អរគុណដែលចូលមកក្នុងជីវិតខ្ញុំ គ្រប់ទង្វើដែលអ្នកធ្វើ ខ្ញុំនឹងចងចាំមួយជីវិត

ធ្លាប់គិតថា ចង់បានស្នេហាមួយដែលស្មោះត្រង់ ចង់មានជីវិតរួមគ្នា ធ្វើដំណើររួមគ្នាលើផ្លូវជីវិតតែមួយរហូតដល់ចាស់ស្លាប់រៀងខ្លួន មិនចង់បែកបាក់ស្នេហា ម្ដងហើយម្ដងទៀត ក៏មិនចង់ផ្លាស់ប្ដូរដៃគូស្នេហា ឬសង្សារពីរបីក្នុងជីវិតឡើយ ប៉ុន្តែអ្វីៗគ្រប់យ៉ាង បានត្រឹមគិតស្រមៃតែម្នាក់ឯងប៉ុណ្ណេាះ។

ដូចពាក្យគេថា ស្នេហា ល្អល្អូកល្អើនបានតែដំបូង ក្រោយៗមកទៀតវាក៏ចាប់ផ្ដើមជិនណាយ រសាយចិត្ត ពេលបានជួបអ្នកថ្មីក្រោយៗ ក៏ចាប់ផ្ដើមប្រែប្រួលពីអ្នកចាស់ ធ្លាប់គិតថា ចិត្តស្មោះ ក្ដីស្រឡាញ់ពិត មិនអាចកែប្រែផ្លាស់ប្ដូរបានទេ តែពេលនេះគឺច្បាស់ហើយថា ការពិតគឺ ចិត្តមនុស្សរមែងផ្លាស់ប្ដូរទៅតាមពេលវេលាពិតមែន។

ដាក់ចិត្តស្រឡាញ់ ផ្ដល់ពេលវេលា ចង់ចំណាយពេលដើម្បីគ្នា ចង់មានអនាគតជាមួយគ្នា តែគ្រប់យ៉ាង គឺយើងគិត និងចង់បានតែម្នាក់ឯង។ ខ្ញុំដឹងថា អ្នកល្អណាស់ជាមួយខ្ញុំ យកចិត្តទុកដាក់ មើលថែ ការពារ តែនោះវាគ្រាន់តែជាការចាប់ផ្ដើមដំបូងប៉ុណ្ណេាះ វាគ្រាន់តែជាអតីតកាលតែប៉ុណ្ណេាះ។

អ្នកដូចមនុស្សពីរនាក់ផ្សេងគ្នា ស្គាល់ដំបូងអ្នកពិតជាល្អ រហូតដល់ពេលនេះ អ្នកក៏ក្លាយជាមនុស្សម្នាក់ផ្សេងទៀត ជាមនុស្សដែលខ្ញុំស្មានមិនដល់។ ប៉ុន្តែ មិនថាអ្នកក្លាយទៅជាមនុស្សបែបណាទេ ខ្ញុំក៏នៅតែចងចាំអ្នកជានិច្ច ចងចាំគ្រប់ទង្វើរបស់អ្នកនៅក្នុងចិត្ត ចងចាំថា អ្នកជាមនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់ខ្លាំង រហូតដល់ក្លាយជាមនុស្សដែលខ្ញុំស្អប់ខ្លាំងដូចគ្នា៕

67442967_2360509030696918_3499123960723800064_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole