ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។

គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។

ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។

ផ្នែកនៃចិត្តវិទ្យា

ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖

- ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology)

- ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical Psychology)

- ចិត្តវិទ្យាផ្នែកញាណ (Cognitive Psychology)

- ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ (Comparative Psychology)

- ចិត្តវិទ្យាផ្នែកការលូតលាស់ និង ការផ្លាស់ប្ដូរនៃឥរិយាបថ និង ចិត្ត របស់មនុស្ស (Developmental Psychology)

- ចិត្តវិទ្យាផ្នែកបុគ្គលិកលក្ខណៈ (Personality Psychology)

- ចិត្តវិទ្យាផ្នែកសង្គម (Social Psychology)

- ចិត្តវិទ្យាផ្នែកផ្សេងៗទៀត (Educational, School, Evolutionary, Industrial-organizational, Positive, psychology)។

ដើមកំណើត

ពាក្យចិត្តវិទ្យាមានន័យថា ការសិក្សាអំពីវិញ្ញាណ (ψυχή, psukhē មានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ និង λογος -logos, មានន័យថា ការសិក្សា ឫ ការស្រាវជ្រាវ) ។

ពាក្យឡាតាំង Psychologia ត្រូវបានប្រើប្រាស់ដំបូងដោយ អ្នកសិក្សារឿងមនុស្សជាតិ ជនជាតិ ក្រូអេសា(Croatian humanist) និង លោកម៉ារ៉ូឡិច-ម៉ាកូ (Marko Marulić) ជនជាតិឡាតាំង ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Psichiologia de ratione animae humanae ក្នុងអំឡុងចុងសតវត្សទី ១៥ ឫ ដើមសតវត្សទី ១៦។

អំណះអំណាងលើពាក្យ ចិត្តវិទ្យា (Psychology) ក្នុងភាសាអង់គ្លេសដំបូងគេបំផុតនោះគឺមាននៅក្នុងសៀវភៅ វចនានុក្រមរូបសាស្ត្រ(The Physical Dictionary) ដោយលោក ស្តេវ៉ឹន-ប៊្លែងខាត (Steven Blankaart) ដែលបានសរសេរថា "Anatomy, which treats of the Body, and Psychology, which treats of the Soul" មាន ន័យថា "កាយវិភាគវិទ្យាព្យាបាលរូបកាយ ចិត្តវិទ្យាព្យាបាលចិត្ត"។

ប្រភពទាំងស្រុងពី៖ វីគីភីឌា