តើអ្នកដឹងទេ ថ្ងៃទី​៦ មិថុនា ១៩៤៤ គឺជាថ្ងៃ​ដ៏​វែង​បំផុត​នៃ​ប្រតិបត្តិការ​រំដោះប្រទេស​បារាំង ​ពីការឈ្លានពាន

៦ មិថុនា ១៩៤៤ ​ជា​ថ្ងៃគម្រប់ខួប  ដែល​កង​ទ័ព​សម្ព័ន្ធ​មិត្តបាន​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិ​សង្គ្រាមលោក​លើក​ទីពីរ។ ​ប្រមុខ​រដ្ឋ រដ្ឋាភិបាល ឥស្សរជន​នយោបាយ​កំពូលៗ​លើ​​ពិភពលោក មិន​តិច​ជាង​១៩​រូប បាន​មក​ចូល​រួម មាន​ជា​អាទិ៍​ លោក​ប្រធានាធិបតី​បារាំង​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រះ​មហាក្សត្រីយ៍​ អេលីហ្សាប៉ែត​​ទី​ពីរ របស់​អង់គ្លេស និង​នាយក​រដ្ឋមន្ត្រី លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល។

ក៏​ប៉ុន្តែ​ពិធី​រំលឹក​ខួប ដ៏​អឹកអធឹកនេះ ត្រូវ​បាន​អាប់​អួរ​រស្មី​បន្តិច ដោយ​ហេតុ​តែ វិបត្តិ​អ៊ុយក្រែន​​ ដែល​បាន​រុញ​ច្រាន​បស្ចឹម​លោក​និង​រុស្ស៊ី​មិត្ត​រួម​អាវុធ​ក្នុង​សម័យសង្គ្រាម​លោក​លើក​ទីពីរ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។

ប្រតិបត្តិការ​យោធា​ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ ១៩៤៤ (D-Day) ជា​ព្រឹត្តិការណ៍​​ចងចាំ​មួយ​ដែល​មាន​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ព្រោះ​ជា​ថ្ងៃ​ដែល​កងទ័ព​សម្ព័ន្ធមិត្ត​ រួម​មាន​ទ័ព​អាមេរិក អង់គ្លេស និង​កាណាដា​សំរុក​​​ចូលបាន​ក្នុង​​​​ទឹក​ដី​បារាំង។

នាវា​ចម្បាំង​ ១២១៣​គ្រឿង នាវា​ជំនួយ​​៧៣៦​គ្រឿង ៨៦៤ នាវាសម្ភារៈ​បរិក្ខារ ៤១២៦​យានយន្ត ទូក បាន​​បញ្ជួន​រថយន្ត​២​ម៉ឺន​គ្រឿង​ ជាមួយ​នឹង​ពល​ទាហាន ​ប្រមាណ​ជាង ១៥៦០០០​នាក់ (៧៣០០០អាមេរិក -​៨៣០០០ជា ទាហាន​អង់គ្លេស និង​កាណាដា) ខ្លះ​លោត​ឆ័ត្រ​យោង ខ្លះ​មក​តាម​ផ្លូវ​ទឹក ទាហាន​អាមេរិក អង់គ្លេស និងកាដាណា និង​បារាំង បានដាក់​ជើង​ជាន់​ដី​បារាំង និង​​បុក​ចូល​តាម​​មុខ​ព្រួញទិស​ដៅ​៥​សមរភូមិ​ ទម្លុះ​រនាំង​ទ័ព​អាល្លឺម៉ង់ ប្រែក្លាយ​​បណ្តោយ​ឆ្នេរ​ណ័រម៉ង់ឌី ជា​សមរភូមិប្រយុទ្ធ​ យ៉ាង​សន្ធោសន្ធៅ​ !

ពេញ​មួយ​ថ្ងៃ​ទី ៦​មិថុនា ១៩៩៤​នោះ ការ​ប្រយុទ្ធ​គ្នា​មាន​គ្រប់​សណ្ឋាន ទាំង​នៅ​លើ​អាកាស​ លើ​សមុទ្ទ​ និង​លើ​ដី ជា​ប្រតិបត្តិការ​ដ៏​ធំ​បំផុត​ និង​អស្ចារ្យ​មួយ​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​អឺរ៉ុប ដែលមាន​​ប្រើ​ឧបករណ៍​សង្គ្រាម​ សម្ភារៈ​បរិក្ខារ និង​បច្ចេកវិទ្យា​ទំនើបខ្លាំង​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ ​

រយៈ​ពេល​តែ​២៤ម៉ោង កងទ័ព​សម្ព័ន្ធមិត្ត​អាច​ជ្រៀត​ចូល​ជាន់​ដី​បារាំង​បាន និង​​​រុល​ទៅ​មុខ​ បណ្តេញ​ទ័ព​អាល្លឺម៉ង់​ហ៊ីត្លែរ បាន​ជា​ច្រើន​គីឡូម៉ែត្រ ប៉ុន្តែ​មាន​ទាហាន​ និង​មនុស្ស​ស្លាប់​មិន​តិច​ជាង​១០០០០​នាក់​ទេ​ ក្នុងមួយ​ថ្ងៃ​នោះ។ ថ្ងៃ​ទី​៦​មិថុនា១៩៤៤​ គ្រាន់​តែ​ជា​ថ្ងៃ​ចាប់​ផ្តើម​បើក​សមរភូមិ​ប្រយុទ្ធ​ប៉ុណ្ណោះ។

យុទ្ធនាការ​នេះមាន​ឈ្មោះ​ថា Overlord អូស​បន្លាយ​អស់​ពេល​ ១០០​ថ្ងៃ និងបាន​ចាត់​ទុក​ចប់​​​នៅ​ថ្ងៃ​រវាង​ថ្ងៃ​ទី ១៩​ទៅ​២១​សីហា (មិន​មែន​ចប់​សង្គ្រាម​ទេ) ក្រោយ​ពេល​ដែល​ទ័ព​សម្ព័ន្ធមិត្ត​រំដោះ​ក្រុង​ប៉ារីស​ពី​កណ្តាប់​ដៃ​ទ័ព​អាល្លឺម៉ង់​ហ៊ីត្លែរ​ បាន​នៅ​ថ្ងៃ​ទី ២៥​សីហា ១៩៤៤។

ជា​យុទ្ធនាការ​យោធា​ដែល​មាន​ជីវិត​ទាហាន​និង​ស៊ីវិល​ស្លាប់​យ៉ាង​ច្រើន ៩៥%​​​នៃការ​ស្លាប់​របស់​ជន​ស៊ីវិល គឺ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក ពី​សំណាក់​កម្លាំង​សម្ព័ន្ធ​មិត្ត៕