ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth

Hedy Lamarr គឺជាតារាសម្តែង ដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលី - អាមេរិក ដែលបានត្រួសត្រាយបច្ចេកវិទ្យា និងបានបង្កើតជាមូលដ្ឋានគ្រឹះដំបូង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងដូចជា WiFi GPS និង Bluetooth មកដល់សព្វថ្ងៃ។

20181126 232608 756af9d3fc4edccee23eaeb4c095df08

ដំបូងឡើយ Lamarr គឺមានឈ្មោះពិតតថា Hedwig Eva Kiesler កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩១៤ ក្នុងគ្រួសារជនជាតិជ្វីស្វមួយដែលមានជីវភាពធូរធារ។ ដោយសារតែនាងជាកូនទោលនៅក្នុងគ្រួសារនោះ Lamarr ទទួលបានការចាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងខ្លាំងពីឪពុករបស់នាង ដែលគាត់ជានាយកធនាគារ និងជាបុរសដែលចង់អោយ Lamarr ស្គាល់ពីពិភពលោកខាងក្រៅអោយបានច្រើន។ ជារឿយៗគាត់ចូលចិត្តនាំនាងដើរលេង ហើយឪពុក-កូន ទាំងពីរនេះតែងតែពិភាក្សាគ្នាពីរឿងម៉ាស៊ីនផ្សេងៗដូចជាម៉ាស៊ីនព្រីនធ័រ ឬឡានតាមដងផ្លូវ ហេតុនេះហើយទើប Lamarr មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរឿងម៉ាស៊ីន និងបច្ចេកវិទ្យាផ្សេងៗជាដើម ។

២

ហើយដោយសារតែមានការបណ្តុះគំនិតខាងគ្រឿងម៉ាស៊ីននេះពីឪពុកនាងបែបនេះហើយ អាយុត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ នាងអាចរុះរើ និងផ្គុំប្រអប់តន្ត្រីរបស់នាងឡើងវិញ ដើម្បីស្វែងយល់ពីរបៀបនៃការដំណើរការម៉ាស៊ីន។ ពិសេសក្រៅពីសមត្ថភាពផ្នែកគ្រឿងម៉ាស៊ីននោះ ដោយម្តាយរបស់ Lamarr គឺជាអ្នកលេងព្យាណូ​ ដ៏ពូកែនោះ គាត់បានឱ្យនាងរៀនរាំរបាំបាឡេ និងព្យាណូតាំងពីនៅក្មេងរហូតជម្រុញនាងចូលទៅកាន់សិល្បៈផងដែរ។

១

នៅក្នុងឆ្នាំ ១៩៣០ ពេលដែល Lamarr ពេញវ័យ អាយុ ១៦ឆ្នាំ សម្រស់របស់នាងកាន់តែស្រស់ស្អាត រហូតដល់ត្រូវបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តអាល្លឺម៉ង់មួយ ដែលមានឈ្មោះថា Geld auf der ហើយបន្ទាប់ពីនោះមកមិនដល់២ឆ្នាំផង គឺនៅក្នុងឆ្នាំ ១៩៣២ នាងកាន់តែមានភាពល្បីល្បាញរហូតក្លាយជាតារាសម្តែងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ នាងមិនបានបំភ្លេចចោលនូវការច្នៃប្រឌិតម៉ាស៊ីនផ្សេងៗនោះទេ ពោលគឺនាងជាមនុស្សពូកែម្នាក់ខណៈ ដែលឧបករណ៍ក្នុងការច្នៃប្រឌិតរបស់នាងនៅតែបន្ដទៅមុខ។

៣

នៅក្នុងឆ្នាំ ១៩៣៣ ផ្តើមចេញពីអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនោះ អ្នកជំនួញមួយរូបគឺ លោក Fritz Mandl បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹង Lamarr រហូតបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា តែបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះពួកគេក៏បែកបាក់គ្នា ព្រោះ Lamarr មានអារម្មណ៍ថាការរស់នៅជាមួយស្វាមីរបស់នាងធ្វើឱ្យនាងមានសម្ពាធ ពិបាកដកដង្ហើម ព្រោះតែប្តីរបស់នាងមានភាពតឹងរ៉ឹងផ្តាច់ការ ទុកនាងដូចជាតុក្កតា។ នាងត្រូវធ្វើជាមេផ្ទះ ខំប្រឹងធ្វើជាញញឹមរាក់ទាក់ និងធ្វើខ្លួនជាភរិយាល្អចំពោះមិត្តភក្តិ សង្គម និងអ្នករួមការងាររបស់ស្វាមីនាង ហើយនាងមានអារម្មណ៍ថាខ្លួនដូចជារបស់ដែលត្រូវបានគេថែរក្សា ហួងហែង និងមើលថែខ្លាំង ប្រៀបបីដូចជារស់នៅក្នុងគុកឥតជញ្ជាំង។ រហូតដល់ឆ្នាំ ១៩៣៧ នាងបានរត់គេចចេញពីជីវិតរៀបការមួយនេះទៅរស់នៅសាងជីវិតថ្មីនៅក្នុងទីក្រុងឡុង៍ ប្រទេសអង់គ្លេស ។


Hedy Lamarr 1825025_1920 1038x576

ជីវិតថ្មីនៅអង់គ្លេស នាងមានការងារជាបន្តបន្ទាប់ទាក់ទងនឹងការងារសិល្បៈ ពិសេសថែមទាំងមានការណាត់ជួបជាមួយអ្នកជំនួញ និងអ្នកបើកយន្តហោះលោក Howard Hughes តែអ្វីដែលនាងចាប់អារម្មណ៍នោះមិនមែនទ្រព្យសម្បត្តិរបស់គាត់ទេ នោះគឺចំណេះខាងគ្រឿងម៉ាស៊ីនតែម្តង។ នាងតែងទទួលបានការណែនាំជាច្រើនពីការងារទាក់ទងនឹងគ្រឿងម៉ាស៊ីន រហូតនាងមានគំនិតជាច្រើន ថែមទាំងបានផ្តល់យោបល់ទាក់ទងនឹងការកែច្នៃគ្រឿងម៉ាស៊ីន និងស្លាបយន្តហោះដល់លោក Hughes រហូតលោកបានលាន់មាត់សរសើរថា « នាងជាមនុស្សស្រីអច្ឆរិយៈ និងអស្ចារ្យបំផុត »

Hedylamarr

ជីវិតនៅក្នុងនាមជាអ្នកច្នៃប្រឌីត និងបង្កើតថ្មី នាងបានបន្តបង្កើតអំពូលភ្លើងដែលត្រូវបានកែលម្អ ជាមួយនឹងថេប្លេតសម្រាប់ដាក់ក្នុងទឹកដើម្បីបង្កើតជាទឹកសូដាដែលស្រដៀងទៅនឹងកូកា - កូឡាដែរ។ បន្ទាប់មកទៀត Lamarr និង លោក Antheil បានធ្វើការរចនាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាជាច្រើនរួមទាំងបច្ចេកវិទ្យា WiFi បច្ចេកវិទ្យាទូរស័ព្ទចល័ត និងសម្ភារៈផ្សេងៗជាច្រើនទៀត។ ក្រោយមក ដោយសារតែ Lamarr ជាអ្នកបង្កើតមូលដ្ឋានគ្រឹះនៃ WiFi នាងក៏បានក្លាយជាស្ត្រីដំបូងគេដែលបានទទួលពានរង្វាន់ Bulbie Gnass Spirit of Achievement Award ក្នុងឆ្នាំ ១៩៩៧ ដែលធ្វើអោយនាងក្លាយជាមនុស្សដែលជោគជ័យទាំងវិស័យសិល្បៈ និង បច្ចេកវិទ្យា។

Hedy Cover

បើទោះបីជា Lamarr បានទទួលមរណភាពក្នុងឆ្នាំ ២០០០ ក៏ដោយ តែនាងត្រូវបានគេផ្តល់កិត្តិនាមនៅក្នុង National Inventors Hall of Fame ថាជាអ្នកអភិវឌ្ឍបច្ចេកវិទ្យាប្រេកង់ ក្នុងឆ្នាំ ២០១៤ ។ ហើយសមិទ្ធិផលជាច្រើនរបស់នាងបែបនេះហើយ បានធ្វើឱ្យ Lamarr ត្រូវបានគេដាក់ឈ្មោះថា «មាតា Wifi » ព្រោះដោយសារតែការត្រួសត្រាយផ្លូវនៃការរុករករបស់នាង បាននាំឱ្យពិភពលោករកឃើញនូវបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា Wifi និង wireless communications ដូចជា GPS and Bluetooth ជាដើម៕

Ca83cbaf Da0f 457c 8338 71b9d82a603c

Screen Shot 2021 06 02 At 8.53.41 PM

អត្ថបទប្រែសម្រួលដោយ៖ Sreynoch Long

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06