ចរិតលក្ខណៈ ៨យ៉ាង ​ដែលបុរសតែងតែសម្លឹងចង់បាន មុននឹងយកនារីម្នាក់ធ្វើជាភរិយា

គំនិតទូទៅតែងតែនិយាយថា ស្រីស្អាតពិតជាសំណាង ព្រោះមានបុរសមកស្រឡាញ់ពួកនាងយ៉ាងងាយបំផុត។ ជាការពិតណាស់ ប៉ុន្តែមិនមែនបុរសៗរូបស្រឡាញ់ភាពស្រស់ស្អាតទាំងអស់នោះទេ។ ប្រសិនបើសម្រស់ជាលក្ខណៈតែមួយគត់ដែលអ្នកមាន នោះបុរសៗជាច្រើននឹងចង់ញ៉ែអ្នក ប៉ុន្តែប្រសិនបើគិតដល់រឿងគូអនាគត បុរសៗអាចនឹងគិតសាជាថ្មីម្តងទៀត។

មានលក្ខណៈផ្សេងៗជាច្រើនទៀតដែលសំខាន់ជាងសម្រស់ ហើយជាអ្វីដែលបុរសៗពេញចិត្តមនុស្សស្រីជាងសម្រស់ទៅទៀត ដូចជា៖

១. ចេះជួយយកអាសារ៖ បុរសៗមានក្តីសុបិន្ត និងគោលបំណងជាច្រើនដើម្បីបន្តជីវិតរស់នៅរបស់ពួកគេ។ ប្រសិនបើបុរសៗឃើញថា មនុស្សស្រីម្នាក់ដែលចេះយកចិត្តទុកដាក់ ​ព្រួយបារម្ភ​ ជាទីប្រឹក្សាទាំងផ្នែកស្មារតី និងកម្លាំង ជាពិសេសអាចធ្វើការជ្រោមជ្រែងឱ្យបុរសអាចសម្រេចគោលដៅបានទៀតនោះ នេះហើយជាចរិកលក្ខណៈមនុស្សស្រីដែលបុរសៗកំពុងទន្ទឹងរង់ចាំ។

២. ចេះប្រកួតប្រជែង៖ ពិភពលោកសព្វថ្ងៃជាការប្រកួតប្រជែង។ ប្រសិនបើមនុស្សស្រីអាចមានភាពរឹងប៉ឹង ​ចេះធ្វើការប្រកួតប្រជែងស្មើនឹងបុរសបាន ហើយអាចមានអាកប្បកិរិយាចេះប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ ​សុចរិត មនុស្សស្រីម្នាក់នេះហើយនឹងមិននាំទុកដល់អ្នកនោះទេ ​តែធ្វើឱ្យអ្នកមានការរីកចម្រើនទៅវិញ។  ដូច្នេះលក្ខណៈចេះប្រកួតប្រជែងរបស់មនុស្សស្រីជាអ្វីដែលបុរសចង់បានជាងសម្រស់ទៅទៀត។

៣. ភាពឆ្លាតវៃ៖ ភាពឆ្លាតវៃរបស់មនុស្សស្រីជារឿងមួយដែលបុរសពេញចិត្ត ព្រោះបុរសៗដឹងថា អ្នកអាចជួយធ្វើការសម្រេចចិត្តជំនួសពួកគេបាននៅក្នុងពេលវេលាសំខាន់មួយ ហើយការសម្រេចចិត្តនឹងមិនដែលខុសឡើយ។ ភាពឆ្លាតវៃរបស់មនុស្សស្រីក៏អាចផ្តល់នូវគំនិតថ្មីៗជាច្រើនដល់បុរស ដើម្បីកែប្រែ និងបង្កើតថ្មី ​ដើម្បីធ្វើឱ្យការងារប្រកបដោយភាពជោគជ័យ។

59fdf9a3adbd35f618f40c54ac04bdf9

៤. ភាពលេងសើច៖ មនុស្សស្រីត្រូវបានគេចាត់ទុកថាជាភាពរីករាយ និងបង្កបរិយាកាសស្និទ្ធស្នាលក្នុងគ្រួសារ ​ដូច្នេះនាងគួរតែជាមនុស្សចេះលេងសើច។ ប្រសិនបើអ្នកជាមនុស្សចេះលេងសើច កំប្លែង ​និងរួសរាយទៀតនោះ មនុស្សម្នាទាំងអស់នឹងចង់នៅក្បែរអ្នក។ ហើយចរិកលក្ខណៈបែបនេះរបស់មនុស្សស្រីនេះហើយ ជាអ្វីមួយដែលបុរសៗសម្លឹងមើល ព្រោះពួកគេចង់បានភាពសប្បាយរីករាយ និងបន្ធូរភាពតានតឹងនៅផ្ទះ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។

៥.ចេះអត់ធ្មត និងមានទំនុកចិត្ត៖ ជីវិតពោរពេញទៅដោយបញ្ហា និងឡើងចុះមិនទៀង ដូច្នេះមនុស្សស្រី​ត្រូវតែចេះទទួលយកពេលវេលាដ៏លំបាកនៅក្នុងជីវិតដោយភាពអត់ធ្មត់ តស៊ូ និងការរួមសុខទុក្ខជាមួយគ្នាបាន ​ទើបអាចក្លាយជាគូជីវិតដ៏ល្អបំផុត។ ជាពិសេសត្រូវតែចេះមានទំនុកចិត្តទៅលើដៃគូ បើទោះបីជាពេលនេះអ្នកស្ថិតក្នុងពេលវេលាយ៉ាប់យឺនយ៉ាងណាក៏ដោយ ។

៦. ចេះបើកចិត្តឲ្យទូលាយ៖ ធម្មជាតិជាបុរសតែងតែមានការដើរលេង  ផឹកស៊ី និងជួបជុំមិត្តភក្តិប្រុសស្រីជារឿងធម្មតា។ ​អ្នកជាមនុស្សស្រីមិនអាចធ្វើការហាមប្រាម ​ឬតឹងរ៉ឹងពេកចំពោះរឿងទាំងនេះឡើយ ​គួរតែចេះបើកចិត្តឱ្យទូលាយ ​ទទួលស្គាល់ការពិតថាចំណងដែលតឹងពេក ​ធូរពេកក៏អាចដាច់ដូចគ្នាដែរ។ ដូច្នេះគួរតែចេះសម្របសម្រួល និងអធ្យាស្រ័យឱ្យគ្នា  តែប្រសិនជាមានការដើរលេងផឹកស៊ីច្រើនពេកក៏គួរតែនិយាយគ្នាប្រកបដោយសន្តិវិធី និងហេតុផលច្បាស់លាស់។

៧. ភាពស្មោះត្រង់៖ ប្រសិនបើអ្នកតែងតែនិយាយការពិត និងមានភាពស្មោះត្រង់ គ្មានបុរសណាដែលមិនស្រឡាញ់អ្នកឡើយ។ ​ភាពស្មោះត្រង់នៅក្នុងសេចក្តីស្នេហា  និងក្នុងក្រុមគ្រួសារជាកត្តាចម្បងសំខាន់បំផុត។

៨. មានមនសិកាល្អ៖ ការមានមនសិកាល្អជារឿងមួយសំខាន់បំផុតដើម្បីចាប់ផ្តើមគ្រួសារ ដោយមនសិកានឹងធ្វើឱ្យនារិជាមនុស្សល្អ ​គិតល្អ ​ធ្វើល្អ ​ហេតុដូច្នេះនេះជាចរិកលក្ខណៈរបស់មនុស្សស្រីដែលបុរសចង់បាន៕

F8023238cd916a17a41966454e7babb8

Optimized by Optimole