Sequoia Group និង Asian Vision Institute ប្រកាសបើកជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំ ដើម្បីប្រយោជន៍រួម៖ សហបង្កើតទស្សនវិស័យរួមគ្នា សម្រាប់ឆ្នាំ២០៥០

ភ្នំពេញ កម្ពុជា៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ - សម្ព័ន្ធក្រុមហ៊ុន Sequoia Group ដោយចាប់ដៃគូជាមួយ វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI), ឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP), Sustainability Institute, និង ក្លឹបសិង្ហបុរីនៅកម្ពុជា (SCC) មានមោទនភាពក្នុងការប្រកាសបើកជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ Himawari Hotel Apartments រាជធានីភ្នំពេញ។

ជំនួបកំពូលនេះផ្តោតលើមូលបទ «ស្រមៃដល់អនាគតកម្ពុជា ដោយសហបង្កើតទស្សនវិស័យរួម សម្រាប់ឆ្នាំ២០៥០» ដែលមានគោលបំណងប្រមូលភាគីពាក់ព័ន្ធនានាពីវិស័យសាធារណៈ ឯកជន និងពលរដ្ឋ ដើម្បីបញ្ចេញនូវមហិច្ឆតារួម សម្រាប់ប្រទេសកម្ពុជា និងធ្វើការដើម្បីឆ្ពោះទៅរកឥទ្ធិផលរួម។

ក្នុងពេលដែលកម្ពុជាកំពុងឆ្លងចូលយុគសម័យថ្មីមួយនៃភាពជាអ្នកដឹកនាំ និងការតាំងចិត្តដល់ការលូតលាស់ដោយធន់មាំ និរន្តរភាព ស្មើភាព និងវិបុលភាពរួមគ្នា ជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម ដើរតួនាទីជាវេទិកា សន្ទនា រៀនសូត្រ និងសហការគ្នា។ ជំនួបនេះមានបំណងបំផុសទឹកចិត្តដល់អ្នកដឹកនាំជំនាន់ថ្មីដែលមានមនសិការ និងតាំង ចិត្តចំពោះប្រយោជន៍រួមជាធំ ដែលអាចស្ទង់ដឹងពីភាពសាំញុំានៃការផ្លាស់ប្តូរដោយប្រែប្រួល ហើយនាំឱ្យមានការវិវឌ្ឍន៍រួមគ្នា។

កម្មវិធីរយៈពេល ២ថ្ងៃនេះ នឹងរួមមានសុន្ទរកថាសំខាន់ៗ កិច្ចពិភាក្សាជាក្រុម និងវគ្គសហការជាក្រុម ដែលសម្របសម្រួលដោយ អ្នកដឹកនាំ និងអ្នកជំនាញលេចធ្លោពីវិស័យផ្សេងៗ។ ជំនួបកំពូលនេះក៏នឹងផ្តល់វេទិកាដល់អ្នកដឹកនាំវ័យក្មេងឱ្យបាន ណែនាំពីដំណោះស្រាយ ដែលមានឥទ្ធិផលរួម ហើយយកលំនាំតាមទស្សនវិស័យឆ្នាំ២០៥០ របស់កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ។

Good Submit

«ជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម បង្កើតឡើងដើម្បីប្រមូលអ្នកដឹកនាំដែលមានគោលដៅពីប្រទេសកម្ពុជា និងសិង្ហបុរី ដើម្បីជំរុញឱ្យមានការរៀនសូត្រទៅវិញទៅមក និងរួមគ្នាស្វែងរកធាតុដែលចាំបាច់ ដើម្បីបណ្តុះនូវ ភាពជាអ្នកដឹកនាំល្អ ពោលគឺអ្នកដឹកនាំដែលមានមនសិការ និងតាំងចិត្តក្នុងការកសាងសង្គមមួយដែលបង្កើតនូវវិបុលភាព រួមគ្នា សុខុមាលភាព និងការលូតលាស់សម្រាប់ទាំងអស់គ្នា» នេះបើយោងតាមលោកស្រី Jacqueline Wong នាយកចាត់ចែង និងជា ស្ថាបនិករបស់សម្ព័ន្ធក្រុមហ៊ុន Sequoia Group។

លោក Tan Shang How ជាអគ្គនាយកប្រតិបត្តិរបស់សម្ព័ន្ធក្រុមហ៊ុន Sequoia Group និងនាយកប្រតិបត្តិរបស់ Sustainability Institute បានបន្ថែមថា៖ «ហេតុដូច្នេះហើយបានជាយើងចាំបាច់បង្កើតកន្លែងមួយដែលអាចឱ្យ អ្នកដឹកនាំពីសិង្ហបុរី និងកម្ពុជាបានចែករំលែកចំណេះដឹង និងការអនុវត្តគំរូៗ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីប្រយោជន៍រួម។ ការដោះដូរបែបនេះនឹងជំរុញឱ្យមាន ការគោរពគ្នាទៅវិញទៅមក ហើយពង្រឹងនូវ ការកសាងសម្ព័ន្ធភាពឱ្យកាន់តែរឹងមាំ រវាងសហគមន៍របស់យើងទាំងសងខាង»។

អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោកស្រី Teo Lay Cheng ក៏បានកត់សម្គាល់ដែរថា៖ «ជំនួបកំពូលបែបនេះជួយជំរុញ ដល់ភាពជាដៃគូឱ្យកាន់តែខ្លាំង ក្នុងចំណោមស្ថាប័នកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រដល់ទស្សនវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលលើមធ្យម ត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។»

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (Asian Vision Institute) បានចែករំលែកថា៖​ «ការជួបជុំរបស់អ្នកដឹកនាំដូចនេះ នឹងអាចបង្កលក្ខណៈដល់កម្ពុជា ឱ្យក្លាយជាសង្គមមួយដែលយកចំណេះដឹងជាមូលដ្ឋាន នាំមុខដោយបចេ្ចកវិទ្យា និង ពង្រឹងអំណាចដោយនវានុវត្តភាព។»

លោក ឈត ឆរ៉ាវុធ នាយកគ្រប់គ្រង នៃឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) បានបញ្ចេញអារម្មណ៍ថា៖ «យើងជឿជាក់ថាជំនួបកំពូលនេះនឹងលើកកម្ពស់ដល់យុវជន ឱ្យបង្កើតការផ្លាស់ប្តូរដល់ប្រទេសកម្ពុជា តាមរយៈនវានុវត្តភាពសង្គម កិច្ចសហការឆ្លងវិស័យ និងភាពជាពហុភាគីពាក់ព័ន្ធ។»

«យើងខ្ញុំមានក្តីសោមនស្ស ដែលបានធ្វើជាដៃគូសម្រាប់ «ជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម» ដោយសារព្រឹត្តិការណ៍នេះទាក់ទងនឹងការប្រើនូវសក្តានុពលរួម ដើម្បីផ្តល់ឥទ្ធិផលវិជ្ជមានដល់កម្ពុជា។ យើងខ្ញុំអាចបំផុស ទឹកចិត្តដល់អ្នកដទៃ ជំរុញកិច្ចសហការ និងបង្កើតនូវការផ្លាស់ប្តូរដ៏មានអត្ថន័យ តាមរយៈការប្រកាន់ខ្ជាប់នូវក្តីករុណា ការយល់អារម្មណ៍ និងសុចរិតភាព។ ដល់ពេលហើយដែលយើងត្រូវក្រោកឡើង ដើម្បីដឹកនាំដោយមានគោលដៅ​ ហើយបង្កើតការផ្លាស់ប្តូរដ៏ស្ថិតស្ថេរ ក្នុងសហគមន៍របស់យើង» នេះបើតាមការលើកឡើងរបស់ប្រធានក្លឹបសិង្ហបុរីនៅកម្ពុជា (SCC) លោក Andrew Tay ។

ដោយសារមានការឆ្លើយតបច្រើនហួសប្រមាណ ហើយលទ្ធភាពមានកំណត់ ការចុះឈ្មោះសម្រាប់ជំនួបកំពូលនេះបានបិទបញ្ចប់រួចហើយ។ ទន្ទឹមនឹងគ្នានេះ លោកអ្នកនៅអាចចុះឈ្មោះ ចូលរួមកម្មវិធីសាងបណ្តាញ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Himawari Hotel Apartment នៅថ្ងៃទី០៨ ខែវិច្ឆិកា វេលាម៉ោង ៦ល្ងាច តាមរយៈតំណភ្ជាប់៖ bit.ly/LFGcocktail

យើងខ្ញុំសូមអញ្ជើញសហការីផ្នែកសារព័ត៌មានមកចូលរួមនៅជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម និងដើម្បីរាយការណ៍ពីព្រឹត្តិការណ៍នេះ។ វត្តមានរបស់លោកអ្នកនឹងជួយបំពងសម្លេងរបស់អ្នកដឹកនាំ និងអ្នកចូលរួមយើង ហើយក៏ចែករំលែកនូវទស្សនវិស័យដែលបំផុសទឹកចិត្ត និងគំនិតពេញដោយនវានុវត្តភាព ជាមួយមហាជនឱ្យបានកាន់តែច្រើនដែរ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីជំនួបកំពូលស្តីពីភាពជាអ្នកដឹកនាំដើម្បីប្រយោជន៍រួម សូមចូលទៅកាន់៖ bit.ly/LFGKH

អំពី សម្ព័ន្ធក្រុមហ៊ុន Sequoia Group និង Sustainability Institute

បង្កើតឡើងនៅឆ្នាំ២០២១ សម្ព័ន្ធក្រុមហ៊ុ​ន Sequoia Group ជាក្រុមហ៊ុនប្រឹក្សាផ្នែកគ្រប់គ្រង ទៅលើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍស្ថាប័ន។ រីឯ Sustainability Institute ដែលត្រូវបានបង្កើតដោយ Sequoia ផ្សារភ្ជាប់កម្មវិធីអភិវឌ្ឍស្ថាប័នទៅនឹងនិរន្តរភាព។

អំពី វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (Asian Vision Institute)

វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ជាក្រុមប្រឹក្សាយោបល់ឯករាជ្យមួយ ដែលផ្តោតទៅលើការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការសហបង្កើតចំណេះដឹង និងភាពជាដៃគូពហុភាគី។

អំពី ឧទ្យាននវានុវត្តន៍សង្គមអង្គរ (Angkor Social Innovation Park)

ឧទ្យាននវានុវត្តន៍សង្គមអង្គរ ជាសហគ្រាសសង្គមមួយដែលជាបុត្រសម្ព័ន្ធរបស់ វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ។ ASIP មានបំណងក្នុងការអភិវឌ្ឍចំណេះដឹង លើនវានុវត្តភាពសង្គម និងផ្តល់នូវដំណោះស្រាយប្រកបដោយ និរន្តរភាព និងនវានុវត្តភាព ដល់សហគ្រាសក្នុងស្រុកនៅកម្ពុជា។ ASIP ត្រូវបានបង្កើតឡើងក្នុងគ្រាដ៏លំបាក និង ស្រពេចស្រពិល ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

អំពី ក្លឹបសិង្ហបុរីនៅកម្ពុជា (Singapore Club Cambodia (SCC))

ក្លឹបសិង្ហបុរីនៅកម្ពុជា ជាអង្គភាពមិនរកប្រាក់ចំណេញមួយ ដែលលើកកម្ពស់ និងគាំទ្រដល់ពលរដ្ឋសិង្ហបុរី និងក្រុមគ្រួសាររបស់ពួកគែ ដែលរស់នៅប្រទេសកម្ពុជា។ SCC ជំរុញឱ្យមានការលូតលាស់ផ្នែកសេដ្ឋកិច្ច និងពង្រឹងចំណងទ្វេភាគី រវាងប្រទេសសិង្ហបុរី និងកម្ពុជា តាមរយៈការសម្របសម្រួលកាឡានុវត្តភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ។