

105580878_947164069057624_7330187872108062008_n

ខ្ញុំមិនអាចសន្យាបានទេថា នឹងអាចឱ្យជីវិតគូនេះមិនមានថ្ងៃអាក្រក់ណាមួយកើតឡើង តែខ្ញុំនឹងព្យាយាមធ្វើឱ្យមានថ្ងៃល្អៗជាច្រើនសម្រាប់ជីវិតគូរបស់យើង។

ដំណើរនៃជីវិត គឺតែងតែមានភាពផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ តាមពេលវេលា កាលៈទេសៈ មានរឿងខ្លះ ទោះយើងមិនចង់ឱ្យកើតឡើង ក៏មិនអាចហាមឃាត់វាបានដែរ អ្វីៗ គឺមានតែការបត់បែន និងព្យាយាមឱ្យអស់ពីលទ្ធភាពដែលយើងមានតែប៉ុណ្ណោះ៕

106699596_947776742329690_8955190396468005457_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ