ឥណ្ឌា៖ មនុស្សមួយចំនួនតែងតែត្អូញត្អែនូវភាពលំបាករបស់ខ្លួន ពេលជួបប្រទះនឹងឧបសគ្គតិចតួច ទាំងដែលអ្នកមានអ្វីគ្រប់យ៉ាងច្រើនជាងមនុស្សខ្សត់ខ្សោយ និងអ្នកមានបញ្ហាដទៃទៀតលើពិភពលោក។
ជាក់ស្តែងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិឥណ្ឌាមួយរូបបានធ្វើឱ្យមនុស្សទូទាំងពិភពលោកសម្តែងនូវក្តីក្តុកក្តួលអាណិត និងការសោតសរសើរក្នុងពេលតែមួយ ព្រោះតែជីវិតពិតតាំងពីកំណើតរបស់ក្មេងប្រុសម្នាក់នេះគ្មានអ្នកណាថាអាចរស់នៅបានទេ ដោយតែក្មេងប្រុសឈ្មោះ Sparsh Shah គ្រាន់តែកើតមកភ្លាមស្រាប់តែមានជំងឺពុកឆ្អឹង ពោលគឺគ្រូពេទ្យបានបញ្ជាក់ថាអាចរស់នៅមានជីវិតក្រោយពីកើតបានតែរយៈពេល ១ ទៅ២ថ្ងៃប៉ុណ្ណោះ។
បើទោះបីជាដឹងថាកូនរបស់ខ្លួនមិនមានសង្ឃឹមរស់នៅតែ ម្តាយឪពុករបស់ Sparsh Shah នៅតែមិនចុះចាញ់ដោយនៅខំប្រឹងស្វះស្វែងរកវិធីព្យាបាល រហូតមិននឹកស្មានថា Sparsh Shah បានតស៊ូមានជីវិតរស់នៅដល់អាយុជាង ១០ឆ្នាំនេះ ទោះបីជាឆ្អឹងនៅតែបន្តបាក់ និងជំនួសដោយឆ្អឹងដែកក្នុងរាងកាយ ថែមទាំងអង្គុយលើរទេះរុញយ៉ាងណាក៏ដោយ។
មកទល់ពេលនេះ Sparsh Shah នៅតែប្រឹងជំនះជំងឺប្រចាំកាយរបស់ខ្លួន ដោយមានសង្ឃឹមនៅក្នុងជីវិតមិនចុះចាញ់ ថែមទាំងធ្វើអ្វីដែលខ្លួនពេញចិត្តផងដែរ នោះគឺការលេងតន្ត្រី និងការច្រៀង ដោយប្អូនប្រុស Sparsh Shah មានសមត្ថភាពអាចនិពន្ធបទចម្រៀងដ៏ពិសេស ថែមទាំងអាចច្រៀងបទបរទេសបានពិរោះគួរឱ្យសរសើរ ជាពិសេស Sparsh Shah ត្រូវបានពិភពលោកស្គាល់តាមរយៈការ Cover បទចម្រៀង "Not Afraid" របស់អ្នកចម្រៀងល្បី Eminem រហូតទទួលបានការគាំទ្រចូលទស្សនាដល់ទៅ ១៥លាន View។
រហូតដល់សព្វថ្ងៃ ប្អូនប្រុស Sparsh Shah តែងតែចេញទៅធ្វើការបញ្ចេញមតិ និងចែករំលែកបទពិសោធន៍ជាច្រើននៅលើវេទិកាទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលើកទឹកចិត្តមនុស្សទូទាំងប្រទេសរហូតទទួលបានការសរសើរ ថែមទាំងបានជួបនឹងបុគ្គលល្បីៗជាច្រើនរូបផងដែរ៕
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
Credit: TED Talk, Kim Hong (Subtitles)