ពេលអ្នកដទៃមានទុក្ខ ជួបបញ្ហា តែងតែមានខ្ញុំនៅក្បែរ ចុះពេលខ្ញុំមានទុក្ខ តើអ្នកណាលួងខ្ញុំ?

គ្រប់ពេលដែលអ្នកដទៃមានទុក្ខ ជួបបញ្ហា ការលំបាក តែងតែមានវត្តមានខ្ញុំនៅក្បែរ កំដរ ជួយជាយោបល់ ផ្ដល់ស្នាមញញឹម និងភាពសប្បាយរីករាយដល់គេ រហូតធ្វើឱ្យគេគ្រប់គ្នាតែងតែគិតថា ខ្ញុំជាមនុស្សរឹងមាំបំផុត មិនចេះកើតទុក្ខ ជីវិតមានតែស្នាមញញឹម និងការសប្បាយ។

ប៉ុន្តែ ប្រហែលជាគ្មានអ្នកណាដឹងទេថា ការសប្បាយ និងស្នាមញញឹម ភាពរឹងមាំទាំងនោះ  វាគ្រាន់តែជាសភាពខាងក្រៅ និងការព្យាយាមលាក់បាំងការពិតរបស់ខ្ញុំតែប៉ុណ្ណោះ។

មនុស្សដែលមើលទៅ រឹងមាំខ្លាំង មានគំនិតវិជ្ជមានលើកទឹកចិត្តអ្នកដទៃខ្លាំង ផ្ដល់ស្នាមញញឹម និងភាពសប្បាយដល់អ្នកដទៃ ភាគច្រើនគេជាមនុស្សដែល ឯកាខ្លាំងបំផុត ក្នុងចិត្តមានទុក្ខ ការលំបាករាប់មិនអស់ ជីវិតជួបបញ្ហាមិនចេះចប់ ជាពិសេស គ្រប់រឿងដែលគេជួប គឺត្រូវប្រឈមមុខតែម្នាក់ឯងគត់ ចង់រកអ្នកណាមកជួយ មកក្បែរកំដរ ក៏ពិបាកដែរ។

B233c24aff407b5b42faa66b76670497

ព្រោះតែបែបហ្នឹងហើយ ទើបមើលទៅគេជាមនុស្សរឹងមាំណាស់ មើលទៅគេ រីករាយណាស់ ព្រោះគេយល់ច្បាស់ពីបញ្ហាអស់ទាំងហ្នឹង ក៏មិនចង់ធ្វើឱ្យអ្នកជុំវិញខ្លួន ត្រូវមកលំបាក និងមានបញ្ហាមិនសប្បាយចិត្តដោយសារតែគេ។

ដឹងទេថា មនុស្សរឹងមាំម្នាក់នេះ ក៏ចង់បានអ្នកនៅក្បែរ មើលថែ និងយល់ចិត្តដែរ។ មនុស្សរឹងមាំម្នាក់នេះ ក៏ចេះកើតទុក្ខ ក៏មានបញ្ហាក្នុងជិវិតមិនតិចដែរ។

មនុស្សរឹងមាំម្នាក់នេះ ធាតុពិតគឺទន់ជ្រាយណាស់ ឯកាណាស់ ស្មុគស្មាញ គិតច្រើនណាស់ តែគ្មានអ្នកណាយល់ ដូច្នេះហើយ គឺមានតែព្យាយាមញញឹម និងលួងចិត្តខ្លួនឯង ធ្វើជារឹងមាំ និងសប្បាយចិត្តទៅវិញ។

មនុស្សដែលរឹងមាំម្នាក់នេះ ក៏ចេះឈឺ ចេះខូចចិត្ត ចេះពិបាកចិត្ត ចេះយំដូចគ្នា​ តែគេបានត្រឹមតែលាក់ការពិត និងទឹកភ្នែកក្នុងបន្ទប់តែម្នាក់ឯងប៉ុណ្ណោះ។

2b2e3a8c9edfd35fde681e307008a852

- មនុស្សកាន់តែរឹងមាំ ធាតុពិតខាងក្នុង គឺពិតជាទន់ជ្រាយ។

- មនុស្សកាន់តែមានស្នាមញញឹម និងភាពសប្បាយរីករាយ ធាតុពិត គឺជាមនុស្សដែលមានទុក្ខ ស្មុគស្មាញ និងជួបបញ្ហាច្រើនជាងគេ។

- មនុស្សដែលស្ងៀមស្ងាត់បំផុត គឺជាមនុស្សដែលមានរឿងចង់និយាយច្រើនណាស់ តែពេលខ្លះ គេមិនដឹងថាត្រូវនិយាយប្រាប់អ្នកណា គ្មានអ្នកណាទទួលស្ដាប់ ក៏រឹតតែមិនដឹងថា គួរនិយាយរឿងណាមុន ព្រោះវាច្រើនពេក អ៊ីចឹងមានតែនៅស្ងៀម ជាជម្រើសដ៏ល្អ៕

Bb4e173078069c446a730cf84b2f609f

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ