ការបញ្ជូនកូនៗឱ្យទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំ ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់!!!

ការបញ្ជូនកូនៗឱ្យទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំ ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់។ ប៉ុន្តែអាណាព្យាបាលមួយចំនួនបែរជាមិនបានមើលឃើញពីអត្ថប្រយោជន៍នេះទៅវិញ ហើយថែមទាំងនិយាយថា “ចុះហេតុអ្វីខ្ញុំដាក់កូនខ្ញុំទៅរៀនមួយឆ្នាំ តែគេអត់ចេះអ្វីផង? អត់ចេះនិយាយភាសាអង់គ្លេសផង?”។

សូមកុំយល់ច្រឡំបែបនេះអី! តាមពិតទៅ ការបញ្ជូនកូនៗឱ្យទៅរៀននៅអាយុ៣ឆ្នាំក្នុងថ្នាក់ក្រោមមត្តេយ្យសិក្សានេះ គេមិនមែនចង់ឱ្យកូនទៅដើម្បីរៀនអក្សរនោះទេ គឺគេចង់ឱ្យកូនទៅដើម្បីលេងសើច ទៅបន្ស៊ាំខ្លួនជាមួយសាលា ជាមួយគ្រូ ហើយទៅរៀនពីនេះពីនោះដើម្បីឱ្យពួកគេមានចំណេះដឹងទូលំទូលាយ និងទៅសហការជាមួយមិត្តភក្តិ កុំឱ្យឯកោនិយម ពិសេសកុំឱ្យកូនហ្នឹងធំឡើងភ្លាវខ្លាចគេជាដើម។

លុះដល់ពេលពួកគេចូលដល់ថ្នាក់បឋមសិក្សា ពួកគេនឹងមានភាពក្លាហាន ឈ្លាសវៃ និងចេះរ៉ិលតែម្ដង។ ជាក់ស្ដែងសិស្សមត្តេយ្យសាលាខ្ញុំតូចៗទេ តែបើនិយាយពីភាពក្លាហាន និងភាពឈ្លាសវៃ គឺមិនអន់ឡើយ។ ពោលពួកគេសុទ្ធតែជាក្មេងពូកែ ឈ្លាសវៃ និងក្លាហានក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងនានាៗដែលសាលារៀបចំឡើង។

ផ្ទុយទៅវិញ ប្រសិនបើយើងបញ្ជូនកូនទៅចូលរៀននៅអាយុ៦ឆ្នាំ (ភាគច្រើនក្មេងនៅតាមជនបទ) គឺពុំមែនជាការណ៍ដ៏ល្អនោះឡើយ។ គឺប្រៀបដូចជាការបញ្ជូនពួកគេឱ្យទៅចាប់ផ្ដើមពីចំណុចសូន្យអ៊ីចឹង ម៉្លោះហើយពួកគេប្រាកដជារៀនមិនទាន់គេឡើយ។ សូមចាំថា ការណ៍បញ្ជូនកូនចូលរៀននៅអាយុ៦ឆ្នាំ ខណៈពួកគេមិនទាន់ទាំងចេះ ក, ខ... គឺធ្វើឱ្យពួកគេបាក់ទឹកចិត្ត និងចាញ់ប្រៀបគេតាំងពីដើមទីទៅហើយ។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញបានឱ្យដឹងថា អ្នករៀនពូកែ ជោគជ័យ ឆ្លាត ឈ្លាសវៃ ហើយមានអនាគតល្អភ្លឺស្វាង ភាគច្រើនគឺកើតចេញពីក្មេងដែលចូលរៀនថ្នាក់ក្រោមមត្តេយ្យសិក្សា ក្នុងអាយុ៣ឆ្នាំ។ ពោលក្មេងដែលចូលរៀននៅអាយុ៣ឆ្នាំ គឺមានភាគរយជោគជ័យខ្ពស់ជាងក្មេងដែលចូលរៀននៅអាយុ៦ឆ្នាំ។

ចំណែកក្បួនពេទ្យក៏យល់ឃើញដែរថា ក្មេងដែលចូលរៀននៅអាយុ៣ឆ្នាំ គឺមានការលូតលាស់ផ្នែកបញ្ញាស្មារតីលឿនជាងក្មេងដែលចូលរៀននៅអាយុ៦ឆ្នាំ។

ដូច្នេះមាតាបិតា ឬអាណាព្យាបាលគ្រប់រូប សូមបញ្ជូនកូនទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំទាំងអស់គ្នា ដើម្បីឱ្យកូនៗរបស់លោកអ្នកស៊ាំនឹងសាលា ស៊ាំនឹងគ្រូ ស្គាល់មិត្តភក្តិ និងវិវឌ្ឍផ្នែកបញ្ញាបានឆាប់រហ័ស។ ប៉ុន្តែក៏មិនគួរប្រញាប់បញ្ជូនកូនៗទៅរៀននៅអាយុ២ឆ្នាំដែរ ព្រោះក្មេងៗទាំងនោះនៅក្មេងខ្ចីពេក ពុំទាន់អាចចាប់អ្វីបាននៅឡើយទេ។

ប៉ុន្តែ ប្រសិនបើក្នុងគ្រួសារយើងគ្មានអ្នកមើលថែកូនទេ យើងអាចបញ្ជូនគាត់ទៅរៀននៅថ្នាក់ទារកដ្ឋានបាន ព្រោះថ្នាក់ទារកដ្ឋានមានទទួលបង្រៀនឬមើលថែក្មេងចាប់ពីអាយុ៦ខែ រហូតដល់អាយុ៣ឆ្នាំ។ [...]

#ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី​ #MJQUP