ប្រាសាទតុប ខាងលិច ៖ ជាប្រាសាទវិសេសដែលមានលក្ខណៈស្ថាបត្យកម្មជាសម័យកណ្ដាល!

#ប្រាសាទតុប ខាងលិច

ជាប្រាសាទវិសេសដែលមានលក្ខណៈស្ថាបត្យកម្មជាសម័យកណ្ដាល ដែលមានន័យជាប្រាង្គប្រាសាទសម្រាប់ព្រះពុទ្ធសាសនាថេរវាទ ឬ ជាព្រះប្រាង្គចេតិយដែលគេឧបកិច្ចតម្កល់ព្រះសិរីរិកធាតុ ក្នុងន័យគោរពចំពោះព្រះពុទ្ធសាសនា ដែលប្រាង្គកណ្ដាល ក្នុងចំណោមប្រាង្គទាំង៣ បានធ្វើស្រោបពីលើប្រាង្គឯកប្រាសាទចាស់សម័យអង្គរ នាអំឡុងស.វ.ទី៩~១០ ក្រោយពីប្រាសាទចាស់ បានដួលរលំទៅ ប្រហែលនា ស.វ.ទី ១៣ និងអំឡុង ឆ្នាំ ១៤៥៦?

( តារយៈការធ្វើតេស្តដោយ កាបូន វិទ្យុសកម្ម) ទើបមានការរៀបចំរៀបថ្មឡើងវិញ ជាប្រាង្គ លុះមួយសតវត្សក្រោយមក អំឡុង ស.វ.ទី ១៦~១៧ ទើបមានសាងប្រាង្គ២ អមបន្ថែមទៀត និង បានលើកខឿនជាកើយ ហើយជាឋានប្រាង្គណ៍ នៅខាងមុខប្រាសាទ ប្រាង្គកណ្ដាល ដែលមានរាងទ្រវែង សម្រាប់ធ្វើរោងឧបោសថ អំពីឈើ ប្រក់ដោយក្បឿងនាគ (ក្បឿងស្រទបចេក) លាបទឹករលោង ដុតរំលីងឲ្យចេញជាពណ៍ប្រផេះ ហើយមានទំហំធំជាងក្បឿងនាសម័យអង្គរ ប្រទក្សិណដោយសីមាភ្លោះ៨ទិស និងរៀបចំមានព្រះពុទ្ធរូបជាអង្គប្រធាន ដែលសព្វថ្ងៃ នៅសល់តែបល្ល័ង រួច ធ្វើជណ្ដើរញែក ដើម្បី ឡើងទៅតួប្រាង្គកណ្ដាល

* ប្រាង្គចេតិយកណ្ដាល ជាប្រាង្គ ដែលមានខឿន៣ថ្នាក់ រៀបដោយកែឆ្នៃថ្មពីប្រាសាទចាស់ មានខឿនជាថ្មបាយក្រៀម ដោយមានការ តម្រៀបថ្ម មិនបន្ស៊ីមុខគ្នា តែបំណេញដោយឥដ្ឋនិងបាយអរ ហើយលាបស្រោបដោយបាយអរពីលើ តួប្រាង្គមានបើកទ្វារ៤ទិស ដោយលម្អដោយផ្ដែរ និងសសរពេជ្រ រចនាបថបន្ទាយស្រី ហើយមានហោជាងត្រួតគ្នា៥ថ្នាក់ ជាបាំងខ្លែងដែលមានចម្លាក់ទាំង៤ទិស និងខុសគ្នាទៅតាមជាន់ ជារឿងក្នុងឈុតព្រះពុទ្ធសាសនា និងទេពប្រចាំទិសផ្សេងៗ ហើយជាន់លើបង្អស់ មានឆ្លាក់ជា ក្អមមង្គល ( កលស ?) ដែលជាចម្លាក់នៅសម័យកណ្ដាល

* ប្រាង្គទាំង២ ដែលដែលនៅអមសង្ខាង ប្រាង្គកណ្ដាល

~ ប្រាង្គខាងឆ្វេង សាងលើខឿន២ ថ្នាក់ មានជណ្ដើរ ៤ទិស ហើយជណ្ដើរខាងមុខ ចុះដោយឡែក មិន ចុះចំខឿនឋានប្រាង្គណ៍ទេ មានទ្វារបញ្ឆោត៣ និងបើកទ្វារតែមួយទិសខាងកើត មានហោជាង៤ទិស ១ជាន់ ដែលឆ្លាក់ព្រះពុទ្ធរូប៤ ទិស ហើយ មានរូបដែលគេដាប់ ជាសត្វផ្សេងៗ មាន ដំរី សេះ លើជញ្ជាំង ( មិនដឹងសម័យកាល )

~ ប្រាង្គខាងស្ដាំ សាងលើខឿន២ ថ្នាក់ដូចគ្នានឹងស្ថាបត្យកម្មប្រាង្គខាងឆ្វេងដែរ តែមានលក្ខណៈវិសេស ត្រង់ នៅតាមទ្វារបញ្ឆោតទាំង៣ ដែលសន្ធប់ប្រាង្គ គេឆ្លាក់ ជាព្រះពុទ្ធទ្រង់ឈ ៣អង្គ ដែលមានមួយអង្គ ជាទម្រង់បិណ្ឌបាត្រ? ជាព្រះយាង ឬ ព្រះលីលា ( Walking Buddha )

ទីសាសនាមួយនេះ ត្រូវបានគេគោរពប្រណិបត័ន៍តរៀងមក រហូតដល់ ស.វ.ទី ១៩ ព្រោះ មានការកសាងឥតដាច់ជាហូរហែរមក មានដូចជាការ បញ្ចុះធាតុដើម្បីភ្ជាប់ខ្លួននឹងព្រះ ក៏ដូចជាការកសាង ព្រះពុទ្ធរូបជាដើម

ក្រោយការដួលរលំ នៅអំឡុងឆ្នាំ ១៩១៨ ត្រូវបានរៀបចំឡើងវិញ ដោយលោក Henri Marchal តែក្រោយមកមិនយូរប៉ុន្មានក៏បានដួលរលំវិញ ដោយសារប្រាង្គនេះ មិនមានតិកនិកក្នុងការរៀបថ្មបង្ខំគ្នា ដោយគ្រាន់តែរៀបឡើង បិទបៀកដោយបាយអរបំពេញប៉ុណ្ណោះ

ស្ថានភាពប្រាង្គទាំង៣ សព្វថ្ងៃនេះ គឺកំពុងជួសជុល ដោយ ប្រាង្គទាំង២ នៅអមសង្ខាង បានបញ្ចប់ការជួសជុល នៅឡើយតែតួប្រាង្គកណ្ដាល ដែល កំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុល ដែលចាប់ដោយមានកិច្ចសហការណ៍ ពីវិទ្យាស្ថាន ស្រាវជ្រាវ ជាតិ ណា រ៉ា របស់ ប្រទេស ជប៉ុន ចាប់តាំង ពីឆ្នាំ២០១១មក

១

២

៣

៤

៥

៦

៧

៨

៩

ប្រភព: Hai Kimhong