ជាកូនខ្មែរនឹងគេដែរ ​តិចអត់ស្គាល់នំអំបែងចុះ? តោះ! មកតាមដានប្រវត្តិនំអំបែង និងកន្លែងដែលអាចស្វែងរកនំនេះបាន!

១- ហេតុអ្វីបានគេហៅថា នំអំបែង?

នៅជំនាន់ដើម អ្នកស្រុកអ្នកភូមិក្រីក្រ ជាទូទៅ ពុំមានអ្វីសម្បត្តិអ្វីច្រើន ក្រៅពីឆ្នាំងដី អង្ករ និង ដំណាំដាំដុះជុំវិញផ្ទះ នោះឡើយ។ នៅពេលគេមាន បាយកកនៅសល់ច្រើន គេរមែងត្រាំអង្ករខ្សាយ ជាមួយនិងទឹកក្តៅ ចំនួនកន្លះម៉ោង រួចក៏យកទៅកិនលាយជាមួយបាយកក ថែមខ្ទឹះដូង រួចដាក់អំបិលបន្តិច ស្ករបន្តិច ស្លឹកខ្ទឹមបន្តិច កូរអោយសព្វ ទើបយកទៅចាក់ចំអិន នៅលើអំបែង។ អំបែងខ្លះ មានរាងក្រឡុកៗ ជារណ្តៅ។ នៅពេលដែលគេយកខ្ទិះដើម ទៅលាបអំបែង ហើយចាក់ម្សៅនំ ចូលទៅក្នុងរន្ធអំបែងក្តៅនោះភ្លាម ម្សៅក៏ពុះគ្រក់ៗឡើង។ គេក៏នាំគ្នាហៅថានំគ្រក់។ ចំពោះគ្រួសារខ្លះ ដែលពុំមានអំបែងរណ្តៅ តែមានអំបែងឆ្នាំធម្មតា គេក៏ចាក់នំលើបន្ទះអំបែង នៅពេលនោះ នំក៏ក្លាយជាមានរាងសំប៉ែត បន្ទះៗ។ គេក៏សន្មតនាំគ្នាហៅថា នំអំបែង។ គេអាចឆីនំអំបែងនេះ ជានំតាមធម្មតាក៏បាន មានកាលខ្លះ គេយកទៅទ្រាប់ជាមួយបន្លែ ជ្រលក់ទឹកផ្អែម ថែមជីរសណ្តែកដី គឺរឹតតែឆ្ងាញ់ថែមទៀត។

59480418_431001534143177_2494799030249324544_n

២-របៀបធ្វើនំអំបែង

- របៀបធ្វើម្សៅសម្រាប់នំអំបែងផ្អែម ៖

កិនម្សៅអង្ករខ្សាយ១កំប៉ុង លាយ ខ្ទិះដូង១កំប៉ុង កាកដូងកន្លះកំប៉ុង អង្ករដំណើប១ក្តាប់ ឬ បាយកក១វែកធំ ស្ករ៣ស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់១ក្តាប់ លាយជាមួយទឹក សមទឹកសមគោកសមកាក មុននឹងយកចាក់។

- របៀបធ្វើម្សៅសម្រាប់នំអំបែងប្រៃ ៖

កិនម្សៅអង្ករខ្សាយ១កំប៉ុង ពងមាន់៣ ខ្ទិះដូង១កំប៉ុង ទឹក២កំប៉ុង អំបិលកន្លះស្លាបព្រាកាហ្វេ ស្លឹកខ្ទឹម១ក្តាប់។ ជួនគេដាក់រមៀតកិនជាមួយម្សៅ ដើម្បីអោយមានចេញពណ៌លឿង នៅពេលចាក់ ជួនកាល គេមិនដាក់ដែរ គឺទៅតាមចំណូលចិត្តរបស់ អ្នកបរិភោគ។ ម៉្យាងទៀត នៅពេលគេចាក់ គេច្រើនដាក់ស្នូល ជាសាច់ជ្រូកចិញ្រ្ចាំលីងសម្ងួត ជាសណ្តែកបាយចំហុយ ជាសាច់បង្គាលីង លាយនឹងសរសៃដូងលីង ឬ សណ្តែកបណ្តុះ ជាដើម។

- បន្លែផ្សំ៖

សាលាដ ត្រសក់ ជីរគ្រប់មុខ ស្លឹកជីរភ្លូ ត្រួយកន្ទួត ត្រួយម្កាក់ ផ្កាកំប៉ោក ជាដើម។

- ទឹកត្រីជូរអែម ៖

 របៀបធ្វើ ៖បើចង់ឆ្ងាញ់ សូមចំអិនខ្ទិះដើម លាយនឹងស្លឹកខ្ទឹម ហើយច្រូចចូលក្នុងទឹកត្រី មុនជ្រលក់នំទទួលទាន។

59363795_431001540809843_2616031079248691200_n

៣-រឿងព្រេងទាក់ទងទៅនឹងនំអំបែង៖

ខ្មែរយើងមានប្រពៃណីធ្វើនំ ដោយយកអង្ករនិងខ្ទិះដូង ជាគោល ដូចជា នំគ្រក់ នំអំបែង នំអាកោ នំអន្សម នំគម នំចាំង នំបត់ នំចេកបុក ជាដើម។ នៅក្នុងនោះ នំអំបែង ជានំដែលមានប្រជាប្រិយភាពល្បីល្បាញ់ ក្នុងសង្គមខ្មែរ មិនចាញ់ នំគ្រក់ឡើយ។ ឯរបៀបផ្សំម្សៅសម្រាប់ធ្វើនំអំបែង ក៏គឺដូចគ្នានឹងធ្វើនំគ្រក់សុទ្ធសាធតែម្តង គ្រាន់តែគេចាក់នំនឹងខ្ទះ ជាបន្ទះធំៗ មិនចាក់ក្នុងរន្ធអំបែងតួចៗ ដូចជានំគ្រក់ ហើយ គេច្រើនធ្វើរបៀបនេះ នៅពេលណា គេរកអំបែងសម្រាប់ចាក់នំគ្រក់មិនបាន។ អ្នកស្គាល់នំគ្រក់ រមែងស្គាល់នំអំបែង អ្នកបានជួបនំអំបែង ច្រើនប្រឡែងមាត់ មិនរំលងឡើយ។

មានសេចក្តីដំណាលថា មានគ្រួសារអ្នកក្រមួយ រស់នៅ ក្បែរផ្ទះសេដី្ឋ ធ្លាប់អង្គុយហិតក្លិននំ ក្លិនបាយសម្ល ឈ្ងុយឆ្ងាញ់ រៀងរាល់ថ្ងៃ ពីផ្ទះបាយលោកសេដ្ឋី។ កុមារសុខ រមែងលួចលេបទឹកមាត់ តែម្នាក់ឯង នឹកឃ្លានណាស់ មិនដឹងធ្វើយ៉ាងណាបានឆី ថ្ងៃមួយក៏បបួលម្តាយរបស់ខ្លួន អោយធ្វើនំដែរ៖

– ម៉ែ! នំខ្មែរមាននំអីឆ្ងាញ់?

– មានច្រើនមុខកូន! តែម៉ែក្រ អត់មានប្រាក់ ទិញរបស់មកធ្វើនំ អោយកូនឆីលេង ពូតបាយកកហ្នឹង ឆីលេងទៅកូន!

ស្រាប់តែនាងសេកឆ្លើយផូង៖

– ម៉ែ! ខ្ញុំធ្លាប់ឃើញ ចុងភៅលោកសេដ្ឋីធ្វើនំដាក់ខ្ទិះដូង?

– តើគេធ្វើនំអីទៅ? ហើយគេធ្វើយ៉ាងណាទៅមីង៉ា?

– អត់ដឹងទេម៉ែ! តែខ្ញុំឃើញមីងចុងភៅ គាត់កោសដូងពូតយកខ្ទិះ ហើយគាត់កិនម្សៅទៀតហ្ន៎ក!

– អញ្ចឹងយើងសាកធ្វើនំអី លេងៗបន្តិចមើល៍ក្រែងលោ បាននំឆ្ងាញ់!

មីងសោមក៏ស្ទុះទៅយកអង្ករមកត្រាំទឹក អោយផុយគ្រាប់ ហើយក៏ពូតខ្ទិះដូងដាក់លាយជាមួយម្សៅ កិនចូលគ្នាជាមួយបាយកក។ ដើម្បីអោយមានរសជាតិ គាត់ក៏ថែមអំបិលបន្តិច ស្ករត្នោតបន្តិច។ នាងសេកឃើញខ្ទឹមបំពង់ដុះច្រើន ក្បែរពាងទឹកក៏នឺកចង់ច្នៃ៖

– ម៉ែ! បើយើងហាន់ស្លឹកខ្ទឹមដាក់តិចៗផង ប្រហែលកាន់តែឈ្ងុយ។

លុះមីងសោម រកអំបែងអ្វីមិនបាន ក៏យកអំបែងឆ្នាំងកំបែក មកដុតនំអោយកូនឆី។ កូនសេដ្ឋីរត់លេងក្បែរដីភូមិនោះ ធំក្លិននំឈ្ងុយពេក ក៏នាំគ្នាមកឈរមើល។ មីងសោម ក៏ចាប់នំចែកអោយម្នាក់មួយ ឆីលេង។ គ្រាន់តែឆីបានម្នាក់មួយ នំក៏អស់។ កូនសេដី្ឋចង់ឆីថែមទៀត ក៏ទៅប្រាប់ចុងភៅ អោយធ្វើដែរ តែហាក់ដូចមិនឆ្ងាញ់ ដូចរបស់មីងសោមសោះ។ ដោយកូនយំរអុកពេក សេដី្ឋក៏ហៅ មីងសោម អោយទៅជួប ដើម្បីសុំទិញអំបែងយកទៅអោយចុងភៅធ្វើនំអោយកូន តែមីងសោមមិនព្រមលក់ឡើយ។

នៅពេលកំពុងនិយាយគ្នានោះ ស្រាប់តែមានអ្នកការម្នាក់ មកពីទីក្រុង នាំដំណឹងមកប្រាប់សេដ្ឋីថា ព្រះរាជាធ្វើដំណើរមកបោះពន្លា សម្រាកលេង កំសាន្តកាយ នៅតំបន់ក្បែរនោះ សូមអោយសេដ្ឋី លើកក្រយាទៅថ្វាយ។ សេដ្ឋីឮដូច្នេះ ក៏យកលេស អោយមីងសោម ធ្វើនំទៅថ្វាយស្តេច។ ប៉ុន្តែមីងសោម ប្រាប់ថា ផ្ទះគាត់អស់អង្ករហើយ។ សេដ្ឋី ក៏ចាត់អោយគេ យកអង្ករទៅអោយ។ មីងសោមក៏ប្រាប់ថែមទៀត គាត់ក៏អស់ដូងទុំពីដើមដែរ។ សេដ្ឋីក៏អោយគេកាប់ដូងយកទៅអោយទៀត។ មីងសោមបានទទួលហើយ ប្រាប់មកទៀតថា សូមអោយយកស្ករនិងអំបិលមកផង ព្រោះមីងសោមអត់មានទេ។ នៅគ្រានោះ មានបុរសម្នាក់ អង្គុយលើខ្នងសេះ ក្រោមដើមឈើ សម្លឹងមើលបាវបម្រើសេដ្ឋី ធ្វើតាមបង្គាប់សេដ្ឋី ចំណែកសេដ្ឋីក៏ធ្វើតាមបញ្ជាមីងសោម ក៏នឹកឆ្ងល់។ មាណពចុះពីលើខ្នងសេះ លួចចូលទៅសួរមីងសោម នៅក្នុងខ្ទម៖

– មីងហ្អា៎! ហើយមីងមានអំណាចអ្វីដែលនាំអោយ សេដ្ឋីស្តាប់បង្គាប់មីងដល់ម្លឹង?

មីងសោមក្រលេកឃើញមាណពសង្ហាភ្លាម ក៏សើចឡើងគ្រហាញ ឆ្លើយវឹងថា៖

– មីងអត់មានអំណាចអីផង! គឺអាអំបែងកំបែកនេះទេ ដែលមានអំណាចទាក់ទាញ អោយគេស្តាប់ខ្ញុំយ៉ាងនេះ! គាត់និយាយផង ចង្អុលទៅអំបែកកញ្ចាស់ ដែលគាត់យកដុតនោះនោះផង។

– មែនហ្អីមីង? អញ្ចឹង ខ្ញុំសុំទិញបានទេ ដើម្បីងាយស្រួល អោយពួកសេដ្ឋីៗស្តាប់ខ្ញុំគ្រប់គ្នា។

– អើហ៍! បើក្មួយឯងចង់បាន មីងចែកអំបែងបែកនេះ អោយឯង ម៉ាជ្រុងចុះ មីងសល់អំបែងកញ្ចាស់ នៅផ្ទះបាយពីរបីទៀត គ្រាន់នឹងប្រើដែរ។ ថាហើយ មីងក៏ហុចអំបែងអោយទៅបុរសនោះ។ បុរសនោះទទួលហើយ ក៏លាចេញទៅ។ មីងសោមក៏នាំកូនទាំងពីរ នាំគ្នាឈូសដូងកិនម្សៅធ្វើនំ បន្តទៀត។ មួយស្របក់ក្រោយមក នៅពេលមីងសោមចាក់នំបានមួយថាស ស្រាប់តែមានក្បួនហែព្រះរាជាបានមកដល់មុខផ្ទះ។ ព្រះរាជាយាងចុះពីទីនាំង ដោយមានបុរសដែលមីងសោម បានជួបពីថ្ងៃរសៀល ដើរអមផង។ ព្រះរាជាក៏ពោលទៅកាន់មីងសំថា ៖

– អាមាត្យបានប្រាប់យើងថា សូម្បីតែជាមួយអំបែងកំបែក ក៏មីងអាចធ្វើនំយ់ាងឆ្ងាញ់បានដែរ។ យើងឆ្ងល់ពេក ទើបយាងមកទតផ្ទាល់ភ្នែក ចង់ឃើញមីងធ្វើនំយ៉ាងម៉េច ជាមួយនឹងអំបែងកំបែក ហើយមានរសឆ្ងាញ់ ទើបចង់មកសាកនំផ្ទាល់មាត់ដែរ តើល្បីដូចគេថា ដែរឬទេ?

មីងសោមក៏ប្រញាប់ចាក់នំបង្ហាញ។ ស្តេចទតហើយ ក៏ទាញនំក្តៅៗពីក្នុងថា យកភ្លក្ស ស្រាប់តែបើកភ្នែកមូលក្រឡង់៖ គេល្បីថាឆ្ងាញ់ គឺពិតជាឆ្ងាញ់ប្រាកដមែន។

ដោយសារពេញចិត្តនឹងស្នាដៃមីងសោម ព្រះរាជាក៏ហៅមីងអោយទៅធ្វើជាចុងភៅ នៅរាជវាំង ដោយនាំកូនប្រុសកូនស្រី នៅជាមួយផង។ នៅពេលដែលមីងសោមនិងកូន ធ្វើដំណើរចេញទៅ កូនសេដ្ឋីទាំង៥នាក់ ព្រមទាំងក្រុមញាតិរបស់លោកសេដ្ឋី ក៏នាំគ្នាឈរមើលពីក្រោយ ដោយមិនអស់ចិត្ត។ កូនពៅរបស់លោកសេដ្ឋី ឈរអេះក្បាល ហើយរអ៊ូថា ៖

– យី! ខ្ញុំមិនទាន់បានភ្លក្សផង មីងសោមទៅបាត់ តើយើងធ្វើម៉េចទៅ នឹងបាននំអំបែងឆ្ងាញ់ យកមកឆីដែរ? បងប្រុសបង្អស់ឆ្លើយវឹងថា ៖យកឆ្នាំងបាយអ្នកម៉ែ វាយបំបែកមួយ ហើយយកទៅដុតនំទៅ ឆ្ងាញ់ដូចគ្នាហើយប្អូន។

លុះឃើញលោកសេដ្ឋី បញ្ជាអោយចុងភៅ វាយបំបែកឆ្នាំងដី ដើម្បីយកអំបែងមកធ្វើនំ តាមមីងសោម អ្នកស្រុកគ្រប់គ្នា ក៏តាំងនាំគ្នាឈូឆរ រើសអំបែងឆ្នាំងកំបែករបស់ខ្លួន ដែលខ្លួនបានគ្រវាត់ចោល នៅក្រោយផ្ទះ យកមកដុសលាង ទុកគ្រាន់នឹងប្រើវិញ នៅពេលណា គេចង់ឆីនំអំបែង។

មានគ្រួសារខ្លះទៀត ក៏នាំគ្នាសាកធ្វើនំនេះ ច្នៃតាមបែបផ្សេងៗទៀត យូរទៅកាន់ឆ្ងាញ់ឡើងៗ រហូតដល់ធ្វើដាក់ច្រែង កណ្តៀតដើរលក់ដូរ ពីដើមភូមិ ទៅចុងភូមិ ចែកគ្នាឆី យ៉ាងសប្បាយអ៊ូអរ ជាពិសេស នៅពេលមានបុណ្យទាន នៅក្នុងភូមិរបស់ខ្លួន ជាទម្លាប់ហូរហែ តរៀងមក៕

ចំណាំ៖ គួរឱ្យដឹងផងដែរថា  នៅភ្នំពេញការស្វែងរកនំអំបែងទទួលទានរាងពិបាកបន្តិចហើយ ​តែបើនៅស្រុកភូមិទីជនបទអាចរកបានដោយងាយហើយមានតម្លៃថ្លៃ។ ឯនៅភ្នំពេញ ​អ្នកអាចរកទិញនំនេះបាន នៅ ផ្ទះអ្នកបាត់ដំបង ​តែតម្លៃរាងថ្លៃបន្តិចហើយ ​ព្រោះ ១បន្ទះស្តើងតូច មានតម្លៃដល់ទៅ ​1$  ឯណោះ៕

36994420_1912084475496580_8025125695128600576_n

ដោយ៖​ អ្នកស្រី កែវ ច័ន្ទបូរណ៍

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក