កំហុស ៥ អ្នកមានទម្លាប់ច្រកបាយទៅកន្លែងធ្វើការ អាចនាំឲ្យខ្លួនឯងខូចថ្លើមនិងតម្រងនោម

ជឿថាមានគ្នាយើងច្រើនណាស់ ដែលមានទម្លាប់យកបាយទៅបរិភោគនៅកន្លែងធ្វើការ ឬរៀបចំច្រកដាក់ប្រអប់ ដើម្បីកាត់បន្ថយការចំណាយទទួលទានអាហារនៅខាងក្រៅ និងសន្សំសំចៃពេលវេលា។

យ៉ាងណាបើអ្នកបង្កកំហុស ៥ យ៉ាងដូចបង្ហាញខាងក្រោម តាមរយៈការច្រកបាយទៅកន្លែងធ្វើការ នោះលុយដែលអ្នកខំរក ក៏នឹងអស់ទៅវិញ ព្រោះថ្ងៃមុខរាងកាយអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន៖

៥) ខ្ចប់បាយជាមួយប្រអប់ប្លាស្ទិកដែលមានគុណភាពអន់

Ice_screenshot_20210709 140812

ប្រអប់ប្លាស្ទិកមានច្រើនជម្រើស ច្រើនម៉ាក តែបើអ្នកសន្សំសំចៃខ្លាំងពេក ទៅរកទិញរបស់ដែលមានតម្លៃថោក ហើយគ្មានគុណភាព ល្អតែមើល នោះនឹងប៉ះពាល់សុខភាពអ្នកជាខ្លាំង។ អ្នកត្រូវយកប្រភេទប្រអប់ដែលមានភាពធន់នឹងកម្ដៅបានល្អ ហើយបើអាចគួរតែប្រើប្រាស់ប្រភេទពរ្សឺឡែន ឬកញ្ចក់ជំនួស ព្រោះវានឹងមិនរំលាយជាតិជ័រដែលបង្កគ្រោះថ្នាក់ដូចប្រភេទប្រអប់ប្លាស្ទិកឡើយ។

៤) ដាក់ម្ហូបក្តៅចូលក្នុងប្រអប់

Ice_screenshot_20210709 140849

ពេលអ្នកប្រញាប់ខ្លាំងពេក អ្នកច្រកយកៗ ទាំងដែលម្ហូបកំពុងក្តៅខ្លាំង នោះគឺគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ។ តាមពិតទៅការបាត់បង់ឱជារសវាជារឿងធម្មតាទេ តែអ្វីដែលសំខាន់ភាពក្តៅនោះនឹងចូលទៅរំលាយប្លាស្ទិក ហើយបញ្ចេញជាសារធាតុពុល បណ្តាលឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នកបាន។

ដូច្នេះអ្នកគួរតែរង់ចាំឲ្យអាហារត្រជាក់សិន ឬដួសវាដាក់ចានទុកឲ្យត្រជាក់ សឹមរៀបចូលដាក់ក្នុងប្រអប់ ហើយពេលទទួលទានចាំយកមកកម្តៅសារឡើងវិញក៏បាន។

៣) ដាក់បាយនិងម្ហូបនៅរួមគ្នា

Ice_screenshot_20210709 140819

ជាទូទៅបាយបើទុកនៅបន្ទប់សីតុណ្ហភាពធម្មតា ត្រឹមរយៈពេលជាង ៥ ម៉ោងវានឹងឡើងក្លិនរាងជូរបន្តិចហើយ ដូច្នេះបើអ្នកផ្អាប់អាហារឬម្ហូប ជាមួយគ្នាទៀតនោះ វានឹងកាន់តែមិនល្អ ធ្វើឲ្យខូចគុណភាពអាហារ។ អ្នកគួររៀបចំដាក់វាដាច់ដោយឡែកពីគ្នា ឬប្រើប្រអប់ផ្សេងគ្នាតែម្តង បើអាចធ្វើទៅបាន។

២) យកអាហារសមុទ្រដែលសល់

Ice_screenshot_20210709 140825

ជាការពិតត្រីនិងអាហារសមុទ្រមានផ្ទុកនូវប្រូតេអ៊ីន ក៏ដូចជាសារធាតុចិញ្ចឹមដែលល្អជាច្រើនសម្រាប់រាងកាយ។ យ៉ាងណាបើអ្នកយករបស់ដែលសល់ពីយប់ ហើយអ្នករក្សាទុកវាមិនបានត្រឹមត្រូវ នោះងាយនឹងបង្កឲ្យមានមេរោគបាក់តេរីកើតឡើងលឿនបំផុត។

១) កម្ដៅអាហារខុសរបៀប

អ្នកមិនគួរកម្តៅអាហារ ដោយដាក់ប្រអប់ប្លាស្ទិកទាំងមូលទៅក្នុងម៉ាស៊ីន Microwave នោះទេ ព្រោះដូចលើកឡើងពីខាងលើពេលកម្តៅឡើងខ្លាំងជាតិជ័រនឹងរលាយចេញមក ហើយបើចូលទៅក្នុងពោះអ្នក វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកក្រលៀន ឬតម្រងនោម។ ជម្រើសល្អបំផុតត្រូវប្រើប្រាស់ប្រភេទប្រអប់ដែលធន់នឹងកម្តៅ ដូចជាកញ្ចក់ ឬពរ្សឺឡែន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក