ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! រៀបរាប់អំពីស្រមោលអតីតកាលដ៏ជូរចត់ ដែលបណ្ដាលឱ្យរូបលោក កើតមានជំងឺបាក់ស្បាត

#ស្រមោលអតីកាល

ខ្ញុំគេងមិនលក់ ពេលខ្លះពីរបីយប់ជាប់ៗគ្នា។ ដំបូងឡើយ ខ្ញុំមិនដឹងពីមូលហេតុនេះ តែក្រោយមកទើបខ្ញុំដឹងថា ការគេងមិនលក់របស់ខ្ញុំ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលដ៏ឈឺចាប់វេទនារបស់ខ្ញុំ។ ពេលខ្លះ រហូតធ្វើឱ្យខ្ញុំគេងយល់សប្តិឃើញផងដែរ។

អាការៈរបស់ខ្ញុំត្រូវបានគេរកឃើញថា ជាជំងឺបាក់ស្បាត។ ខ្ញុំ និង ជនជាតិខ្មែរដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម និងរស់នៅជំរំភៀសខ្លួន ខាវអ៊ីដាង សាយធូ សាយអេក្ស ណងចាន់ ជំរំអំពិល និងជំរំដទៃទៀតនៃប្រទេសថៃ ត្រូវគេរកឃើញថា ៩០% មានជំងឺបាក់ស្បាត។ ជំងឺបាក់ស្បាត ត្រូវការរយៈពេលយូរដើម្បីព្យាបាល ប៉ុន្តែវាអាចនឹងមិនជាសះស្បើយដូចដើមវិញឡើយ ព្រោះអ្វីៗ វាបានដក់ជាប់ក្នុងបេះដូងទៅហើយ។

តាមអ្វីដែលខ្ញុំចាំ កាលណោះ គ្រួសារខ្ញុំត្រូវគេឱ្យរស់នៅបែកពីគ្នា។ ម្តាយខ្ញុំរស់នៅកន្លែងផ្សេង ឪពុក ខ្ញុំនៅកន្លែងផ្សេង បងប្រុសៗរបស់ខ្ញុំក៏ទៅធ្វើការ និងរស់នៅកន្លែងផ្សេង ឯខ្ញុំក៏ទៅធ្វើការកន្លែងផ្សេងដែរ។ ជួនកាលពួកយើងអាចជួបគ្នាពេលថ្ងៃមួយភ្លែត ជួនកាលយើងជួបគ្នាបានតែពេលយប់ ក្រោយពីបំពេញការងារពេញមួយថ្ងៃ។ ខ្ញុំអាយុជាង៦ឆ្នាំ ត្រូវគេប្រើឱ្យបារស្មៅអាចម៍បំណះក្នុងស្រែដែលមានទឹកជម្រៅត្រឹមជង្គង់ កន្លែងខ្លះត្រឹមៗភ្លៅ តាមពីក្រោយរនាស់ដែលគេរាស់ សម្រាប់ស្ទូងស្រូវនៅថ្ងៃស្អែកបន្ទាប់។ គេបានកំណត់ឱ្យយើងបារ បើរមិនទាន់ផែនការទេ យើងនឹងត្រូវមានទោស ដោយទទួលទណ្ឌកម្មផ្សេងៗ។

ក្មេងៗ ដែលធ្វើការជាមួយខ្ញុំ គេឆ្លាត គេវាងវៃ គេប្រើល្បិច លួចជាន់អាចម៍បំណះបង្កប់ទៅក្នុងដី ក្នុងទឹកវិញ ចំណែក ខ្ញុំឆោត ខ្ញុំ ចេះតែបារៗ តាមបញ្ជាគេ ទម្រាំរួចម្តងៗ សឹងតែបាក់ចង្កេះស្លាប់។ ជួនកាលថ្ងៃខ្លះ ម្តាយខ្ញុំ ដែលដើរឆ្លងកាត់(ម្តាយខ្ញុំមានផ្ទៃពោះ គេឱ្យនៅក្បែរចុងភៅ គ្រាន់រកបន្លែត្រកួន) ឃើញខ្ញុំ គាត់ក៏លួចខ្សឹបខ្ញុំឱ្យលួចជាន់ ពន្លិចទៅក្នុងទឹកដូចគេ។ ខ្ញុំនៅតែឆោតមិនហ៊ានធ្វើដដែល រហូតច្រើនថ្ងៃទើបហ៊ានប្រថុយម្តង ហើយទោះបី យើងធ្វើការធ្ងន់ហួសកម្លាំងយ៉ាងនេះក៏ដោយ ក៏យើងទទួលបានអាហារត្រឹមតែបបរបីស្លាបព្រាក្នុងមួយពេលដែរ។

145723585_4045626865482742_8417281146330073052_o

ពេលខ្លះឃ្លានពេក ខ្ញុំ បងប្រុសខ្ញុំ ឬជួនកាលម្តាយខ្ញុំ នាំគ្នាលួចទៅរែងអង្កាម ដែលគេចោល ដើម្បីយក ចុងអង្ករមកដាំបាយហូប។ ថ្ងៃមួយពេលបងប្រុសខ្ញុំ រែងបានច្រើនទូលកាត់ភូមិ ពួកឈ្លបភូមិមើលឃើញ គេ ក៏មកចាប់គាត់ និងសួររកអ្នកដែលបញ្ចេះឱ្យគាត់លួច។ ដោយភ័យខ្លួនពេក បងរបស់ខ្ញុំ បានប្រាប់គេតាមត្រង់ ថា ម្តាយខ្ញុំ ជាអ្នកឱ្យទៅលួច។ កាលណោះម្តាយខ្ញុំ មានទម្ងន់ (មានផ្ទៃពោះ) ប្អូនស្រីខ្ញុំ។

ក្រោយពីដឹងហើយ ពួកឈ្លបបានទៅជួបម្តាយខ្ញុំ ហើយប្រាប់ម្តាយខ្ញុំថា ត្រូវតែជីករណ្តៅ ដើម្បីកប់សពខ្លួនឯង និងគ្រួសារ។ ដីដែលពួកគេឱ្យម្តាយខ្ញុំជីក គឺទទឹង២ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ជម្រៅជាង១ម៉ែត្រ។ ពួកគេគំរាមថា បើម្តាយខ្ញុំជីកមិនហើយក្នុងរយៈពេលមួយយប់ទេ គេនឹងយកគ្រួសារខ្ញុំទៅសម្លាប់ហើយកប់ក្នុង រណ្តៅនេះទំាងអស់។ ពួកឈ្លបដាក់កំហិតមិនឱ្យអ្នកណាជួយជីកម្តាយខ្ញុំទេ ប៉ុន្តែយប់ឡើង បងប្រុសខ្ញុំ បាននាំ គ្នាទៅលួចជីករណ្តៅនោះ។ វាហាក់អច្ឆរិយៈ និងទេវតាជួយដែរ ពេញមួយយប់នៅរណ្តៅដ៏ធំ និងជ្រៅត្រូវបានជីករួចរាល់។

ដោយសារតែឃើញម្តាយខ្ញុំ ធ្វើបានសម្រេចតាមផែនការពួកឈ្លប មិនបានសួរដេញដោលរឿងជីក ប៉ុន្មាននាក់នោះទេ តែគេបានអនុញ្ញាតឱ្យពួកយើងរួចខ្លួន។ ពួកយើងត្រេកអរ ទំាងព្រលឹងចុងសក់។

ខ្ញុំនៅចងចាំរឿងដ៏រន្ធត់ខ្លោចផ្សាមួយទៀតដែរ ហើយរឿងនោះ ខ្ញុំបានសរសេរនៅក្នុងសៀវភៅ ភ្នំដង រែកទីពុំអាចបំភ្លេចរបស់ខ្ញុំរួចហើយ គឺដូនចាស់ម្នាក់ ត្រូវគេចងផ្អោបនឹងបង្គោលឬស្សីកណ្តាលថ្ងៃក្តៅ ក្បែររោងហួបបាយរួម។ ដូចនេះ ត្រូវក្មេងៗស្របាលៗខ្ញុំ យកចានបាយវាយក្បាលម្នាក់មួយចានឮលាន់ប៉ឺងៗ រហូតចេញឈាម។ ពួកអង្គការបង្គាប់ឱ្យយើងវាយក្បាលដូនចាស់នោះ ព្រោះគេចោទថា ដូនចាស់ បានលួចរបស់របរ សមូហភាពរបស់អង្គការ។ បើមិនវាយទេ គេនឹងដាក់ទោសយើង។

143177282_4040248682687227_7522990358536538085_o

នេះជាការលើងឡើងរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងឱកាសជួបខ្ញុំ នៅក្នុងហាងកាហ្វេមួយនាកណ្តាលរាជធានីភ្នំពេញ កាលពីខែសីហា។ លោកឧកញ៉ា ប្រាប់ខ្ញុំថា ជីវិតលោកវេទនាខ្លាំងណាស់ ទម្រាំមានថ្ងៃនេះ ដូច្នេះ គាត់ដាស់តឿន ឱ្យខ្ញុំប្រឹងប្រែង និងតស៊ូឡើង។

លោកឧកញ៉ា បញ្ជាក់ទៀតថា សម័យកាលនេះ យុវជនមិនវេទនាដូចសម័យលោកឧកញ៉ាទេ ព្រោះសម័យនោះ យុវជនត្រូវធ្វើការពេញៗមួយថ្ងៃ ឬជួនកាលរហូតដល់យប់ គ្មានពេលរៀនសូត្រ ឯយុវជនបច្ចុប្បន្នមានឱកាសរៀនសូត្រច្រើន ដូច្នេះយុវជនត្រូវចេះ រង់ចាំឱកាស ចេះបង្ក ឬកសាងឱកាស និងចេះឆក់ឱកាស។

លោកឧកញ៉ាថា យុវជនបច្ចុប្បន្ន មិនគួររង់ចាំឱ្យឱ កាសរត់មករកទេ ពេលខ្លះ គួរចេះរត់ទៅរកឱកាស។ លោកឧកញ៉ាថា ទោះបីយ៉ាងណា យ៉ាងហោចណាស់ យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនសម័យនោះដែរ។ ចូរព្យាយាម ដើម្បីគ្រប់គ្រងឱកាស និងឆក់យកឱកាសឱ្យបាន។

.............................................

ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach

បោះពុម្ពផ្សាយខែមករា គ.ស.២០២០

និពន្ធដោយ៖ អឿ ស៊ីណា

#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖

https://www.mjquniversitypress.com/my-role-model-oknha.../

ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)