កុំស្ញប់ស្ញៃងអ្នកដទៃ រហូតដល់ភ្លេចក្រឡេកមើលពីភាពល្អរបស់ខ្លួនឯង

មានរឿងនិទានតំណាលថា ៖

សត្វក្ងោកមួយក្បាល បានត្អួញតែ្អរចំពោះម្ចាស់ក្សត្រី Juno ថា “ ម្ចាស់ក្សត្រីអើយ! ទូលបង្គំមិនមែនមកប្តឹងឡើយ តែម្ចាស់ក្សត្រីមានដឹងទេ? ម្ចាស់ក្សត្រីប្រទានសំឡេងឱ្យទូលបង្គំ គ្មានអ្នកណាម្នាក់ចូលចិត្តស្តាប់ឡើយ តែម្ចាស់ក្សត្រីទតមើលសត្វចាបលឿង (Orioles) នោះទៅមើល ពេលច្រៀងម្តងៗពីរោះខ្លាំងណាស់ វាបានដណ្តើមយកទស្សនីយភាពតែឯង ហើយបង្ហាញឫកពារឱ្យគេសរសើរទៀត។”

ម្ចាស់ក្សត្រី Juno ស្តាប់ឮពាក្យសម្ដីបែបនេះហើយ បាននិយាយស្តីបន្ទោសដោយតឹងរឹងថា “ ឯងឆាប់បិទមាត់ភ្លាមទៅ ចាបពូកែច្រណែនគេដូចឯងនេះ ម្តេចឯងមិនមើលរោមជុំវិញខ្លួនឯងទៅ ដូចជាខ្សែសូត្រ៧ពណ៌ ពេលដែលឯងដើរម្តងៗ បង្ហាញពីរោមដ៏ស្រស់ស្អាត ប្រៀបដូចជាវត្ថុដ៏មានតម្លៃ។ ឯងស្អាតបែបនេះទៅហើយ សត្វបក្សីនៅក្នុងលោកនេះ គ្មានមួយណាទទួលបានភ័ព្វសំណាងដូចឯងបែបនេះទេ។ មិនថាជាសត្វ វត្ថុ ឬអ្វីនោះទេ សុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន។ យើងប្រទានឱ្យអ្នកទាំងអស់គ្នានូវទេពកោសល្យខុសគ្នា ដើម្បីឱ្យអ្នកទាំងអស់គ្នាស្រុះស្រួលគ្នា និងកាន់តួនាទីរៀងៗខ្លួន។ ដូច្នេះ យើងប្រាប់ឯងចុះ ឈប់ត្អួញត្អែរ និងច្រណែនគេទៀតទៅ មិនដូច្នេះទេ យើងនឹងដាក់ពិន័យ ឯងឱ្យបាត់បង់រោមដ៏ស្រស់ស្អាតមួយនេះជាមិនខាន។

Image_2021 12 30_192632

សត្វក្ងោកបានស្ញប់ស្ញែងសំឡេងដ៏ស្រួយស្រេសរបស់សត្វចាបលឿង (Orioles) ដូច្នេះក៏ខឹងត្អួញត្អែរថា ហេតុអ្វីខ្លួនឯងម្ដេចក៏គ្មានសំឡេងពីរោះ និងល្អដូចជាសត្វចាបលឿង (Orioles) អ៊ីចឹង បែរជាមិនបានក្រឡេកមើលពីភាពស្រស់ស្អាតរបស់ខ្លួន ដើមឡើយ រោមនៅលើខ្លួនរបស់គេបានញុំាងឱ្យសត្វដទៃមានការស្ងប់ស្ងែងទៅវិញទេ។

យើងតែងនិយាយថា មនុស្សរមែងយល់ថារបស់ដែលខ្លួនឯងគ្មាន ទើបជារឿងដែលល្អ ហើយរមែងតែទៅស្ញប់ស្ញែងពីជីវិតរបស់អ្នកដទៃ និងធ្វេសប្រហែលពីរបស់ដែលខ្លួនមាន។

នៅលើខ្លួនមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងគុណសម្បត្តិ កុំចេះតែទៅសម្លឹងមើលចំណុចល្អនៅលើខ្លួនអ្នកដទៃ ហើយមើលរំលងពីភាពស្រស់ស្អាតរបស់ខ្លួនឱ្យសោះ បែបនេះអ្នកនឹងរស់នៅក្នុងទស្សនៈទុទិដ្ឋិនិយម និងភាពច្រណែនឈ្នាសនីសជារៀងរហូត។ មិនអាចជ្រាបយល់ និងទទួលអារម្មណ៍ពីជីវិតរស់នៅ ព្រមទាំងភាពល្អរបស់ខ្លួនទេ ក៏មិនអាចប្រើចំណុចល្អរបស់ខ្លួនទៅបញ្ចេញពន្លឺលោមពណ៌ឱ្យអ្នកដទៃឃើញនោះដែរ៕

អត្ថបទ ៖ Mythical Bird / Knongsrok