ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ(សៀម)!!!

ប្រវត្តិសាស្ត្របានស្ដែងយ៉ាងប្រចក្សថាក្រោយរដ្ឋសៀមបានកកើតឡើង បណ្ដាអ្នកដឹកនាំរដ្ឋថ្មីនេះបានព្យាយាមដឹកនាំសង្គម និងបានខ្ចី ឬយកទៅប្រើប្រាស់នូវវប្បធម៌ខ្មែរជាច្រើនដើម្បីរៀបចំសង្គមរបស់ខ្លួន រាប់ទាំងពីភាសា និងអក្សរផងដែរ។ ជាក់ស្ដែងអក្សរថៃដែលយើងឃើញប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយឥតប្រកែកបានគឺត្រូវបានរចនាចេញពីតួអក្សរខ្មែរបូរាណនេះឯង។ ក្រៅពីនោះអក្សរបូរាណខ្មែរ «អក្សរខម» ក៏ត្រូវបានយកទៅប្រើប្រាស់យ៉ាងច្រើនផងដែលនៅមុនពេលជាតិនេះ (ថៃបច្ចុប្បន្ន) មានតួអក្សររបស់ខ្លួនប្រើប្រាស់ ទាំងក្នុងការកត់ត្រាសម្ដីជនជាតិខ្លួន ទាំងការប្រើប្រាស់សរសេរភាសាបាលី សាស្ត្រា គម្ពី ក្បួនខ្នាតនានា ជាច្រើន…។ល។ រហូតមកដល់គ្រាបច្ចុប្បន្ន។

១

ទោះបីជាយ៉ាងណាក្ដី ជនជាតិនេះក៏បានព្យាយាមច្រើនគ្រាមកដែរក្នុងការលុបបំបាត់ការប្រើប្រាស់អក្សរខមខ្មែរនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ខ្លួន។ នេះគឺដើមកំណើត «អក្សរអរិយកៈ» (ថ. อักษรอริยกะ)។

២

«អរិយកៈ» គឺជារូបបែបតួអក្សរមួយប្រភេទដែលប្រឌិតឡើងដោយព្រះមហាក្សត្រិយ៍ថៃមួយព្រះអង្គ គឺព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ (พระบาทจอมเกล้าเจ้าอยู่หัว) ខណៈដែលព្រះអង្គទ្រង់ព្រះផ្នួសជា «ព្រះវជិរញាណថេរៈ»(พระวชิระญาณเถระ) រជ្ជកាលទី ៣ ។ ហេតុផលសំខាន់នៃការប្រឌិតតួអក្សរនេះឡើងក៏គឺដើម្បីលែងប្រើប្រាស់តួអក្សរខមខ្មែរនៅក្នុងការសរសេរភាសាបាលីនៅក្នុងសង្គមថៃ ដែលចាក់ឫសមកយ៉ាងយូរលង់នោះឯង។ នេះរាប់ថាជាការធ្វើកំណែទម្រង់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ថៃផងដែរ។

៣

មិនមានការបរិច្ឆេទឲ្យពិតប្រាកដពីកំណើតនៃតួអក្សរ«អរិយកៈ»នេះទេ តែទោះបីយ៉ាងណាក៏ដោយមានការសន្និដ្ឋានថា ព្រះអង្គបានរៀបចំធ្វើតួអក្សរនេះឡើងបន្ទាប់ពីស្ដេចប្រថាប់នៅក្នុងវត្តបវរនិវេឝវិហារ (วัดบวรนิเวศวิหาร) នាខណៈនោះមានកូនសិស្សជាច្រើនដែលរៀនព្រះធម្មវិន័យ ហើយព្រះអង្គឈ្វេងយល់ថាគួរប្រឌិតអក្សរនេះឡើងជំនួសឲ្យអក្សរខមខ្មែរនេះ ដើម្បីឲ្យងាយស្រួលក្នុងការរៀនសូត្រ។ អក្សរខមខ្មែរនេះ ពីដើមឡើយនៅក្នុងសង្គមថៃ ត្រូវបានចាត់ទុកថាជាអក្សរស័ក្ដិសិទ្ធសម្រាប់កត់ត្រារឿងរ៉ាវទាក់ទងនឹងព្រះពុទ្ធសាសនា ទាំងជាភាសាបាលី ទាំងជាភាសាថៃ។

៤

អក្សរអរិយកៈ ដែលអតីតព្រះមហាក្សត្រិយ៍ថៃអង្គនេះស្ថាបនាឡើងគឺយកលំនាំទាំងស្រុងពីតួអក្សរឡាតាំង ដែលព្រះអង្គមានចំណេះដឹងទាំងភាសាអង់គ្លេស និងឡាតាំងស្រាប់ ដោយកែប្រែតួអក្សរថៃ និងវិធីសរសេរផងដែរ ដោយយកស្រៈមកសរសេររៀងនៅពីក្រោយព្យញ្ជនៈទាំងអស់ ដែលខុសគ្នាស្រឡះពីតួអក្សរខមខ្មែរ និងអក្សរថៃ ដែលរៀងស្រៈ ទាំងខាងមុខ ខាងក្រោយ ខាងលើ និងខាងក្រោមនោះ។

៥

ក្រោយបង្កើតតួអក្សរនេះរួចព្រះអង្គឲ្យឈ្មោះថា «អក្សរអរិយៈ» ដើម្បីសម្ដែងឲ្យឃើញថាជាតួអក្សររបស់ «អ្នកជាអារ្យជន» ដែលមានន័យថាក្រៅពីភាពងាយស្រួលក្នុងការរៀនសូត្រជំនួសតួអក្សរខមខ្មែរហើយ ក៏គឺជាការសម្របខ្លួនឲ្យមានភាពអរិយៈតាមពួកបច្ចិមប្រទេសផងដែរ។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ការព្យាយាមប្រើប្រាស់ «អក្សរអរិយៈ» នេះមិនទទួលបានជោគជ័យទេ។ ការផ្សព្ធផ្សាយ និងប្រើប្រាស់ក៏ឃើញមានតែនៅក្នុងវត្តបវរនិវេឝវិហាร(วัดบวรนิเวศวิหาร) តែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ឃើញមានចារឹកតួអក្សរនេះតែមួយប៉ុណ្ណោះនៅវត្តរាជប្រតិឞ្ឋ( วัดราชประฏิษ) ឯក្រុងបាងកក (กรุงเพทมหานคร)។

៦

ការប្រើប្រាស់អក្សរអរិយៈនេះក៏សាបរលាបទៅនៅពេលដែលព្រះមហាក្សត្រិយ៍ថៃអង្គនេះលាចាកសិក្ខាបទនិងបានឡើងសោយរាជ្យសម្បត្តិ បូករួមទាំងរូបរាងតួអក្សរ និងវិធីសរសេរខុសប្លែកគ្នាច្រើននឹងអក្សរថៃនោះ ទើបមិនមានការនិយមប្រើប្រាស់ ហើយរជ្ជការតៗមករបស់ថៃ បានធ្វើការកែសម្រួលយកតួអក្សរថៃមកសរសេរភាសាបាលីផងនោះ ក៏ធ្វើឲ្យតួអក្សរអរិយៈត្រូវលើកលែងប្រើប្រាស់នៅទីបំផុត។

ការប្តូរ ពីប្រើអក្សរខ្មែរ មកថៃ ក្រោយឆ្នាំ ១៩៤៩ ក្រោយបដិវត្តន៍ ពីសៀម មកថៃឡង់ ឆ្នាំ ១៩៣២ រាជបណ្ឌិត្យសភាថៃក៏ បានធ្វើបដិវត្តន៍ភាសាថៃផងដែរ ។ ជាក់ស្តែង ព្រះសង្ហា ( Royal logo ) ព្រះរាជាថៃបានប្តូរពីការប្រើភាសាខ្មែរ អក្សរមូល ថា « ព្រះបរមរាជឪង្ការ » មកជាអក្សរថៃ សម័យថ្មី វិញ ដូចរូបដែលជូនភ្ជាប់មកជាមួយស្រាប់ ។ សព្វថ្ងៃ ថៃ ជាប្រទេសមួយ ដែលមានអ្នកប្រាជ្ញភាសាបាលីច្រើនជាងគេ តែថៃ មិនបាន បង្រៀនភាសាបាលី ដោយប្រើ សាត្រាបូរាណដែលមានសរសេរ អក្សរខ្មែរនោះទេ ដោយពួកគេបានយកអក្សរឡាតាំងមក សរសេរតាមសូរបាលី ៕៚

Credit នៃការដកស្រងដោយ : Mr.Chron Vibol