ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ក្រក្នុងសម័យជឿនលឿន_ពិបាកជាងក្រក្នុងសម័យក្រ

#ក្រក្នុងសម័យជឿនលឿន_ពិបាកជាងក្រក្នុងសម័យក្រ

មនុស្សយើងឱ្យតែក្រគឺពិបាកហើយ ប៉ុន្តែខ្ញុំយល់ថា ក្រក្នុងសម័យ​ជឿន​លឿន វាពិបាកជាងក្រក្នុងសម័យក្រទៅទៀត។

កាលពីសម័យ ប៉ុល ពត ឆ្នាំ១៩៧៥ ដល់១៩៧៩ ប្រជាជនខ្មែរយើង នរណាក៏លំបាក នរណាក៏វេទនា នរណាក៏ហូបចុកមិនគ្រប់គ្រាន់ នរណាក៏ត្រូវគេធ្វើបាប បង្អត់អាហារ វាយដំច្រំធាក់ ប្រើធ្វើការលើសកម្លាំងដែរ តែពួកយើងនៅតែរស់បាន ព្រោះជីវិតប្រជាជនខ្មែរយើងក្នុងសម័យនោះសុទ្ធតែលំបាកដូចគ្នា។

ប៉ុន្តែចូលដល់សតវត្សទី២១ ដែលជាយុគសម័យទំនើបនិយម សម្ភារនិយម ឡូយឆាយនិយម ស៊ីវិល័យនិយម និងជាយុគសម័យ​ឌីជីថលទៅហើយនោះ តែយើងនៅតែក្រ នៅតែខ្វះអាហារហូបចុកទៀត គឺពិតជាលំបាកនិងវេទនាខ្លាំងណាស់ ហើយយើងក៏ពិបាកមើលនឹងភ្នែកផងដែរ។

139044426_4000109246701171_8029568646620385369_o

តើអ្នកមើលឃើញដូចខ្ញុំទេ? សង្គមយើងនាពេលបច្ចុប្បន្ននេះ អ្នកមានមានកប់ពពក រីឯអ្នកក្រក្រឡើងហៅលែងឮ តើវាហាក់បីដូចជាឋានសួគ៌និងឋាននរកជាឋានតែមួយដែរឬទេ?

ដូច្នេះ ប្រសិនបើយើងមានឱកាសក្លាយខ្លួនជាអ្នកមានបាន ចូរយើងចែករំលែកសេចក្ដីស្រឡាញ់ និងទ្រព្យធនខ្លះៗទៅអ្នកក្រខ្សត់ ឬខ្វះខាតទាំងនោះខ្លះផង។

ព្រោះជួនកាលភាពក្រីក្ររបស់បុគ្គលមួយចំនួននោះ គឺពុំមែនបណ្ដាលមកពីពួកគាត់ខ្ជិលធ្វើការ ឬខ្ជិលរកស៊ីនោះទេ ផ្ទុយទៅវិញគឺមកពីពួកគាត់គ្មានឱកាសបានរៀនសូត្រជ្រៅជ្រះ និងគ្មានការងារសមរម្យធ្វើតែប៉ុណ្ណោះ។

138847530_3991606317551464_1535970967456677564_o

ដូច្នេះដើម្បីកុំឱ្យអ្នកក្រមានគម្លាតឆ្ងាយពីអ្នកមាន និងឯកោខ្លាំងពេក ចូរយើងគ្រប់គ្នាផ្ដល់ក្ដីស្រឡាញ់ ស្នាមញញឹម កម្លាំងចិត្ត និងចែករំលែកទ្រព្យធនខ្លះៗទៅពួកគាត់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែបើគ្មានលទ្ធភាពជួយពួកគាត់ជាថវិកាទេ យើងផ្ដល់ជូនពួកគាត់ត្រឹមតែទឹកចិត្ត កម្លាំងចិត្ត និងភាពស្និទ្ធស្នាល នោះក៏រាប់ថាជាអំណោយដ៏មហាថ្លៃថ្លាណាស់ទៅហើយចំពោះពួកគាត់៕

#សម្រង់ប្រសាសន៍_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយ_MJQUP_Team