ខេត្តកែប៖ កែប គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ ២០០៨ និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាយើង។ ក្រៅពីមានសមុទ្រដ៏ស្រស់ស្អាត ខេត្តកែបមានកន្លែងកម្សាន្តពិសេសៗជាច្រើនទៀត ដែលអ្នកខ្លះប្រហែលជាមិនស្គាល់ ឬទៅមិនទាន់ដល់ ដូចជាឧទ្យានកែប ជាពិសេសគឺកន្លែងពិសេសបើកថ្មីនោះគឹ « សួនមេអំបៅ»។
សួនមេអំបៅ ត្រូវបានគេដឹងថាស្ថិតនៅជើងភ្នំនៃឧទ្យានជាតិកែប ចម្ងាយប្រមាណជា ៤ គីឡូម៉ែតពីវិមានឯករាជ្យកែប ដោយធ្វើដំណើរតាមផ្លូវតូចមួយអមទៅដោយចំការ ព្រៃ និងផ្ទះប្រជាជនចាស់ៗ ដែលជាទីតាំងសួនមេអំបៅ មានចិញ្ចឹមមេអំបៅយ៉ាងច្រើនប្រភេទ និង មានពណ៍ចម្រុះស្រស់ស្អាតអមនឹងដើមផ្កាតូចធំគ្រប់ពណ៌គួរឱ្យចង់គយគន់ផងដែរ។ ដោយការចូលទៅលេងសួនមេអំបៅអ្នកដែលចូលកម្សាន្តត្រូវបង់ថ្លៃម្នាក់ត្រឹមតែ ២០០០រៀលតែប៉ុណ្ណោះ លោកអ្នកនឹងអាចទទួលអារម្មណ៍ប្លែកថ្មីជាមួយនឹងមេអំបៅស្រស់ៗស្អាត និងអាចថតរូបកម្សាន្តមួយសប្បាយទឿតផង។
គួរឱ្យដឹងផងដែរថា ដើម្បីទៅដល់ សួនមេអំបៅ អ្នកត្រូវធ្វើដំណើរចេញពីវិមានឯករាជ្រខេត្តកែបត្រង់សំដៅមកខាងទិសខាងលិច សំដៅមកឧទ្យានជាតិកែប ហើយពេលមកដល់ផ្លូវភ្លោះអ្នកនឹងឃើញផ្លាកតូចមួយដាក់ថា « សួនមេអំបៅ-Kep Butterfly Garden» បន្ទាប់មកអ្នកគ្រាន់តែធ្វើដំណើរបន្តប្រមាណជា 300ម៉ែត្រ បត់ឆ្វេង អ្នកនឹងទៅដល់សួននោះតែម្តង៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖ Pu Smey