មនុស្សស្រីខ្លះគិតខុស ព្រោះតែចង់ឃាត់ប្ដី ខ្លាចប្ដីមានស្រី ពេលថ្ងៃសុខចិត្តធ្វើកញ្ចះ ពេលយប់សុខចិត្តធ្វើខ្លួនដូចស្រីខូច

ក្នុងអត្ថបទមួយនេះ វាប្រហែលជាអានទៅ វាហាក់ដូចជាអាក្រក់ស្ដាប់បន្តិចហើយ ហើយក៏សុំទោស ចំពោះការប្រើពាក្យពេចន៍ដែលន័យត្រង់ខ្លាំងពេក តែការលើកឡើងនេះ ខ្ញុំដកស្រង់ពីឃ្លារបស់បងស្រីម្នាក់ ដែលគាត់បានសរសេរមកថា ក្នុងនាមជាប្រពន្ធម្នាក់ អ្នកត្រូវតែ ៖

- នៅផ្ទះ ដាំស្ល មើលកូន ឬធ្វើការ ធ្វើជាស្ត្រីមេផ្ទះដ៏ល្អ!

- ចេញក្រៅ ជួបគេទៅណាមកណា ត្រូវចេះតែងខ្លួន ឱ្យសក្តិសមជាអ្នកស្រី លោកស្រី ជាជំទាវរបសប្ដី!

- ពេលឡើងគ្រែគេង កុំសុភាពកុំធ្វើជាស្រីគ្រប់ល័ក្ខ ត្រូវចាត់ទុកថាខ្លួនឯងជាស្រីខូចរាល់យប់ ពេលឡើងគ្រែជាមួយប្ដី!

គាត់ថា គាត់ផ្ញើប៉ុន្មានឃ្លានេះ ជូនបងៗប្អូនៗស្រីៗ បើឱ្យប្ដីមិនគ្រប់គ្រាន់ទេ ប្ដីប្រាកដជាចេញទៅក្រៅរកស្រីក្រៅហើយ!

169523261_308924950603016_175500191345349619_n

ប៉ុន្តែជាក់ស្ដែង បើយើងគិតមកវិញមួយផ្នែកទៀត អ្វីដែលគាត់បានលើកឡើង វាពិតជាគួរឱ្យសង្វេគចំពោះស្ត្រី ដែលគ្រប់គ្នាតែងតែឱ្យតម្លៃជាមាតានៃពិភពលោក ចុះហេតុអ្វី ដែលត្រូវធ្វើខ្លួនដល់ថ្នាក់នេះ ដើម្បីតែឃាត់ចិត្តប្ដីម្នាក់ទៅវិញ? វិធីដើម្បីយកចិត្ត និងចងចិត្តប្ដី គឺមានច្រើនណាស់ តែមិនគួរជាវិធីអស់ទាំងនេះនោះឡើយ។ ហើយប្រសិនបើស្វាមីរបស់អ្នកពិតជាស្រឡាញ់អ្នក ស្មោះចំពោះអ្នកមែន គាត់ច្បាស់ជាមិនអាចព្រោះតែការបន្ទាបតម្លៃរបស់ប្រពន្ធបែបនេះ ទើបព្រមនោះជាមួយប្រពន្ធនោះឡើយ។ តែផ្ទុយទៅវិញ មិនថាអ្នកជាភរិយាបែបណា ក៏គាត់នៅតែអាចទទួលយកបាន ដរាបណាអ្នកមានចំណុចពិសេសអស្ចារ្យជាងការដែលអ្នកធ្វើជាស្រីបម្រើ ឬជាស្រីខូចដើម្បីតែផ្គាប់ចិត្តគាត់។

172152984_308659747296203_3065155380625163394_n

ជាការពិតណាស់ ក្នុងនាមជាឧត្តមភរិយាម្នាក់ អ្នកត្រូវតែមានការគោរព និងប្រតិបត្តិចំពោះស្វាមី ប្រសិនបើស្វាមីរបស់អ្នកជាបុរសដ៏ល្អពិតប្រាកដ ប៉ុន្តែ អ្នកក៏ត្រូវតែគោរ និងឱ្យតម្លៃដល់នាមជាឧត្តមភរិយា ហើយក៏ជាម្ដាយរបស់កូនៗម្នាក់ ដូច្នេះ តម្លៃរបស់អ្នក តំណែងរបស់អ្នកក៏ត្រូវតែស្មើនឹងស្វាមីផងដែរ។

- ការធ្វើកិច្ចការងារផ្ទះ ច្បាស់ណាស់ក្នុងនាមជាស្ត្រី ជាប្រពន្ធអ្នកត្រូវធ្វើ តែលុះត្រាស្វាមីរបស់អ្នក ជាមេគ្រួសារ ជាបង្គោលរបស់គ្រួសារ ធ្វើការរកលុយចូលក្នុងផ្ទះ ហើយឱ្យអ្នកជាអ្នកទុកដាក់ រៀបចំ។

- រឿងឡើងគ្រែ ឬលើគ្រែ វាមិនមែនជារឿងដែលអ្នកត្រូវធ្វើ រហូតដល់ថ្នាក់បំពេញតណ្ហារបស់ស្វាមី បែរជាបន្ទាបតម្លៃខ្លួនឯង ធ្វើរឿងទាំងនេះដូចស្រីខូចនោះឡើយ ព្រោះអ្នកជាប្រពន្ធ រៀបការពេញច្បាប់ ក្រាបក្បាលដល់កន្ទេល មេបា ញាតិមិត្តដឹងឮ។

មនុស្សប្រុស ដែលគោរពឱ្យតម្លៃប្រពន្ធ មិនក្បត់ ឬទៅមានស្រី មិនមែនព្រោះតែប្រពន្ធចេះគាប់បម្រើ ឬធ្វើខ្លួនបំពេញចំណង់តណ្ហាគ្រប់គ្រាន់ឱ្យខ្លួននោះឡើយ។ ប៉ុន្តែ បុរសនឹងគោរពភរិយាបំផុត នៅពេលដែលភរិយា គឺជាភរិយាដ៏ថ្លៃថ្នូរ ជាគម្រូដ៏ប្រសើររបស់កូនៗ ជាកូនប្រសារដែលមានភាពកត្តញ្ញូ ក៏ជាដៃគូរួមគិត រួមគំនិត ផ្ដល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងស្វាមី ក្នុងការបំពេញកិច្ចការងារទាំងពួង ជួយឱ្យស្វាមីមានមុខមាត់ក្នុងសង្គម ទទួយលបានជោគជ័យក្នុងការងារទាំងឡាយ។

168690406_305160614312783_7944775843102855017_n

ដូច្នេះ ស្ត្រីទាំងអស់ កុំព្រោះតែខ្លាចប្ដីមានស្រីខាងក្រៅ​ បែរជាសុខចិត្តធ្វើជាកញ្ចះ ធ្វើជាជ្រូកមាន់ទា គោក្របី ឱ្យគេបញ្ជាបានតាមចិត្ត ឬជាស្រីកំដរអារម្មណ៍ឱ្យសោះ អ្នកខ្ពង់ខ្ពស់ ស្វាមីក៏គោរព ឱ្យតម្លៃ ហើយថែមទាំងខ្លាចរអាចំពោះអ្នកទៀតផង។ អ្វីដែលរឹតតែសំខាន់ បើអ្នកមានតម្លៃគ្រប់គ្រាន់ គេប្រាកដជាខ្លាចបាត់បង់អ្នក ហើយបើគេជាប្ដីល្អ ស្រឡាញ់ និងស្មោះចំពោះអ្នក គេគ្មានថ្ងៃនឹងទៅក្បត់អ្នក ឬមានស្រីខាងក្រៅនោះឡើយ ដូច្នេះហើយ​ ត្រូវឱ្យតម្លៃខ្លួនឯងជាមុនសិន មុននឹងបន្ទាបខ្លួនធ្វើជាស្រីបម្រើ ឬស្រីខូចកំដរអារម្មណ៍ ដើម្បីចង់ឃាត់ឃាំង ឬចងចិត្តប្ដីរបស់អ្នក៕

171467050_308896627272515_8526259076425337414_n

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖