ត្រៀម​មុន​ចេញ​លក់​ផ្លូវការ! Samsung ពន្លឿន​ការ​ផលិត​ម៉ូឌែល​ថ្មី​ ២ នេះ ឲ្យ​បាន ៧ លាន​គ្រឿង

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ យើង​ទទួល​បាន​ដំណឹង​ម្តង​រួច​មក​ហើយ ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​នៃ​ស្មាតហ្វូន​សេរ៊ី​ថ្មី Galaxy Z Fold3 ដែល​ជា​ស្មាតហ្វូន​បត់​ត្រៀម​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។

ដោយឡែក​ថ្មីៗ​នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ FrontPageTech ក៏​បាន​ឲ្យ​ដឹង​ថា ចង្វាក់​ផលិតកម្ម​ទី​ពីរ​នៃ Galaxy Z Flip3 ដែល​ជា​បងប្អូន​ត្រកូល​តែ​មួយ​នោះ ក៏​ចាប់ផ្តើម​ផលិត​ដូច​គ្នា។ ប្រភព​បាន​ឲ្យ​ដឹង​ថា Samsung កំពុង​ពន្លឿន​ល្បឿន​នៃ​ចង្វាក់​ផលិតកម្ម ដោយ​ក្នុង​មួយ​ថ្ងៃ​ចង់​បាន​ចន្លោះ​ពី ៥០ ០០០ ទៅ ៧០ ០០០ គ្រឿង ដើម្បី​ធានា​បាន ​ថា​អាច​មាន​ម៉ូឌែល​ទាំង​ពីរ​ដល់​ខ្ទង់ ៧ លាន​គ្រឿង ត្រៀម​ចរាចរ​លើ​ទីផ្សារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

Gsmarena_007

បញ្ជាក់​ថា​ Samsung ពុំ​មាន​ការ​បង្ហើប​អ្វី​ទុក​ជា​មុន​នោះ​ទេ ពាក់ព័ន្ធ​នឹង​គ្រឿង​បង្គំ ឬ​លក្ខណៈ​សម្បត្តិ​ថ្មី​នៃ​ស្មាតហ្វូន​បត់​ទាំង ២ សេរ៊ី តែ​តាម​ចចាមអារ៉ាម​គឺ​ក្រុមហ៊ុន​គ្រោង​ប្រកាស​ចេញ​ផ្សាយ​នៅ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នា​ថ្ងៃ​ទី ៣ ​សីហា ហើយ​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៧ ​សីហា ដោយ​ឆ្នាំ​នេះ​វា​ជា​តួ​ឯក​ជំនួស​ត្រកូល Note សេរ៊ី​ ២០២១៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

 

 

Optimized by Optimole