ធម្មតាជាស្រីមេម៉ាយ ត្រូវគេមើលងាយសើចចំអកណាស់ អ្នកខ្លះគិតថា មេម៉ាយអត់ប្ដី គ្មានអ្វីជាទីពឹង គ្មានមុខមាត់ក្នុងសង្គម ធ្វើអ្វីក៏គេមិនឱ្យតម្លៃដែរ។ ប៉ុន្តែកុំភ្លេចថា មេម៉ាយសម័យនេះ មិនមែនឱ្យអ្នកណាមកមើលងាយបានតាមចិត្តទេ ជាពិសេស អតីតប្ដី និងក្រុមគ្រួសាររបស់អតីតប្ដី មិនមែនគ្មានអ្នកជាប្ដី ជាជំហគ្រួសារ មេម៉ាយម្នាក់នេះ អត់ស្លាប់នោះឡើយ។
សូមដឹងផងថា មនុស្សស្រីសម័យឥឡូវ នាងមិនសូវខ្វល់រឿងប្ដីសីស្រាប់ហើយ អ្វីដែលនាងត្រូវគិតជាចម្បងនោះគឺ ប្រឹងធ្វើការ រកសលុយ សំខាន់ខ្លួននាងត្រូវមានជំហច្បាស់លាស់ ជារបស់ខ្លួនឯងសិន មនុស្សស្រីសម័យនេះ នាងមិនមែនរស់នៅ ចាំតែស៊ីចាយលុយប្ដីរកមកឱ្យនោះទេ នាងមានគំនិត នាងមានកម្លាំង នាងអាចរកបានដោយខ្លួនឯង នាងមិនពឹងអ្នកណាម្នាក់ឡើយ ដូច្នេះហើយ! បំណាច់នឹងក្លាយជាមេម៉ាយ ត្រូវតែរឹងមាំ អាចរកលុយចាយបានដោយខ្លួនឯង។
ជ្រុលជាលែងប្ដី មានឈ្មោះថាជាស្រីមេម៉ាយទៅហើយនោះ ត្រូវតែធ្វើជាមេម៉ាយដែលល្អ ថ្លៃថ្នូរ ស្អាតបាត ឆ្លាត ពូកែ រឹងមាំ ដែលធ្វើឱ្យអតីតប្ដីរបស់យើង គ្មានសមត្ថភាពនឹងត្រឡប់មកយកយើងវិញបាន។
កុំខ្វល់ថា គ្មានអ្នកណានៅពីក្រោយអ្នក កុំខ្វល់ថា គ្មានអ្នកណាចាំមើលថែការពារអ្នក នៅពេលដែលអ្នករឹងមាំគ្រប់គ្រាន់ អ្នកស្អាតថ្លៃថ្នូរ អាចរកប្រាក់ចំណូលបានដោយខ្លួនឯង មានការងារត្រឹមត្រូវ មានមុខរបរច្បាស់លាស់ មិនខ្វះទេ មនុស្សដែលចង់បានអ្នក ហើយគេនឹងចូលមកក្នុងនាមជា អ្នកមើលថែ ការពារអ្នកយ៉ាងពិតប្រាកដ មិនមែនចូលមកដើម្បីត្រួតត្រា ឬបញ្ជាលើជីវិតអ្នកនោះឡើយ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ