ទោះជារស់នៅម្នាក់ឯង​ ប្រសិនបើអ្នកប្រើវីធីទាំងនេះ អ្នកនឹងមិនមានអារម្មណ៍ឯកាឡើយ

មនុស្សភាគច្រើនតែងតែយល់ថា ការរស់នៅម្នាក់ឯងគឺជាភាពឯកា ហើយអ្នកទាំងនោះតែងតែចង់បានដៃគូ ឬសង្សារទាំងនៅវ័យក្មេង។ សង្គមកាន់តែជឿនលឿន មនុស្សមួយភាគធំតែងតែមើល និងធ្វើត្រាប់តាមគ្នា ហើយបង្អួតគ្នាទៅវិញទៅមក។

ពួកគេចង់បានសង្សារ ឬមនុស្សមកកំដរគេដើម្បីបំបាត់ភាពឯកានៅក្នុងចិត្ត ទោះបីពេលខ្លះគេមិនសូវស្រលាញ់ចូលចិត្តម្នាក់នោះក៏ដោយ។

ការធ្វើដូច្នេះ នឹងនាំឱ្យភាពឯកាកាន់តែកើនឡើង ស្របពេលនោះការឈឺចាប់ក៏កើតឡើងនៅពេលគេគ្មានពេលវេលាគ្រប់គ្រាន់ ឬគេលែងរវល់នឹងយើង។

3d2313f1ab5a5d64c25d9a1be2ebf8ae

ដូច្នេះវិធីដែលល្អនោះគួរតែរកថា តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពឯកាទោះបីជារស់នៅម្នាក់ឯង។ នេះគឺតម្លៃដែលយើងផ្តល់ជូនខ្លួនយើង ព្រមទាំងរស់នៅដោយភាពមានសុភមង្គល រីករាយ និងមានសេចក្តីស្ងប់ផ្លូវចិត្ត។

១. យើងត្រូវរៀនទទួលស្គាល់ពីអារម្មណ៍ ឬសញ្ញានៃភាពឯកា ដូចជាអារម្មណ៍នៃភាពទទេស្អាត ការគេងមិនលក់ ឬគេងមិនស្កប់ ការពន្យាពេលក្នុងការធ្វើអី្វមួយដោយគ្មានអារម្មណ៍ មានអារម្មណ៍ស្ពឹកស្រពន់ មិនចង់ធ្វើអ្វី ។

យើងត្រូវរៀនសម្គាល់ ឬសង្កេតលើអ្វីដែលអ្នកអាន និងមើលឃើញ ថាតើរបស់ទាំងនោះអាចជះឥទ្ធិពលដល់អារម្មណ៏ និងការគិតរបស់អ្នកយ៉ាងណា។

បើវាមានផលអវិជ្ជមានដល់អារម្មណ៍របស់អ្នក នោះអ្នកត្រូវបញ្ឈប់វាភ្លាម និងប្តូរទៅរកអ្វីដែលផ្តល់ផលវិជ្ជមានទៅដល់ការគិត។

9e5847dd406ab793485d681187d2a502

២. ចំណាយពេលវេលារបស់អ្នកក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្ត និងជាលក្ខណៈច្នៃប្រឌិតរបស់អ្នក។ អ្នកអាចបង្ហាញជំនាញរបស់អ្នកទៅពិភពខាងក្រៅដើម្បីជាការចែករំលែក ដូចជាតន្រ្តី ការលេងភ្លេង គំនូរ -ល-។

ម្យ៉ាងវិញទៀតអ្នកក៏អាចចូលរួមវគ្គសិក្សាខ្លី ឬសិក្សាតាមអ៊ីនធើណែត ដែលអាចឱ្យអារម្មណ៍របស់អ្នកមានភាពរីករាយពីអ្វីដែលអ្នកបានចេះ។

៣. ចូលរួមកម្មវិធីសប្បុរសផ្សេងៗ ដូចជាការបរិច្ចាគ ការជួយសហគមន៍ ការជួយដល់កុមារកំព្រា ឬធ្វើការងារស្ម័គ្រចិត្តដែលអាចជួយដល់អ្នកត្រូវការជំនួយ។

ទាំងអស់នេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ឆ្លុះបញ្ចាំងពីសង្គមខាងក្រៅ និងអាចឱ្យអ្នកស្វែងរកនូវគោលបំណងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលទាំងអស់នេះវានឹងបំបាត់ភាពឯកានៅក្នុងចិត្តរបស់អ្នកដោយឯកឯង។

606b590aca68ca52cf0e8d2ac4e216f2

៤. រក្សាចំណងមិត្តភាព ដោយបន្តទំនាក់ទំនងជាមួយមិត្តភក្តិ ឬអ្នករួមការងារ ដោយធ្វើការជជែកគ្នាលែង បង្កើតកម្មវិធីផ្សេងៗ ឬបង្កើតជាក្រុមដើម្បីចែករំលែកចំណេះដឹង ឬពីបទពិសោធន៍ជីវិត។

ការសន្ទនាគ្នា ការរក្សាទំនាក់ទំនងមិត្តភាព វាមានអត្ថន័យដល់ជីវិតអ្នក និងអាចឱ្យស្វែងយល់ពីជីវិតរីករាយ ជំនួសឱ្យការប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃ។

ដូច្នេះភាពឯកា វាគ្រាន់តែជាអារម្មណ៍ម្យ៉ាងដែលធ្វើឱ្យអ្នកយល់ខុសពីសេចក្តីត្រូវការពិតប្រាកដ និងគោលបំណងក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ។ វិធីខាងលើនឹងអាចជួយអ្នកទៅលើគំនិត ឬកែប្រែស្ថានភាពរបស់អ្នកបាន៕

068c095acea3b99bfcc5a297a2197c74

អត្ថបទ ៖ Mythical2 / ក្នុងស្រុករក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក