ដឹងទេ ​ទាំងនេះជាប្ញសគល់ នៃការច្រណែនគ្នារបស់មហាអំណាចអឺរ៉ុប រហូតបង្កជាសង្គ្រាមលោកជាបន្តបន្ទាប់

ក្នុងកំឡុងពេលពិភពកម្ពុជាកំពុងតែស្ថិតសភាពលំបាកក្រោមអាណាណិគមបារាំង ពិភពលោកទាំងមូលបាននឹងកំពុងធ្លាក់នៅក្នុងជ្រោះសង្គ្រាមយ៉ាងជ្រៅដែលកើតឡើងពីការដណ្តើម ដែនដីអាណានិគម ពីសំណាក់មហាអំណាចដែលមានស្រាប់ នឹងមហាអំណាចដែលទើបនឹងលិចឡើងថ្មីនាចុងសតវត្សទី ២០ ។ ពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាជ្រាបច្បាស់ពីមហា អំណាចក្នុងសង្គ្រាមលោកលើកទី ២ គឺមាន បារាំង អង់គ្លេស រុស្សុី ហើយមហាអំណាចដែលលេចមុខថ្មី ហើយមកដណ្តើមដែនដីអាណានិគមពីមហាអំណាចដែលមានស្រាប់នោះគឺ អាល្លឺមង់ ។

នៅ​អឺរ៉ុប គេឃើញ​មាន​មហាអំណាច​ធំៗ​ចំនួន ៥ ដែល​​ប្រកួតប្រជែងគ្នា​ រហូត​ដល់​ឈាន​ទៅ​ផ្ទុះ​ជា​សង្រ្គាម​លោក​លើកទី១ គឺ​រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អូទ្រីសហុងគ្រី។

នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ​មហាអំណាច​ធំជាងគេ​បំផុត គឺ​ចក្រភព​អង់គ្លេស ដែល​នៅ​ក្នុង​ចន្លោះ​សតវត្សរ៍ទី១៩ ដល់​ដើមសតវត្សរ៍ទី២០ គឺ​ជា​មហាអំណាច​ពិភពលោក​លំដាប់ទីមួយ ពោលគឺ ដូចទៅនឹង​​សហរដ្ឋ​អាមេរិក​ដែល​​ជា​មហាអំណាច​ពិភពលោក នៅ​ក្នុង​សតវត្សរ៍ទី២០ និង​ដើម​សតវត្សរ៍​ទី២១​នេះ​ដែរ ។

អ្វីដែលពិសេស អង់គ្លេស ជាមហាអំណាចជើងទឹកធំជាងគេបង្អស់ និងជាដែនកោះ ដែលសមុទ្រ English Channel ជាខែលការពារ ។ ដែនដីអណានិគមរបស់ អង់គ្លេស មានវិសាលភាព ធំធេង ឬ ក៏អាចហៅបានថា ដែនដីដែលព្រះអាទិត្យលិចមិនដល់ ។

ក៏ប៉ុន្តែ នៅ​ចុងសតវត្សរ៍​ទី១៩ មហាអំណាច​ថ្មីមួយ​បាន​​ចាប់លេចមុខ​មក​ប្រជែង​ជាមួយ​នឹង​ចក្រភព​អង់គ្លេស គឺ​អាល្លឺម៉ង់។ នៅ​មុន​ឆ្នាំ​១៨៧០ អាល្លឺម៉ង់​មិនទាន់​ជា​ប្រទេស​រួបរួមគ្នា​មួយ​នៅឡើយទេ ដោយ​ត្រូវ​បែងចែក​ជារដ្ឋ​​ ​ដែល​​មាន​រចនាសម្ព័ន្ធដឹកនាំ​ដាច់ៗ​ពីគ្នា ដោយ​ក្នុងចំណោម​នោះ នគរ​ព្រុស្ស៊ី (Prusse/Prussia) គឺ​ជា​នគរ​ដែល​មាន​ទឹកដី និង​កម្លាំង​ទ័ពខ្លាំង​ជាងគេ។

អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ Wilhelm ទី១ តែងតាំង​ឲ្យ​ធ្វើ​ជា​​​អធិការបតី​ (នាយករដ្ឋមន្រ្តី) ព្រុស្ស៊ី នៅ​ឆ្នាំ​១៨៦២ គឺ​ជា​អ្នក​នយោបាយ​អភិរក្សនិយម ដែល​​មាន​ក្តីបំណង​​​​ចង់ឃើញ​អាល្លឺម៉ង់​រួបរួមគ្នា បង្កើត​ទៅជា​មហាអំណាច​ដ៏ធំមួយ។ ដើម្បី​សម្រេច​តាម​ក្តីបំណង​នេះ ប៊ីស្មាក់​បាន​រកឃើញ​យុទ្ធសាស្រ្ត​មួយ គឺ​បង្ក​សង្រ្គាម​ជាមួយ​បារាំង ដែល​ជា​គូសត្រូវ​រួម​របស់​គ្រប់ដែនដី​ទាំងអស់​របស់​អាល្លឺម៉ង់។

ភាព​ជា​សត្រូវ​ដែល​បាន​បន្សល់​ទុក តាំង​ពី​សម័យ​អធិរាជ​ណាប៉ូឡេអុង​ទី១ (ណាប៉ូឡេអុង បូណាប៉ាត)។ ប៊ីស្មាក់​​ក៏​បាន​គិត​ឃើញ​​ផងដែរ​ថា ដើម្បី​អាច​ដុត​បញ្ឆេះ​ចលនា​ជាតិ​និយម​អាល្លឺម៉ង់​​ឲ្យ​រួបរួមគ្នា​ច្បាំង​នឹង​បារាំង​បាន ចាំបាច់​ត្រូវ​តែ​ឲ្យ​ប្រជាជន​អាល្លឺម៉ង់​ទាំងអស់​មើលឃើញ​ថា បារាំង គឺ​ជា​អ្នក​ឈ្លានពាន​លើ​អាល្លឺម៉ង់៕