ឱ្យកូនរៀនដោយសប្បាយចិត្ត_កុំដាក់សម្ពាធលើកូន!!!

#ឱ្យកូនរៀនដោយសប្បាយចិត្ត_កុំដាក់សម្ពាធលើកូន

ឪពុកម្ដាយសិស្សមួយចំនួនអត់យល់អំពីចិត្តសាស្ត្រធ្វើឱ្យកូនរៀនពូកែ ម្ល៉ោះហើយនៅពេលឃើញកូនរៀនខ្សោយ រៀនមិនបានលេខ១ លេខ២ លេខ៣ ពួកគាត់បែរជាស្ដីបន្ទោសកូនទៅវិញ។ ការស្ដីបន្ទោសកូនបែបនេះពុំមែនជាវិធីសាស្ត្រល្អធ្វើឱ្យកូនរៀនពូកែនោះឡើយ តែវាជាការដាក់សម្ពាធទៅលើកូនទៅវិញទេ។

១

នៅបរទេសគេមិនដែលជំរុញកូនឱ្យរៀនយកលេខ១ លេខ២ លេខ៣ ដូចយើងទេ។ គេគ្រាន់តែតាមដានការសិក្សារៀនសូត្ររបស់កូន ហើយលើកទឹកចិត្តកូនឱ្យរៀនដោយសប្បាយចិត្តនិងពេញចិត្តនឹងការសិក្សារៀនសូត្ររបស់ពួកគេ។

តើចាំបាច់តាមដានការសិក្សារៀនសូត្ររបស់កូនធ្វើអ្វី? គឺដើម្បីដឹងថា ការសិក្សារៀនសូត្ររបស់ពួកគេយ៉ាងម៉េច ពួកគេខ្សោយផ្នែកណា ដើម្បីជួយណែនាំពួកគេអំពីចំណុចខ្សោយនោះ ជួយដាស់តឿនពួកគេឱ្យខំរៀន កុំឱ្យពួកគេលេងទូរស័ព្ទច្រើនជ្រុលនិងខុសគោលដៅសិក្សា។

ប្រសិនបើយើងមិនតាមដានការសិក្សារបស់កូនទេ ដោយចាំតែស្ដីបន្ទោសនៅពេលពួកគាត់ទទួលបានលទ្ធផលការសិក្សាខ្សោយ នោះកូនច្បាស់ជាកុហកយើងអំពីលទ្ធផលការសិក្សារបស់ពួកគេមិនខាន ព្រោះពួកគេខ្មាសអៀននិងខ្លាចយើងស្ដីបន្ទោសពួកគាត់។

សូមលោកឪពុកអ្នកម្ដាយគ្រប់រូប មេត្តាយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗឱ្យមែនទែន ធ្វើយ៉ាងម៉េចត្រូវឱ្យកូនៗរៀនឱ្យបានពេញលក្ខណៈ តែមិនត្រូវបង្ខំកូនជាដាច់ខាត។ បើចង់ឱ្យកូនៗរៀនបានពេញលក្ខណៈ ដោយមិនបង្ខំពួកគេ លុះត្រាតែលោកឪពុកអ្នកម្ដាយគ្រប់រូបឱ្យកូនទៅរៀននៅសាលាល្អ។ សាលាល្អ គ្រូមានវិធីសាស្ត្រល្អៗក្នុងការបង្រៀនសិស្ស។

បើដាក់កូនឱ្យរៀននៅសាលាមិនល្អ ហើយយើងទៅបង្ខំពួកគេឱ្យរៀន មិនខុសអីពីញាត់ផ្អកចូលក្នុងកក្អមទេ ទោះពួកគេរៀនដល់ស្លាប់ទៀតក៏មិនចេះដែរ។ សាលាល្អ គឺពុំមែនសំដៅដល់សាលាដែលមានតម្លៃសិក្សាថ្លៃនោះទេ តែជាសាលាដែលបង្រៀនសិស្សប្រកបដោយគុណភាព គ្រូបង្រៀនសិស្សដោយយកចិត្តទុកដាក់ ដាក់កិច្ចការឱ្យសិស្សធ្វើជាប្រចាំ កែកិច្ចការសិស្សដោយយកចិត្តទុកដាក់ តាមដានការសិក្សារៀនសូត្ររបស់សិស្ស ធ្វើបច្ចុប្បន្នភាពមេរៀនជានិច្ចកាល។ មិនតែប៉ុណ្ណោះ សិស្សទៅរៀនដោយបរិយាកាសកក់ក្ដៅ ត្រជាក់ត្រជំ គ្មានអំពើហិង្សា គ្មានបងធំបងតូច គ្មានគ្រឿងញៀន។

លោកឪពុកអ្នកម្ដាយគ្រប់រូបត្រូវដឹងថា កូនៗយើងចំណាយពេលស្ទើរតែពេញមួយថ្ងៃនៅសាលា ដូច្នេះសាលាគឺជាផ្ទះទី២របស់ពួកគាត់។ បើសង្គមទី១(ផ្ទះ)មិនកក់ក្តៅ ពួកគាត់នឹងរត់រកសង្គមទី២(លោកគ្រូអ្នកគ្រូដែលជាម្ដាយឪពុកទី២)។

ប៉ុន្តែបច្ចុប្បន្នបើសង្ឃឹមលើលោកគ្រូអ្នកគ្រូមិនកើតទេ ព្រោះពួកគាត់រវល់ណាស់ ពួកគាត់បង្រៀនគួផង បង្រៀនក្នុងថ្នាក់ផង និងធ្វើកិច្ចការផ្សេងៗជាច្រើនទៀតដើម្បីជីវភាពគ្រួសារ។ បើសង្គមទី១ក៏អត់ សង្គមទី២ក៏គ្មាន ដូច្នេះនៅសល់តែសង្គមទី៣និងសង្គមទី៤ប៉ុណ្ណោះ។ សង្គមទី៣ គឺសាលារៀន។ បើសាលារៀនល្អ នោះសង្គមទី៤(មិត្តភក្តិ)ក៏ល្អដែរ។ បើសង្គមទី៤ល្អ នោះកូនរបស់យើងនឹងគ្មានអ្នកអូសទាញទៅសង្គមខូចបានឡើយ។

ដូច្នេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា បើចង់ឱ្យកូនរៀនពូកែ ចង់ឱ្យខួរក្បាលកូនល្អ មិនខូចសតិអារម្មណ៍ មិនបែកឆ្វេងនៅថ្ងៃខាងមុខ ម្ដាយឪពុកត្រូវលើកទឹកចិត្តកូនឱ្យរៀនដោយសប្បាយចិត្ត កុំដាក់សម្ពាធលើកូន កុំដាក់វិន័យលើកូន ហើយកុំទាមទារឱ្យកូនរៀនយកពិន្ទុនេះពិន្ទុនោះឱ្យសោះ។

អ្វីដែលលោកឪពុកអ្នកម្ដាយត្រូវធ្វើនោះ គឺត្រូវតាមដានការសិក្សារបស់កូនជាប្រចាំ ត្រូវចូលរួមសហការជាមួយសាលានិងលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវដាក់កូនឱ្យរៀននៅសាលាដែលមានគុណភាពល្អ វិន័យថ្លៃថ្នូរ និងមានស្តង់ដាត្រឹមត្រូវ៕

#MenglyJQuach

#MJQUP