ទោះជាទំនាក់ទំនងល្អយ៉ាងណា ក៏មិនត្រូវពឹងពាក់រំខានគេ ហួសហេតុពេកដែរ

នៅក្នុងសង្គមនេះ អ្នកណាក៏រវល់ដែរ អ្នកណាក៏ហត់ដែរ អ្នកណាក៏គ្មានពេលទំនេរច្រើនដែរ មនុស្សរាល់គ្នាសុទ្ធតែមានរឿងត្រូវខ្វល់ខ្វាយរៀងៗខ្លួន គ្រាន់តែខុសគ្នាត្រង់ថាគេនិយាយចេញមក ឬមិននិយាយតែប៉ុណ្ណោះ។

គ្មានអ្នកណាមានពេលទំនេរមកយកចិត្តអ្នក ផ្គាប់ផ្គន់អ្នក ជួយអ្នករហូតនោះឡើយ។ បើម្តង ឬពីរដងមិនជាអ្វីនោះទេ តែបើច្រើនពេកច្បាស់ជាធ្វើឱ្យគេមានអារម្មណ៍មិនល្អចំពោះអ្នកជាមិនខាន។ ព្រោះគ្មានអ្នកណាមានអារម្មណ៍ល្អមកតម្រូវតាមចិត្តអ្នកនោះឡើយ ជួនកាលអ្នកត្រូវដឹងថា គេជួយដល់អ្នក គឺក្នុងនាមគេរាប់អានអ្នកតែប៉ុណ្ណោះ តែបើគេមិនជួយវិញក៏អ្នកមិនដឹងធ្វើអ្វីគេបានដែរ។

ដូច្នេះហើយ កុំចេះតែទៅបង្ខំឱ្យអ្នកដទៃធ្វើអ្វីដើម្បីអ្នកឱ្យសោះ ហើយក៏ទៅបន្ថែមការរំខានដល់គេច្រើនពេក ទោះជាទំនាក់ទំនងជាមួយគ្នាល្អដល់កម្រិតណាក៏ដោយ មិនអាចរំខានគេហួសហេតុពេកនោះទេ ត្រូវផ្តល់ពេលវេលា និងគន្លាតដ៏សមរម្យដល់គ្នាទៅវិញទៅមក ទើបមនោសញ្ចេតនាបានយូរអង្វែរ ហើយទំនាក់ទំនងក៏មានអារម្មណ៍ថាស្រួលចិត្តដែរ។ ពីព្រោះរស់នៅក្នុងសង្គមមួយនេះនរណាក៏មិនស្រួលដែរ ត្រូvចេះឈរលើគោលជំហរគេមកគិត។

Image_2022 05 02_064732315

និយាយចំពោះខ្ញុំវិញ បើមនុស្សមួយចំនួនចេះតែរកខ្ញុំឱ្យជួយដោះស្រាយ ខ្ញុំមិននិយាយអ្វីទេ តែនៅក្នុងចិត្តខ្ញុំក៏យល់ថាធុញទ្រាន់ដែរ ព្រោះយល់ថាគេនោះមិនដឹងរាក់ជ្រៅសោះ មិនចេះឯករាជ្យខ្លួនឯងសោះ ដូច្នេះនៅតែរក្សាគន្លាតមួយទើបល្អ ព្រោះមានតែបែបនេះទេ ដែលជាវិធីដ៏ល្អបំផុត។

ប្រាកដណាស់ ខ្ញុំដឹងថានៅតែមានមនុស្សមួយចំនួនមិនខ្វល់ពីបញ្ហានេះទេ គេមិនគិតពីរឿងនេះឡើយ ឱ្យតែខ្លួនគេរកអ្នកជួយគេបាន គឺគេសប្បាយចិត្តហើយ មិនខ្វល់ពីគំនិត និងអារម្មណ៍អ្នកដទៃគិតយ៉ាងណានោះទេ ព្រោះនៅក្បែរខ្លួនយើងមានមនុស្សបែបនេះច្រើនណាស់ ប្រៀបដូចជាអ្វីៗទាំងឡាយសុទ្ធតែជារបស់គេ ត្រូវស្តាប់តាមគេ ចេះតែឱ្យគេធ្វើតាមចិត្តខ្លួនឯង បែរជាគិតថាបែបនេះជារឿងធម្មតាទៅវិញ ហើយថែមទាំងមិនព្រមឱ្យអ្នកដទៃនិយាយពាក្យថា “ទេ” ចំពោះខ្លួនឯងទៀត ការរាប់អាន ឬនៅជាមួយមនុស្សប្រភេទនេះ គឺមានអារម្មណ៍នឿយហត់ណាស់។

Image_2022 05 02_064744240

នៅក្នុងជីវិត សុទ្ធតែមានពេលវេលាត្រូវជួយគ្នា តែក៏ត្រូវមានកម្រិតរបស់វាដែរ បើសុំគេជួយម្តងម្តាល គឺមិនជាអ្វីឡើយ តែបើអ្វីៗដែលអ្នកអាចសម្រេចខ្លួនឯងបាន អ្នកបែរជាផ្តល់ ភាពលំបាកដល់អ្នកដទៃ ក្នុងពេលនេះចំណងមិត្តភាពរបស់អ្នកកាន់តែឃ្លាតឆ្ងាយទៅ។

ប្រហែលជាមានបុគ្គលមូយចំនួន ចូលចិត្តដើរខ្សែលើគេ ខ្លួនឯងលំបាកមិនអស់ចិត្តហើយនៅអូសគេមកលំបាកជាមួយទៀត ខ្ញុំយល់ថាមនុស្សបែបនេះ គឺមិនស្គាល់រាក់ជ្រៅឡើយ ក៏ជាមនុស្សអាត្មានិយមណាស់ដែរ ភាពអាត្មានិយម គឺវាខុសបាត់ទៅហើយ ហើយអ្នកនៅយកភាពអាត្មានិយមនេះទៅផ្តល់ការរំខានដល់អ្នកដទៃទៀត នោះ គឺខុសធ្ងន់ខ្លាំងមែនទែន។

ត្រូវចាំទុក! មិនថាជាគ្រួសារក្តី មិត្តភ័ក្រ្តក្តី ទោះទំនាក់ទំនងល្អយ៉ាងណា ក៏កុំទៅរំខានដល់គេហួសហេតុពេក ត្រូវធ្វើអ្វីឱ្យមានក្រឹត្យក្រមខ្លះផង៕

អត្ថបទ ៖ Mythical Bird / knongsrok