លោកគ្រូ ឃីម សុខហេង ៖ យុវជនចង់មានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ កិត្តិយសល្អចាំបាច់ត្រូវមានបំណិនជីវិត

ភ្នំពេញ - មនុស្សជាច្រើនតែប្រាថ្នាចង់បានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ ចង់បានជីវិតរឹងមាំ ចង់បានជីវិតមានលុយច្រើន ចង់មានការងារល្អខ្ពង់ខ្ពស់ គឺចាំបាច់ត្រូវការបំណិនជីវិត។ ទន្ទឹមគ្នានេះ បំណិនជីវិតគឺជាភាពប៉ិនប្រសប់ដែលតំណាងឱ្យទេពកោសល្យរបស់មនុស្សម្នាក់ៗហើយកើតចេញពីការរៀនសូត្រនៃវ័យនីមួយៗរួចបង្កើតទៅជាការអនុវត្តជាក់ស្ដែងក្នុងការយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រសិទ្ធផល ការសិក្សា ការងារ និងសង្គម។

Photo_2024 02 06_11 39 27

នៅក្នុងវេទិកាបំណិនជីវិត ប្រធានបទ «ទីពឹងជីវិត» ដែលធ្វើ ឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ លោក ឃីម សុខហេង ស្ថាបនិក វិទ្យាស្ថាន សិក្សា ដើម្បី ជោគជ័យ (LSI) មានប្រសាសន៍ថា មនុស្សជាច្រើនមិនអាចជោគជ័យបានដោយសារបង្អាក់គោលដៅកណ្ដាលទី មកពីគិតខ្លាចលំបាក និងមិនហ៊ានដើរផ្លូវវែងឆ្ងាយ។

តើអ្វីទៅជាទីពឹងជីវិត? តើជីវិតពឹងផ្អែកលើកត្តាអ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ លោក ឃីម សុខហេង បញ្ជាក់ថា ទីពឹងជីវិត គឺជាជន់ទល់នៃដំណើរជីវិតដ៏រឹងមាំ ដែលយើងម្នាក់ៗត្រូវមាន នោះគឺ សុខភាពល្អ ចំណេះដឹង សមត្ថភាព ជំនាញ អាជីព និងបំណិនជីវិត ។ ទន្ទឹមគ្នានេះ នៅពេលដែលយុវជនដឹងថាខ្លួនចូលចិត្តអ្វី? ពូកែអ្វី? យើងជាអ្នករុញគាត់ទៅដើម្បីឱ្យយុវជន យុវនារីទាំងឡាយ សម្រួចការផ្ដោតរបស់ខ្លួនទៅផលិតបានអ្វីមួយដែលយើងហៅថាជាស្នាដៃ ឬជាផលិតភាពការងារខ្ពស់។

លោក ឃីម សុខហេង ស្ថាបនិក វិទ្យាស្ថាន សិក្សា ដើម្បី ជោគជ័យ (LSI)

“ខ្ញុំរំភើបហើយរីករាយសប្បាយចិត្រចង់ឃើញប្អូនៗជាយុវជន យុវនារីជំនាន់ក្រោយ ក្លាយទៅជាទំពាំងស្នងឬស្សីពិតប្រាកដនៅក្នុងប្រទេសកម្ពុជាយើង ជាពលរដ្ឋល្អហើយមិនមែនតែជាពលរដ្ឋល្អសម្រាប់តែប្រទេសកម្ពុជាយើងទេ គឺជាពលរដ្ឋសាកលដ៏ល្អដែលចេញពីកម្ពុជាទៅ”

យុវតី ខុន ម៉ាណែត ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលាប បាននិយាយថា ការកសាងកេរ្តិ៍ឈ្មោះពិតជាសំខាន់ក្នុងការជួយឱ្យយុវជនមានជីវិតខ្ពង់ខ្ពស់ស្កឹមស្កៃ រឹងមាំ និងកិត្តិយសល្អ ព្រោះប្រសិនបើមនុស្សមានចំណេះដឹង របៀបរស់នៅ ឬអាកប្បកិរិយាផ្សេងៗទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនោះនឹងនាំឱ្យអាប់ឱនកេរ្តិ៍ឈ្មោះមិនខាន។ ម៉ាណែត បន្តថា សម្រាប់ខ្លួនជាសិស្សានុសិស្សទង្វើដែលមិនគួរប្រព្រឹត្ត មានដូចជា ការសេពគ្រឿងញៀន ការកេងប្រវ័ញ្ចឆបោក និងការបោះបង់ចោលការសិក្សា។

Photo_2024 02 06_11 39 31

ជាមួយគ្នានេះ យុវសិស្ស សំអុន ធាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលាប បញ្ជាក់បន្ថែមថា រូបនាងផ្ទាល់មានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ និងបានជួបវាគ្មិនដែលមានបទពិសោធន៍ល្អ ។ លើសពីនេះ ធាវី ក៏បានដឹងអំពីក្ដីរំពឹងជីវិតជាច្រើន រួមមាន ចំណេះដឹង ការតស៊ូព្យាយាម សុជីវធម៌ សីលធម៌ និងគុណធម៌ និងភាពស្មោះត្រង់ ដែលរួមចំណែកឱ្យជីវិតជោគជ័យ និងមានអនាគតភ្លឺស្វាង។

យុវសិស្ស សំអុន ធាវី ក៏បានលើកទឹកចិត្តដល់យុវជន និងសិស្សានុសិស្សដទៃទៀតមានឱកាសចូលរួមក្នុងវេទិកាបំណិនជីវិតនេះ ដើម្បីទទួលបានចំណេះដឹងថ្មីៗតាមរយៈវាគ្មិនដ៏ពូកែរៗនៅក្នុងប្រទេសកម្ពុជា ដើម្បីជាពុទ្ធិក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង អកប្បកិរិយា និងមានបំណិនជីវិត៕