ស្តាប់កាសច្រើនពេក ប្រយ័ត្នជួបគ្រោះថ្នាក់ដោយមិនដឹងខ្លួន!

មនុស្សជាច្រើនតែងតែស្តាប់កាសនៅអំឡុងពេលធ្វើការ ឬ នៅពេលធ្វើដំណើរទៅកន្លែងណាមួយ។ ប៉ុន្តែប្រហែលជាពួកគេមិនដឹងនោះទេថា កាសដែលស្តាប់នោះអាចបង្កគ្រោះថ្នាក់ដល់ត្រចៀកជាខ្លាំង និងថែមទាំងធ្វើឲ្យពួកគេជួបនូវបញ្ហាជាច្រើនទៀតផង។

1

យោងតាមវិទ្យាសាស្ត្រ មនុស្សភាគច្រើនដែលមានអាយុ 30 ឆ្នាំគួរតែអាចឮសំឡេង 17 គីឡូហឺត ដែលមានន័យថាពួកគេអាចលឺសម្លេងមូសដែលហើរមកជិតបាន។ ប៉ុន្តែមកដល់បច្ចុប្បន្នមានមនុស្សវ័យក្មេងកាន់តែច្រើនដែលមិនអាចស្តាប់ឮនៅក្នុងកម្រិតនេះទេ។ យើងទាំងអស់គ្នាមានកោសិកាស្តាប់ 15,000 នៅពេលកើត ប៉ុន្តែនៅពេលដែលយើងបាត់បង់មួយ វាមិនអាចស្តារឡើងវិញបានទេ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា បញ្ហាបាត់បង់កោសិកានេះកើតឡើងដោយសារការស្តាប់កាសញឹកញាប់។

2

ការឡើងអាចម៍ត្រចៀកក៏កើតឡើងដោយសារស្តាប់កាសផងដែរ ព្រោះវាបានបញ្ឈប់ក្រមួនចេញពីរន្ធត្រចៀកតាមបែបធម្មជាតិ។ ផ្ទុយទៅវិញ ត្រចៀករបស់អ្នកអាចនឹងស្ទះ ដែលអាចនាំឱ្យត្រចៀកមានមេរោគកាន់តែច្រើន។ ជាងនេះទៅទៀត កាសស្តាប់ត្រចៀកដើរតួនាទីដូចជាកប្បាស ហើយអាចរុញអាចម៍ត្រចៀកចូលជ្រៅទៅក្នុងរន្ធត្រចៀក ដែលអាចបណ្តាលឱ្យឈឺត្រចៀក និងវិលមុខផងដែរ។ ប្រសិនបើអ្នកពាក់កាសស្តាប់ត្រចៀក សូមព្យាយាមសម្អាតវាបន្ទាប់ពីប្រើហើយម្តងៗ នេះក៏ព្រោះតែនៅពេលដែលអ្នកប្រើវារួចហើយទុកវាចោលនៅកន្លែងណាមួយ បាក់តេរី និងធូលីច្រើនអាចចូលមកខាងក្នុង ហើយវាអាចធ្វើឱ្យក្រហាយត្រចៀកថែមទៀត។ អ្នកអាចប្រើច្រាសដុសធ្មេញចាស់ដើម្បីសម្អាតវា ឬ ការជូតសម្អាតសារធាតុកខ្វក់នៅលើកាសនោះបាន។ ហើយម្យ៉ាងទៀត គ្រូពេទ្យក៏បានណែនាំផងដែរ ឲ្យកាត់បន្ថយការស្តាប់កាសព្រោះដើម្បីឱ្យត្រចៀករបស់អ្នកដកដង្ហើមបានខ្លះ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចូលចិត្តស្តាប់តន្ត្រីនៅពេលទំនេររបស់អ្នកជារៀងរាល់ថ្ងៃនោះ វិធីល្អបំផុតគឺអ្នកអាចបើកចម្រៀងស្តាប់តាមរយះឧបករណ៍បំពងសម្លេងបាន ដោយជំនួសឲ្យការប្រើកាស។

ក្នុងនោះផងដែរ ការឆ្លងមេរោគត្រចៀក កន្ទួល ឬ សូម្បីតែប្រតិកម្មអាលែកហ្សីក៏អាចបណ្តាលមកពីការពាក់កាសច្រើនពេកដែរ ព្រោះបាក់តេរីជាច្រើនអាចបង្កើតទៅជាបញ្ហាទាំងនោះបាន។

3

ម្យ៉ាងទៀតក្នុងករណីអ្នកនៅតែស្តាប់កាសច្រើនលើសកម្រិត នោះអ្នកអាចបង្កើតអារម្មណ៍រំខាននៃការឈឺត្រចៀកបាន ដោយចាប់ផ្តើមឮសំឡេងរោទ៍ ចុកត្រចៀកញាប់ញ័រ ឬ សំឡេងគ្រហឹមក្នុងត្រចៀករបស់អ្នក សូម្បីតែនៅពេលអ្នកនៅក្នុងភាពស្ងៀមស្ងាត់ក៏ដោយ។ អ្នកវិទ្យាសាស្ត្រអះអាងថា អារម្មណ៍នេះមិនមានវិធីព្យាបាលទេ ប៉ុន្តែវាអាចទប់ស្កាត់បានយ៉ាងងាយស្រួលដោយកាត់បន្ថយចំនួនដែលអ្នកពាក់កាស និងបន្ថយសំឡេងនៅក្នុងកាសស្តាប់ត្រចៀករបស់អ្នក ដោយកុំបើកលឺខ្លាំងៗពេក៕

ប្រភព ៖ បរទេស