វិធីសាស្រ្តបង្រៀនកូនទាំង ១០ ដែលឪពុកម្តាយត្រូវធ្វើ ដើម្បីឱ្យកូនរឹងមាំ និងមានអត្តចរិតចាស់ទុំ-v2

មានផ្នែកផ្សេងៗគ្នានៃភាពចាស់ទុំ៖ អារម្មណ៍ រាងកាយ សីលធម៌ សង្គមនិងបញ្ញា។ ចំនុចសំខាន់ៗទាំងនេះពិតជាមានសារៈសំខាន់នៅក្នុងជីវិតរបស់កុមារដើម្បីឱ្យពួកគេក្លាយជាមនុស្សឯករាជ្យនិងមានការទទួលខុសត្រូវដែលមានការសម្រេចចិត្តផ្ទាល់ខ្លួននិងត្រៀមខ្លួនជួយអ្នកដទៃ។ ហើយអ្នកអាចជួយកូនអ្នកឱ្យអភិវឌ្ឍគុណសម្បត្តិទាំងអស់នេះនិងរៀបចំវាសម្រាប់ភាពពេញវ័យ។

យោងទៅតាមគេហទំព័រ Bright Side បានលើកយកវិធីងាយៗមួយចំនួនដែលអ្នកអាចផ្លាស់ប្តូរជីវិតរបស់កូនអ្នកអោយកាន់តែប្រសើរឡើងនិងធ្វើអោយពួកគេមានអារម្មណ៍ល្អនិងទទួលយកការអបរំរបស់អ្នក។

1. អប់រំកូនឱ្យអភិវឌ្ឍខ្លួនទីពឹងខ្លួន

យកល្អកុំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូនអ្នកពេក។ ពួកគេត្រូវរៀនពីការស្លៀកពាក់ដោយខ្លួនឯង ចងខ្សែស្បែកជើងដោយខ្លួនឯង និងរៀបចំកាបូបស្ពាយរបស់ពួកគេទៅសាលារៀន។ ជាការពិតអ្នកអាចរៀបចំវាបានលឿនប៉ុន្តែអ្នកគួរតែអត់ធ្មត់ហើយរង់ចាំកូនរបស់អ្នករៀបចំដោយខ្លួនឯង។ អ្នកគួរតែផ្តល់ឱកាសដល់កូនៗគួរតែដឹងថាពួកគេអាចពឹងផ្អែកលើខ្លួនឯង។

2. ផ្តល់ឱកាសឱ្យកូនជ្រើសរើសដោយខ្លួនឯង

អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើការជ្រើសរើស។ អ្នកមិនគួរជ្រើសរើសសម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង និងចំណូលចិត្តសម្រាប់ពួកគេឬសម្រេចចិត្តថាតើពួកគេចូលចិត្ត ហើយមិនចូលចិត្តអ្វី។ អ្នកអាចជួយផ្តល់ដំបូន្មាននិងពិភាក្សាពីជម្រើសរបស់កូនៗ។ ពួកគេនឹងដឹងពីចំណង់ចំណូលចិត្តដោយខ្លួនឯងអ្នកគ្រាន់តែត្រូវការផ្តល់ឱ្យពួកគេនូវឱកាសដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។

3. ឱ្យកូនទៅសាលារៀនដោយខ្លួនឯង

មិនចាំបាច់ទៅតាមកូនរបស់អ្នកគ្រប់ទីកន្លែងទេ។ នៅពេលពួកគេកាន់តែធំពួកគេអាចទៅសាលារៀនតែម្នាក់ឯងឬជិះឡានសាលា។ ជាការពិតណាស់ប្រសិនបើអ្នកជូនកូនទៅសាលាដោយខ្លួនឯងអ្នកនឹងមានអារម្មណ៍ស្ងប់ចិត្តហើយអ្នកអាចប្រាកដថាកូនពិតជាបានទៅដល់គោលដៅ។ ប៉ុន្តែនៅអាយុដែលកុមារដឹងកាន់តែច្រើនកុមារដឹងអំពីច្បាប់សុវត្ថិភាពរួចហើយនិងយល់ពីរបៀបប្រព្រឹត្ដនៅតាមផ្លូវ។ លើសពីនេះទៀតប្រសិនបើពួកគេនៅក្នុងក្រុមមិត្តភក្តិសូមឱ្យកុមារទៅជាមួយគ្នាហើយពិភាក្សាអំពីកិច្ចសាលា និងប្រដាប់ប្រដាក្មេងលេងថ្មីនៅតាមផ្លូវ។

4. បង្រៀនកូនឱ្យចេះគ្រប់គ្រងខ្លួនឯង

ជាការពិតណាស់កុមារពិតជាឆាប់រំជួលចិត្តណាស់។ ពួកគេអាចសប្បាយចិត្តឬយំយ៉ាងខ្លាំងដែលវានឹង ដំឡង់គេឯងនៅតាមផ្លូវ។ ប៉ុន្តែប្រសិនបើនៅពេលមានការខ្វែងគំនិតបន្តិចបន្តួចក្មេងចាប់ផ្តើមស្រែកយ៉ាងខ្លាំងហើយយំពួកដូច្នេះកូនៗគួរតែត្រូវបានបង្ហាញពីរបៀបគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ កុមារត្រូវមានភាពសមហេតុផលចំពោះអ្វីដែលកំពុងកើតឡើង។ ហើយប្រសិនបើអ្នកចេះតែបណ្ដោយរាល់ការស្រែកយំរបស់កូន នោះបន្ទាប់មកពួកគេអាចប្រើវីធីនេះដើម្បីទទួលបានអ្វីៗគ្រប់យ៉ាងពីអ្នក។

5. បង្រៀនកូនឱ្យចេះលត់ដំខ្លួន

កុមារគួររៀនសូត្រមានវិន័យនិងធ្វើអ្វីៗដែលចាំបាច់ដូចជា ការដុសធ្មេញមុនពេលចូលគេង រៀបចំប្រដាប់ប្រដាក្មេងលេង និងធ្វើលំហាត់សាលាគឺជាផ្នែកសំខាន់មួយនៃទម្លាប់ប្រចាំថ្ងៃ។ ហើយសូមកុំជួយពួកគេ សូមឱ្យពួកគេធ្វើកិច្ចការសាលាដោយខ្លួនឯង និងបង្រៀនពួកគេអំពីវិធីដុះធ្មេញមុនចូលគេងនិងបន្ទាប់ពីក្រោកពីគេង។

6. សូមឲ្យកូនជាអ្នកឆ្លើយតប

វាចាំបាច់ក្នុងការផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសនិយាយដោយខ្លួនឯង។ ការនេះមានសារៈសំខាន់សម្រាប់ទាំងជំនាញបញ្ញា និងជំនាញទំនាក់ទំនងរបស់ពួកគេ។ ក្មេងមិនត្រូវខ្លាចថាមានគេសួរពួកគេអ្វីមួយទេ។ ពួកគេគួរតែរៀនពីរបៀបឆ្លើយសំណួរនិងបង្កើតការឆ្លើយតបចំពោះឯកឯង។ បើមិនដូច្នោះទេពួកគេអាចអៀនហើយខ្លាចចំពោះអ្នកដទៃ។

7. ពន្យល់ពីមូលហេតុនិងផលប៉ះពាល់

ពន្យល់ពីសកម្មភាពរបស់អ្នកចំពោះកូនអ្នក។ ប្រសិនបើអ្នកស្តីបន្ទោសកូនៗត្រូវប្រាកដថានិយាយអំពីអ្វីដែលពួកគេមានកំហុស។ វាជាការសំខាន់ណាស់ដែលកុមារបានដឹងពីកំហុសរបស់ពួកគេហើយទាញការសន្និដ្ឋានដោយខ្លួនឯង។ ពួកគេគួរតែយល់ថាសកម្មភាពរបស់ពួកគេអាចនាំឱ្យមានលទ្ធផលមិនល្អ។ ហើយព្យាយាមកុំស្រែកស្តីបន្ទោស និយាយតាមធម្មតានៅពេលពន្យល់ហេតុផលដល់កូនៗ។

8. អ្នកអាចឱ្យកូនអ្នកធ្វើខុស

ជាការពិតណាស់ ពន្យល់ពីអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។ ប៉ុន្តែអ្នកអាចផ្តល់ឱ្យកុមារនូវសេរីភាព។ ការនេះនឹងអនុញ្ញាតឱ្យពួកគេរៀនពីកំហុសរបស់ពួកគេនិងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេដែលបន្ទាប់មកវានឹងមានប្រយោជន៍នាពេលអនាគត។ ចងចាំថាកំហុសដូចជាការដួលនិងការអាកអន់ចិត្តគឺជាផ្នែកមួយនៃជីវិត។

9. អ្នកអាចជួយឲ្យកូនអ្នកបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេ

វាមានប្រយោជន៍ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កុមារក្នុងការឆ្លុះបញ្ចាំងនិងពិចារណាលើស្ថានភាពនិងបង្កើតជំនឿចិត្តរបស់ពួកគេដោយផ្អែកលើការយល់ដឹងនិងអារម្មណ៍របស់ពួកគេ។ វាជាការសំខាន់ណាស់ដែលអនុញ្ញាតឱ្យពួកគេបញ្ចេញមតិរបស់ពួកគេ។ ការនេះនឹងជួយឱ្យពួកគេមិនចុះចាញ់នឹងរឿងកំប្លែងពីមិត្តភក្តិរបស់ពួកគេឬធ្វើតាមរបៀបចម្លែកនិងអាក្រក់គ្រាន់តែដើម្បីបង្ហាញអ្វីមួយដល់អ្នកដទៃ។ ហើយនៅពេលអនាគតកូនៗរបស់អ្នកនឹងអាចរក្សាជំហររបស់ពួកគេហើយនឹងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់ឡើយ។

10. មិនត្រូវចាប់ទុកកូននៅក្មេងធ្វើអ្វីមិនកើតនោះទេ

នៅពេលកូនរបស់អ្នកមានអាយុ ៣ ឆ្នាំអ្នកអាចឱ្យពួកគេធ្វើការងារផ្ទះបន្តិចម្តង ៗ ដើម្បីបំពេញភារកិច្ចមួយចំនួន។ ឧទាហរណ៍ពួកគេអាចរៀបចំប្រដាប់ប្រដាក្មេងលេងនៅនឹងកន្លែង។ ហើយនៅពេលកូនអ្នកាន់តែធំអ្នកអាចបន្ថែមការងារផ្ទះដល់ពួកគេ។ ការនេះរួមចំណែកដល់ការអភិវឌ្ឍរបស់ពួកគេនិងជំរុញឱ្យមានភាពឧស្សាហ៍ព្យាយាមនិងវិន័យ។ នេះក៏អាចបង្រៀនពួកគេឱ្យជួយអ្នកដទៃនិងគោរពការងាររបស់អ្នកដទៃ។

តើអ្នកប្រើវិធីណាខ្លះនៅពេលចិញ្ចឹមកូន? តើអ្នកព្យាយាមធ្វើឱ្យកូនអ្នកមានភាពចាស់ទុំជាងមុនទេ? សូមម្តល់ជាមតិយោបល់របស់អ្នកដើម្បីចែករំលែកចំនេះដឹង។

ប្រែសម្រួលដោយ៖ វីរៈ

អំពីអ្នកសរសេររបស់យើង៖ Vireak007