យើងខ្ជិលមានស្នេហា គ្មានចំណាប់អារម្មណ៍ចំពោះរឿងស្នេហា ឬមកពីអស់ជំនឿក្នុងរឿងស្នេហា?

និយាយចំពោះរឿងស្នេហា ខ្ញុំតែងតែចោទជាសំណួរសួរខ្លួនឯងថា

- ខ្ញុំគ្មានចំណាប់អារម្មណ៍ចំពោះរឿងស្នេហាមែនទេ?

- ខ្ញុំមិនចេះស្រឡាញ់នរណាម្នាក់មែនទេ?

- គ្មានមនុស្សដែលសក្តិសមនឹងខ្ញុំស្រឡាញ់មែនទេ?

- ខ្ញុំខ្ជិលក្នុងការបង្កើតស្នេហា ការស្រឡាញ់មែនទេ?

- ខ្ញុំខូចចិត្តច្រើនលើកពេក រហូតដល់លែងមានជំនឿលើស្នេហាមែនទេ?

- ខ្ញុំរវល់នឹងការងារ ការរកលុយខ្លាំងពេក រហូតដល់គ្មានពេលសម្រាប់គិតរឿងស្នេហាតើមែនទេ?

តែវាអាចប្រហែលមកពីគ្មានអ្នកណាស្រឡាញ់ខ្ញុំ គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះខ្ញុំ ហើយវាក៏ប្រហែលជាមកពីខ្ញុំគ្មានគុណសម្បត្តិ ឬលក្ខណៈគ្រប់គ្រាន់នឹងឱ្យនរណាម្នាក់ស្រឡាញ់ហើយមើលទៅ។

509ae68d0dd4b8eb52951e240a4b3e21

ខ្ញុំទទួលស្គាល់ថា អាយុប្រហែលជា១៧ឆ្នាំ ខ្ញុំចាប់ផ្ដើមចេះស្រឡាញ់ តែគិតទៅ វាក្មេងពេកហើយ ក្មេងដែលធ្វើឱ្យខ្ញុំនេះ មិនស្គាល់ ហើយក៏មិនដឹងថា ការស្រឡាញ់វាមានន័យបែបណានោះដែរ ដឹងត្រឹមថា ឃើញស្រឡាញ់ ស្និទ្ធក៏ស្រឡាញ់ វាគ្មានខាតបង់អ្វីទេ ត្រឹមស្រឡាញ់គេម្នាក់ឯង គ្មានអ្វីដែលត្រូវខ្វល់ច្រើនទេ។

ប៉ុន្តែក្នុងវ័យនោះ ការស្រឡាញ់ វាជាការលាក់បាំង លាក់ពីមនុស្សក្បែរខ្លួន ជាពិសេស គឺលាក់ពីក្រុមគ្រួសារ លាក់ពីអ្នកផ្ទះ ហើយក្រុមគ្រួសារ តែងតែនិយាយ តែងតែថា ហាមឃាត់គ្រប់ពេល មិនឱ្យមានស្នេហាដាច់ខាត កុំជ្រើម កុំភ្លើតភ្លើន។

រហូតឈានដល់វ័យចេញរកស៊ី រកលុយ រហូតដល់បែកមកធ្វើការទៀត អាយុ២០ឆ្នាំឡើង យល់ពីពាក្យថាស្នេហា វាគឺជាការស្រឡាញ់ ចេះត្រឹមតែស្រឡាញ់ តែមិនចេះព្រមចាញ់ ចង់តែឈ្នះ រហូតដល់ពេលមួយ ខ្ញុំជាអ្នកលះបង់ ដេញមនុស្សដែលខ្លួនស្រឡាញ់ ឱ្យចាកចេញ ព្រោះយល់ថា ការបែកដើម្បីអនាគតគេ វាគឺជារឿងដែលល្អបំផុត។

E1abc1e99d890c4dbbf98ddc16640447

៥ឆ្នាំចុងក្រោយនេះ រហូតដល់ពេលនេះ អាយុ ២៧ - ២៨ឆ្នាំហើយ មិនដែលស្គាល់សូម្បីតែពាក្យថា សង្សារ គ្មានទំនាក់ទំណងណាដែលលើសពីពាក្យថាមិត្ត តែក៏មិនមែនមានន័យថា គ្មានចិត្តស្រឡាញ់អ្នកណាម្នាក់ទេ ព្រោះមនុស្សដែលខ្ញុំស្រឡាញ់ អាចថាប្ដូរពីមួយទៅមួយ តែខ្ញុំមិនព្រមចាប់ផ្ដើម មិនដឹងថា មកពីចិត្តខ្លួនឯងមិនប្រាកដ ឬក៏មកពីមិនច្បាស់នឹងម្ខាងទៀត គេគិតបែបណាចំពោះខ្លួនឯង។

និយាយរួមទៅ ស្នេហាសម្រាប់ខ្ញុំ ស្រឡាញ់ គឺលះបង់ ស្រឡាញ់គឺផ្ដល់ឱ្យ មិនខ្វល់ថា បានទទួលអ្វីខ្លះពីគេនោះទេ ក៏មិនខ្វល់ដែរថា គេគិតបែបណាចំពោះខ្លួនឯងវិញ ខ្ញុំដឹងត្រឹមថា ខ្ញុំធ្វើដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ វាគឺជាអ្វីដែលខ្ញុំគួរធ្វើ។

E4b9a6d9052c4a74423bccde7b5cd095

តែបើសួរថា ខ្ញុំមានទំនាក់ទំនង ឬបានចាប់ផ្ដើមជាមួយអ្នកណាម្នាក់ហើយឬនៅ? ចម្លើយគឺ នៅទេ ...! ចុះគិតថាចង់ចាប់ផ្ដើមនឹងអ្នកណា ឬគិតថាពេលណានឹងមានស្នេហា ឬសង្សារ ខ្ញុំក៏មិនដឹងដែរ។ ពេលខ្លះ ខ្ញុំមិនដឹងថា តើចាប់ផ្ដើមមានស្នេហា ឬសាងទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដើម្បីអ្វីនោះឡើយ។

មិនមែនថាគ្មានចិត្តស្រឡាញ់ តែច្បាស់ថា គ្មានចិត្តចង់ចាប់ផ្ដើមជាមួយអ្នកណា ពេលខ្លះ មនុស្សដែលយើងចង់ចាប់ផ្ដើម គេមិនត្រូវការ តែមនុស្សដែលយើងមិនត្រូវការ តែបែរជាចូលមក ក្នុងស្ថានភាពបែបនេះ រឹតតែលែងចង់មានស្នេហា គ្មានចំណាប់អារម្មណ៍ មិនចង់ជួប ក៏មិនត្រូវការអ្វីទាំងអស់ ក្រៅតែពីធ្វើការ រកលុយ ទិញរបស់ដែលខ្លួនចង់បាន សាងអនាគតឱ្យប្រសើរជាងនេះ គ្រាន់តែសង្ឃឹមថា មនុស្សដែលខ្លួនស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង នឹងបង្ហាញមុខនៅថ្ងៃណាមួយ៕

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN