នៅថ្ងៃសម្រាកពីការងារ មនុស្សគ្រប់គ្នាតែងតែជ្រើសរើសទីកម្សាន្តជិតឆ្ងាយដើម្បីធ្វើដំណើរកម្សាន្តលំហែរអារម្មណ៍ និងរំសាយពីទុក្ខកង្វល់នានាផងដែរ ជាពិសេសគឺរមណីយដ្ឋានក្បែរៗភ្នំពេញនេះតែម្តង។
ក្នុងចំណោមរមណីយដ្ឋានដែលនៅជិតភ្នំពេញ ភ្នំរាប តំបន់ប្រសិទ្ធិ៍ គឺជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យអ្នកទេសចរមកសម្រាកលំហែរកាយបានយ៉ាងងាយស្រួល ។ ដោយនៅក្នុងបរិវេណនោះ មានសំណង់ប្រាសាទបែបវប្បធម៌ និងបែបសាសនា តួប្រាសាទភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ យ៉ាងស្រស់ស្អាតស្វាគមន៍ភ្ញៀវទេសចរចូលទៅថតរូបកម្សាន្ត និងគោរពបូជាតាមបែបសាសនាយើងដែរ ដោយគេបានដឹងថាសំណង់ប្រាសាទនេះ យកលំនាំរូបរាងទៅតាមផ្នែកខ្លះនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទៀតផង។
ក្រោយពីធ្វើដំណើរកម្សាន្តនៅក្នុងប្រាសាទ នៅបរិវេណជុំវិញប្រាសាទ ក៏មានតូបលក់ចំណីអាហារបែបស្រុកស្រែឆ្ងាញ់ៗជាច្រើនមុខ ឱ្យអ្នកទេសចរជ្រើសរើសទទួលទាន ដោយថែមទាំងមានកញ្ចុះអង្គុយកម្សាន្តទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាជួបជុំគ្រួសារ និងមិត្តភក្តិផងដែរ។
ដើម្បីធ្វើដំណើរទៅកាន់ ភ្នំប្រសិទ្ធិ៍ អ្នកត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ៥ ដល់ចំណុចផ្សារព្រែកព្នៅ គ.ម លេខ១១ មានផ្លូវបំបែកចូលខាងឆ្វេងដៃ (ច្រកផ្សារ) ចម្ងាយ ១៣ គ.ម៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក