មនុស្សស្រី! អាចអត់ប្ដីបាន តែមិនអាចអត់មានចំណេះដឹង និងការងារបានទេ

មនុស្សស្រី គ្មានអ្វីសំខាន់ជាងការដែលអ្នក អាចពឹងពាក់ មើលថែខ្លួនឯងបាននោះឡើយ កុះបោះបង់អ្វីៗគ្រប់យ៉ាង ដើម្បីតែរឿងរៀបការ សាងគ្រួសារ កុំព្រោះតែពាក្យថា ក្លាយជាប្រពន្ធគេ ធ្វើជាម្ដាយគេ បែរជាបោះបង់ក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត និងការងារខ្លួនឯងចោលឱ្យសោះ។

ពាក្យមួយឃ្លាគេនិយាយថា « មនុស្សស្រី អាចអត់ប្ដីបាន តែអ្នកមិនអាចអត់ចំេណះដឹង អត់ការងារបាននោះឡើយ »។ ពាក្យមួយឃ្លានេះ មិនមែនចង់មានន័យថា គាំទ្រឱ្យមនុស្សស្រីប្រែទៅជារឹងរូស មានះ មិនចង់ប្ដី នៅម្នាក់ឯងដល់ចាស់នោះឡើយ ប៉ុន្តែមានរឿងរ៉ាវជាច្រើន ដែលអ្នកគួរតែដឹង ព្រោះថា ការដែលកើតមកជាមនុស្សស្រី ដ្បិតអីសម័យនេះ គេនិយាយថា មនុស្សស្រី និងមនុស្សប្រុស មានសិទ្ធស្មើគ្នាក៏ពិតមែន តែជាក់ស្ដែងមែនទែនទៅ នៅក្នុងសង្គ​ម យើងអាចមានសិទ្ធស្មើនឹងបុរស តែបើនៅក្នុងគ្រួសារវិញនោះ បើអ្នកមិនចេះរកលុយ អ្នកគ្មានការងារ គ្មានសមត្ថភាព គ្មានចំណេះដឹង ច្បាស់ណាស់ថា ភាគច្រើន ច្បាស់ជាត្រូវប្ដី ឬគ្រួសារខាងប្ដី មើលងាយ មិនឱ្យតម្លៃអ្នកនោះឡើយ។

281215754_566741021635653_8578018550137194752_n

បើអ្នកមានសំណាង បានប្ដីល្អ ឪពុកម្ដាយក្មេកល្អ បងប្អូនសាច់ថ្លៃល្អ នោះពួកគេនឹងមិនទើសទាល់ដែលអ្នកត្រឹមតែជាស្ដ្រីមេផ្ទះ ជាស្រីមើលតែកូននោះឡើយ ផ្ទុយទៅវិញ គេអាចយល់ពីទុក្ខលំបាក ភាពហត់នឿយ និងការលះបង់របស់អ្នក នោះរាប់ទុកថា អ្នកសំណាងហើយ មិនបាច់ធ្វើការ រកលុយ ក៏មិនខ្វះលុយចាយដែរ។

ប៉ុន្តែ ប្រសិនបើអ្នកគ្មានសំណាង ​ជីវិតរៀបការមិនល្អ ជួបប្ដីអាត្មានិយម ម្ដាយឪពុកម្ដាយចិត្តអាក្រក់ សាច់ថ្លៃចាំតែមើលបំណាំ ហើយអ្នកគ្មានការងារ គ្មានចំណេះដឹង មិនចេះរកលុយ ច្បាស់ណាស់ថា ជីវិតអ្នកបន្ទាប់រៀបការរួច មិនខុសអីពីនៅក្នុងទ្រុង ឬធ្លាក់នរកទាំងរស់នោះឡើយ។

281411945_1503817066700357_2269640444888758958_n

- មានប្ដី មិនប្រាកដថា គេឱ្យលុយអ្នកចាយមួយជីវិតដោយស្រួល ស្រណុកចិត្តនោះឡើយ!

- មានប្ដី មិនប្រាកដថា គេនឹងចិញ្ចឹមអ្នករហូត ទាំងដែលអ្នកមិនធ្វើការ រកអ្វីសោះនោះឡើយ!

- មានប្ដី មិនប្រាកដថា គេសប្បាយចិត្តជាមួយនឹងអ្នកគ្រប់ពេលនោះឡើយ!

- មានប្ដី មិនប្រាកដថា គេគោរព ឱ្យតម្លៃអ្នក លើកតម្កើងអ្នកនោះឡើយ!

ផ្ទុយទៅវិញ ប្រសិនបើអ្នកមានចំណេះដឹង មានការងារធ្វើ មានចំណូលច្បាស់លាស់ ចេះរកលុយបានដោយខ្លួនឯង ច្បាស់ណាស់ថា ៖

280651011_5674487519232652_1638051212830952565_n

- ចំណេះដឹង និងការងារ នឹងលើកតម្កើង ឱ្យតម្លៃអ្នកគ្រប់ពេលវេលា!

- ចំណេះដឹង និងការងារ នឹងអាចជួយឱ្យអ្នករកលុយបានដោយខ្លួនឯង ចិញ្ចឹមអ្នកបានមួយជីវិត!

- ចំណេះដឹង និងការងារ នឹងធ្វើឱ្យអ្នកសប្បាយចិត្ត ព្រោះតែអ្នកមានភាពឯករាជ្យ និងមានភាពជាខ្លួនឯង!

- ចំណេះដឹង និងការងារ នឹងក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់អ្នក ដរាបណាអ្នកមិនបោះបង់ ចំណេះដឹង និងការងារ ក៏មិនទៅណាចោលអ្នកដែរ!

​- ចំណេះដឹង និងការងារ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានតម្លៃ មានកិត្តិយស មានមុខមាត់ មិនថានៅក្នុងសង្គមខាងក្រៅ ឬនៅក្នុងផ្ទះ ក្នុងគ្រួសារនោះឡើយ!

- ចំណេះដឹង និងការងារ នឹងធ្វើឱ្យអ្នកមានសិទ្ធក្នុងការគិត សម្រេចចិត្តចំពោះគ្រប់យ៉ាងនៅក្នុងជីវិតអ្នក!

ដូច្នេះហើយ មនុស្សស្រីត្រូវគិតឱ្យច្បាស់ កុំព្រោះតែខ្លាចអត់ប្ដី បែរជាបោះបង់ការសិក្សា រៀនសូត្រ បោះបង់ការក្រេបយកចំណេះដឹង ក៏មិនត្រូវបោះបង់ចោល មុខរបរ ឬការងារ ដែលអាចជួយអ្នករកលុយបានដោយខ្លួនឯងនោះឡើយ។

មានប្ដី មិនប្រាកដថា អ្នកនឹងមានសំណាង មានគ្រប់យ៉ាងទេ តែបើមានចំណេះដឹង និងការងារ អ្នកចង់បានអ្វីក៏បានដែរ ព្រោះអ្នក អាចរកឱ្យខ្លួនឯងបាន៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖