បាត់បង់ក៏បាត់បង់ចុះ តែកុំបន្ថែមភាពលំបាកដល់ខ្លួនឯងទៀត

មានរឿងកង្វល់ខ្វល់ខ្វាយជាច្រើន សុទ្ធតែយើងខ្លួនឯងជាអ្នកយកមកដាក់ខ្លួន បើមនុស្សម្នាក់មិនអនុញ្ញាត្តឱ្យខ្លួនឯងខ្វល់ខ្វាយទេ នោះអ្នកដទៃក៏ពិបាកធ្វើឱ្យខ្លួនយើងខ្វល់ខ្វាយ និងខឹងដូចគ្នាដែរ។

មានម្តងនោះ នៅក្នុងផ្ទះរបស់លោកប្រធានធិបតី Roosevelt បានត្រូវគេលួចអស់របស់ជាច្រើន មិត្តម្នាក់បានស្តាប់ឮដំណឹងនេះហើយ បានសរសេរសំបុត្រលួងលោមគាត់ដោយប្រាប់គាត់ថា កុំខ្វល់ខ្វាយពីរឿងនេះពេក។ តែលោក Roosevelt បានសរសេរសំបុត្រឆ្លើយតបទៅមិត្តភក្តិគាត់វិញថា៖

“ មិត្តជាទីស្រលាញ់ ! អរគុណដែលអ្នកសរសេរសំបុត្រមកលួងលោមខ្ញុំ ពេលនេះខ្ញុំបានសុខសប្បាយហើយ។ អរគុណព្រះរាជាម្ចាស់! ពីព្រោះ ទី១. អ្វីដែលចោរលួចទៅ គឺជាទ្រព្យសម្បត្តិខ្ញុំមែន តែមិនបានធ្វើបាបដល់ជីវិតរបស់ខ្ញុំឡើយ ទី២. ចោរគ្រាន់តែលួចទ្រព្យសម្បត្តិខ្ញុំទៅខ្លះតែប៉ុណ្ណោះ មិនបានលួចទ្រព្យសម្បត្តិខ្ញុំទាំងអស់នោះទេ ទី៣.អ្វីដែលគួរឱ្យអបអរសាទរបំផុតនោះគឺ អ្នកធ្វើចោរ គឺជារូបគេ តែមិនមែនជារូបខ្ញុំឡើយ។”

Image_2021 12 28_152742

ការបាត់ទ្រព្យសម្បត្តិទាំងនេះ ដើមឡើយ គឺជារឿងដែលអាក្រក់ណាស់ទៅហើយ បើព្រោះតែការខឹង ឈឺចិត្ត និងត្អួញត្អែរ មានតែញុំាងឱ្យភាពខ្វល់ខ្វាយបន្ថែមពីលើនោះតែប៉ុណ្ណោះ។ ចំពោះលោក Roosevelt វិញ បានចាត់ទុករឿងនេះជារឿងល្អមួយ ហើយស្វែងរកហេតុផលបីយ៉ាងសម្រាប់ការដឹងគុណ គំនិតដែលអាចគិតបែបនេះ គឺជាកម្រិតទស្សនៈដែលមនុស្សទូទៅមិនងាយនឹងធ្វើចិត្តបានឡើយ។

ហេតុផល និងទស្សនៈគំនិតបែបនេះ តាមពិតទៅអាចប្រើទៅលើមនោសញ្ចេតនាបាន ព្រោះមនុស្សជាច្រើនក្រោយពេលបែកបាក់ស្នេហា តែងមានអារម្មណ៍ថាមេឃប្រែប្រួល ដីប្រែប្រួល រកមិនឃើញខ្លួនឯងឡើយ។ ព្រោះតែការជួបនឹងភាពប្រែប្រួលដ៏ធំដែលនឹកស្មានមិនដល់ គិតមើលទៅពេលវេលារស់នៅមួយជីវិតក៏មានតែប៉ុន្មានម៉ឺនថ្ងៃប៉ុណ្ណោះ រីករាយក៏មួយថ្ងៃ ធុញថប់ក៏មួយដែរ។

ដូច្នេះហើយ មិនថាបាត់បង់របស់អ្វីនោះទេ ទោះជាជួបការប្រែប្រួលនៃឆាកជីវិតរស់នៅធំប៉ុនណាក៏ដោយ ក៏ត្រូវរកឱ្យឃើញនូវវិធីក្នុងការសម្រួលចិត្តដោយខ្លួនឯងដែរ ដាច់ខាតមិនអាចបន្ថែមភាពលំបាកដល់ខ្លួនទៀតឡើយ។ ទោះជាជួបនឹងការប្រែប្រួលត្រូវចេះទៅទម្លាក់ចុះ បែបនេះទើបរស់នៅដោយភាពរីករាយ៕

Image_2021 12 28_152957

អត្ថបទ ៖ Mythical Bird / Knongsrok