Murphy ថា​ដោយសារ Ronaldo ទើប​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ពិបាក​នឹង​សម្រប​ខ្លួន

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​លោក Danny Murphy បាន​បង្ហាញ​ការ​យល់​ឃើញ​ថា វត្តមាន Cristiano Ronaldo បាន​ជះ​ឥទ្ធិពល​អាក្រក់ ដល់​ការ​សម្រប​ខ្លួន​នៃ​យុវជន​ចំណូល​ថ្មី​រប់ស​ក្លឹប​ Man Utd។

GettyImages 1342437509 2

Danny Murphy

នោះ​គឺ​លោក Murphy សំដៅ​ដល់ Jadon Sancho ដែល​គេ​កាល​នៅ​ក្លឹប​ចាស់ Dortmund គេ​លេង​បាន​ល្អ តែ​មក​ដល់ Man Utd ហាក់​មិន​សម​នឹង​តម្លៃ​ខ្លួន​ទាល់​តែ​សោះ ពោល​គឺ​មិន​ទាន់​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន​អ្វី​ឡើយ។

ប្រាប់​ទៅ​កាន់ talkSPORT កន្លង​ទៅ​នេះ លោក Murphy ថា៖ "Sancho គេ​រាង​ជួប​បញ្ហា​បន្តិច ជា​ពិសេស​នៅ​ពេល​យើង​ស្ថិត​ក្នុង​ក្រុម​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ ខ្ញុំ​គិត​ថា​គេ​ត្រូវ​ការ​ពេលវេលា ដើម្បី​រក​កន្លែង​ដ៏​សក្តិសម​សម្រាប់​គេ​ក្នុង​ក្រុម"។

Jadon Sancho Man Utd

លោក​បន្ថែម​ថា៖ "ខ្ញុំ​គិត​ថា Sancho គេ​ទទួល​រង​ការ​ឈឺចាប់​ដោយសារ Ronaldo ព្រោះ​ Sancho គេ​គួរ​តែ​បាន​លេង​ច្រើន​ជាង​នេះ ដោយសារ Greenwood ដែល​លេង​ប្រយុទ្ធ​កណ្តាល ឥឡូវ​ពេល​មាន Ronaldo គេ​ត្រូវ​រុញ​មក​លេង​ជាន់​តំណែង​របស់ Sancho ម្នាក់​ថែម​ទៀត"។

គួរ​រំឭក​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ រាប់​ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ក្លឹប​ម្ចាស់ដី Old Trafford គេ​បង្ហាញ​ខ្លួន​សរុប ៨ ប្រកួត ចាយ​ពេល​ជាង ៤០០ នាទី​លើ​ទីលាន​ដែរ តែ​មិន​ទាន់​អាច​រក​បាន​សូម្បី​គ្រាប់​បាល់​និង​ការ Assist ឲ្យ​ក្លឹប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក