ចង់ដឹងប្រពន្ធស្មោះ មើលពេលក្រីក្រ ចង់ដឹងប្ដីល្អ មើលពេលប្រពន្ធចាស់ ឬឈឺ

ពាក្យថាប្ដីប្រពន្ធ ទោះចាប់ផ្ដើមដោយស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ ក៏នៅតែអាចក្បត់ ហើយបោះបង់គ្នាចោលបានដែរ។

រកប្ដីប្រពន្ធល្អ ប្រហែលពិបាកណាស់ មនុស្សខ្លះ កាលនៅក្រ លំបាក ស្រឡាញ់គ្នា ស្មោះស្ម័គ្រ ចេះតស៊ូប្រឹងប្រែងជាមួយគ្នា តែដល់ពេលមានបានធូរធារ បែរជាបែកគំនិត ផិតក្បត់ កេងប្រវញ្ចគ្នាទៅវិញទៅមក ភ្លេចអស់កាលគ្រាក្រលំបាកជាមួយគ្នា។

Marianrivera_B_cOOrflYC3 1024x1024

ដូច្នេះហើយ ចង់ដឹងប្ដីល្អ ស្រឡាញ់យើងស្មោះ ជាមនុស្សដែលមិនក្បត់យើង ប្រហែលជាត្រូវចាំមើលដល់ពេលយើងចាស់ ឬឈឺហើយ ព្រោះបើគេជាមនុស្សដែលស្មោះត្រង់នឹងយើងពិតមែន គេនឹងមិនបោះបង់យើងចោលទេ មិនថាយើងប្រែទៅជាបែបណា រូបរាង សម្រស់ប្រែប្រួលបែបណាក៏គេនៅតែមើលឃើញយើងស្អាតជានិច្ច និងពេលដែលយើងឈឺ គឺគេជាប្ដីដែលល្អ នៅមើលថែ យកអាសារ ទឹកក្ដៅទឹកត្រជាក់ ជាអ្នកចាំផ្ដល់កម្លាំងចិត្តដល់យើងគ្រប់ពេលវេលា។

Marianrivera_B_cOOrgljwr 1024x1024

ចំណែកមនុស្សប្រុសវិញក៏ដូចគ្នាដែរ ចង់ដឹងថា ប្រពន្ធអ្នកល្អ ស្រលាញ់អ្នកស្មោះ ឬក៏អត់ គឺឱ្យមើលពេលដែលអ្នកក្រ គ្មានសល់អ្វី ពេលលំបាក ពេលបរាជ័យ ក៏មនុស្សស្រីម្នាក់នោះ នៅតែមិនបោះបង់ ឬទុកអ្នកចោល នាងជាមនុស្សដែលព្រមរួមសុខ រួមទុក្ខជាមួយអ្នករហូតទៅ មិនថាជួបបញ្ហា ការលំបាក ឧបសគ្គយ៉ាងណាទេ គឺពុះពារហែលឆ្លងទៅជាមួយគ្នា មិនរាថយ នេះហើយជាសញ្ញាបញ្ជាក់ថា ប្រពន្ធអ្នក ជាមនុស្សស្រីដែលស្មោះត្រង់ មានស្វាមីភក្តិចំពោះប្ដី៕

Marianrivera_B_cOOrhFdeW 1024x1024

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ